ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ ស៊ីនឿន ធ្វើខួបធំ យកហុងស៊ុយគត់ឆ្នាំ

កាលពីយប់ថ្ងៃទី១៥ ធ្នូ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាសលោក នៅ ស៊ីនឿន បានប្រារព្ធពិធីខួបកំណត់យ៉ាងអឹកអធឹក នៅក្លិបជេតស្ដា ស្ថិតនៅម្ដុំផ្សារកាប់គោ។ តារាសិល្ប: និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ត្រូវគេឃើញចូលរួមនៅក្នុងពិធីនោះ ដោយក្នុងទីតាំងប្រារព្ធពិធី សឹងមិនមានកន្លែងទទួលភ្ញៀវនោះផង។ នេះជាពិធីខួបកំណើតដែលលោកធ្វើឡើងជាទ្រង់ទ្រាយធំ ដោយមានបំណងឆ្លងអាយុគត់ឆ្នាំ ឲ្យមានសិរីសួស្ដីទាំងការងារ ទទួលអាហ្វែវង់តន្ត្រី និងអាជីពចម្រៀង។

លោកនៅ ស៊ីនឿន បានអះអាងថាឈានចូលពាក់កណ្ដាលខែធ្នូក្នុងឆ្នាំ២០១៦នេះ លោកមានអាយុ៣០ឆ្នាំគត់ ទើបលោកសម្រចចិត្តធ្វើពិធីខួបកំណើត ដើម្បីកាត់គ្រោះចង្រៃគត់ឆ្នាំ និងដើម្បីបានជួបសប្បាយរីករាយ ជាមួយមិត្តភ័ក្ត្រទាំងក្នុង និងក្រៅសិល្ប:។ លោកថាពិធីរបស់លោក មិនបានគិតឡើងយូរទេ គឺនឹងឃើញភ្លាមៗក៏ធ្វើតែម្ដង ទើបតែមានភ្ញៀវកិត្តិយសជាមិត្តជិតស្និទ្ធ និងតារាសិល្ប:តែជាង២០០នាក់ ត្រូវបានអញ្ជើញ។ លោកថាខ្លួនមិនហ៊ានរំខាន តារាសិល្ប:ច្រើននាក់ពេកទេ ហើយម្យ៉ាងមកពីម្ចាស់ហាងដែលផ្ដល់ទីតាំង ឲ្យលោករៀបចំពិធីខួបកំណើត មិនអាចទទួលភ្ញៀវលើសពី២០០នាក់ផង ទើបលោកសម្រេចធ្វើត្រឹមតែ២០តុ ដោយភ្ញៀវទាំងនោះក្រៅពី មិនបានខកខាន ក៏មកលើសតុដែលធ្វើឲ្យ លោកសប្បាយរីករាយផងដែរ។ នៅ ស៊ីនឿន បានប្រកាសសុំទោស ចំពោះមិត្តភ័ក្ត្រ និងតារាសិល្ប:មួយចំនួន ដែលលោកមិនបានអញ្ជើញ ដោយសារតែហេតុផលទីតាំង និងការរៀបចំតក់ក្រហក់ដោយគ្មានគម្រោងទុក។ លោកថាខ្លួនមិនមានបំណងធ្វើខួបនៅឆ្នាំ២០១៦នេះ តែដោយសារតែបងប្អូនជំរុញ ហើយក៏គិតជាពេលគត់ឆ្នាំនោះផង ទើបសម្រេចធ្វើតែម្ដងដើម្បីកាត់គ្រោះ និងឲ្យមានសិរីសួស្ដីពេញមួយឆ្នាំអាយុ៣០ឆ្នាំនេះ។

នៅក្នុងពិធីខួបកំណើតរបស់លោក គេឃើញវត្តមានសុទ្ធតែក្រុមផលិតករ អ្នកឧកញ៉ា ឯកឧត្តម និងតារាសិល្ប:ល្បីឈ្មោះនៅក្នុងពិភពសិល្ប:។ នៅក្នុងពិធីកាត់នំ លោក នៅ ស៊ីនឿន ក៏បានរៀបចំឲ្យស្រីស្អាត៣រូប កាន់នំដែលឈ្មោះជាអក្សរកាត់របស់លោកផ្សេងគ្នា ខណ:ដែលក្នុងចំណោមស្រីស្អាតទាំង៣នោះ មាន២នាក់ជាឌុច លីដា និងកញ្ញា សុផា លីនដា ដែលសុទ្ធតែមានមានឈ្មោះបោះសំឡេង។ តារាចម្រៀងរួមមាន អ្នកនាងយក់ ឋិតរដ្ឋា កញ្ញាសុខ សីឡាលីន លោក អាន គុណកូឡា កញ្ញាវី ឌីណែត លោកកុយ ស៊ីឌឿន លោកយក់ ដួងតារា អ្នកនាងទូច ស្រីលក្ខណ៍ លោកគង់ សុធារិទ្ធិ និងលោកសូណូ ជាដើម សុទ្ធតែបានបង្ហាញខ្លួននៅក្នុងពិធីនោះ។ តារាសម្ដែងដែលរួមមាន កញ្ញាឌុច លីដា កញ្ញាគង់ វង្សយ៉ាទី លោកស៊ឹម សុរ៉ាមភូមិ កញ្ញា ដួង ម៉ានិច កញ្ញា សុផា លីនដា កញ្ញាផា ណាម៉ុច កញ្ញាម៉ា នីកា កញ្ញាថន លក្ខិណា លោកញ៉ែម សុគន្ធ និងលោកឡុង វិរ:យុទ្ធហៅនាយភូ ក៏ត្រូវគេឃើញបង្អួតសម្រស់នៅក្នុងពិធីទាំងមូល ។

មតិយោបល់