ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីត The Voice ជាតិ សុច្ចកា ផ្លាស់១០០ដឺក្រេ ក្រោយចប់ខួបកំណើត

មុនធ្វើខួបកំណើតជាទ្រង់ទ្រាយធំកាលពីថ្ងៃទី១ តុលា ឆ្នាំ២០១៧ គម្រប់វ័យ១៨ឆ្នាំ គេកត់សម្គាល់ថា អតីតបេក្ខភាពTheVoice Cambodia រដូវកាលទី២ កញ្ញា ជាតិ សុច្ចកា ហាក់មិនសូវស្ថិតក្នុងការចាប់អារម្មណ៍ក្នុងក្រសែភ្នែកមហាជនប៉ុន្មានទេ។ ប៉ុន្តែឈានដល់ដើមឆ្នាំ២០១៨នេះ នាងត្រូវគេចាប់អារម្មណ៍ទាំងការងារសិល្ប: និងជីវិតឯកជន ជាពិសេសបន្ទាប់ពីនាងស្រាប់តែមានលទ្ធភាពដូររថយន្តទំនើបក្នុងប៉ុន្មានថ្ងៃមុននេះ ក្រោយពីបញ្ចប់ខួបកំណើតហ៊ឹកហ៊ាក់ និងទើបធ្វើពិធីឡើងផ្ទះអស់រាប់ម៉ឺនដុល្លារកាលពីចុងឆ្នាំ២០១៧។
គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលតារាចម្រៀងវ័យ១៨ឆ្នាំ កញ្ញា ជាតិ សុច្ចកា ស្រាប់តែប្រែប្រួលមិនខុសពី១០០ដឺក្រេ ទាំងរូបសម្រស់ និងឡូយឆាយ ចាប់តាំងពីធ្វើឲ្យម្នាក់ៗចាប់អារម្មណ៍ជាមួយនឹងពិធីខួបកំណើតជាទ្រង់ទ្រាយធំកាលពីខែតុលា។ កញ្ញាត្រូវគេទម្លាយថាទើបតែប្ដូររថយន្ត High Lander 05 ពណ៌ស យ៉ាងកាលីបកាលពីចុងខែធ្នូមុននេះ ក្នុងពេលដែលនាងទើបតែត្រូវគេដឹងថាបានចំណាយអស់រាប់ម៉ឺនដុល្លារធ្វើពិធីឡើងផ្ទះនៅខេត្តកំពង់ចាម ក្រោយខួបកំណើតក្ដៅៗ។

អ្នករួមអាជីពចម្រៀងជាមួយនាងនៅភោជនីយដ្ឋានវីហ្វ្រេនជាមួយនាងសុទ្ធតែបង្ហាញពីការភ្ញាក់ផ្អើល ក្នុងពេលដែលនាងស្រាប់តែឡើងកូដដូចផ្លេកបន្ទោរ បើធៀបនឹងពេលដែលនាងបង្ហាញខ្លួនក្នុងអាជីពចម្រៀងតាមរយ:ការប្រលងកម្មវិធី The Voice Cambodia កាលពីរដូវកាលទី២ថ្មីៗ។ ផ្ទះរបស់នាងដែលកាលពីមុនគ្រាន់តែជាផ្ទះសាមញ្ញ ត្រូវគេអះអាងថាត្រូវបានសង់ថ្មីអស់មិនក្រោម៥ម៉ឺនដុល្លារ និងត្រូវបានធ្វើពិធីឡើងផ្ទះមិនចាញ់ពិធីឡើងផ្ទះរបស់គ្រួសារស្ដុកស្ដម្ភ រហូតធ្វើឲ្យអ្នកខេត្តកំពង់ចាមលាន់មាត់។ មនុស្សមួយចំនួនបានហៅការប្រែប្រួលរបស់នាង ថាជាចំហាយនៃភាពល្បីល្បាញរបស់នាង ដែលចង់សំដៅថាបណ្ដាលមកពីនាងមានអ្នកតាមស្រឡាញ់ច្រើនឡើង ក្រោយពីទីផ្សារសិល្ប:ឈានឡើង ប៉ុន្តែតារាស្រីរូបនេះបានបដិសេធ។

ជាតិ សុច្ចកា និយាយថា អ្វីដែលធ្វើជីវិតរបស់នាងប្រែប្រួលចុងក្រោយ មិនមែនជាការបោះនុយរបស់បុរសទ្រព្យស្ដុកណាម្នាក់ ដូចអ្វីដែលគេធ្លាប់បានប៉ាន់ស្មានមកលើតារាសិល្ប:នោះទេ ប៉ុន្តែគឺជាបានពីការជ្រោមជ្រែងរបស់ឪពុកម្ដាយរបស់នាងប៉ុណ្ណោះ ដោយសារតែគ្រួសាររបស់នាងគឺជាអ្នកមានមុខមាត់ធំម្នាក់នៅខេត្តកំពង់ចាម និងស្រុកស្គន់។ នាងថា ឪពុករបស់នាងគឺជាមេឃុំ ហើយក៏ជាអ្នកជំនួញប្រចាំនៅខេត្តកំពង់ចាមផងដែរ ប៉ុន្តែបណ្ដាលមកពីពេលកន្លងមកនាងនៅក្មេង ហើយមិនទាន់រឹងមាំនៅក្នុងអាជីពចម្រៀង ទើបឪពុករបស់នាងមិនទាន់រំលេចឲ្យនាងនូវភាពហ៊ឺហ៊ា។ កញ្ញាថាទាំងការងារ និងមុខជំនួញ គឺគ្រួសាររបស់នាងមានការប្រឡូកព្រមគ្នា អ៊ីចឹងហើយទើបនាងមានលទ្ធភាពទាំងធ្វើខួបកំណើតធំដុំ ទាំងការសាងសង់ផ្ទះធំដុំនៅខេត្តកំពង់ចាម ដោយរាប់បញ្ចូលទាំងផ្លាស់ប្ដូររថយន្តទំនើបចុងក្រោយនេះផង។

យ៉ាងណាមិញ នាងថារថយន្តដែលទើបតែប្ដូរកាលពីចុងខែធ្នូមុននេះ គឺមានលុយសន្សំរបស់នាងចំនួន៤០ភាគរយផងដែរ បើទោះជាការរកលុយរបស់នាងរាល់ថ្ងៃ គឺមិនមានបន្ទុករឿងទំនុកបម្រុងគ្រួសារ ដែលងាយនឹងធ្វើឲ្យនាងងាយស្រួលសន្សំលុយបានច្រើនយ៉ាងងាយពីការងារច្រៀងរាំ។ នាងថាក្នុងឆ្នាំ២០១៨នេះ នាងនឹងបង្ហាញមុខឡើងឆាកទូរទស្សន៍ឲ្យបានច្រើន ខណ:ដែលនាងក៏នឹងឈោងចាប់ការងារផលិតចម្រៀង ឬចូលផលិតកម្មស្របគ្នាផងដែរ ដោយសារតែនាងយល់ថាគឺសមស្របហើយ បន្ទាប់ពីនាងក៏មានលទ្ធភាពហ៊ឺហារលែងភ័យរឿងមិនចុះចំណោមនៅក្នុងសិល្ប:នោះ៕

មតិយោបល់