តាំងពីខែ៩ ឆ្នាំ២០១៧ មកម្ល៉េះ ដែលតារាសម្ដែងអ្នកនាងតូច ស្រីពេជ្រ សម្ងំចេញទៅកម្សាន្ត និងទៅសម្ដែងនៅលើទឹកដីអាមេរិកយ៉ាងឡូយឆាយ ដោយទុកដៃគូគឺលោក ត្រា យ៉ាកូ អោយហេលហាលម្នាក់ក្នុងសិល្បៈ។ យ៉ាងណាមិញ ដៃគូរបស់អ្នកនាង នៅតែមានសន្ទុះក្នុងសិល្បៈ និងមានសកម្មភាពក្នុងកិច្ចការសប្បុរសធម៌ ដូចដែលអ្នកនាងនៅដឹកដៃដដែល បើទោះជាក្នុងពេលនេះ គេឃើញលោក ត្រា យ៉ាកូ ត្រូវបាត់បង់ដៃគូ មិនដូចមុនក្ដី។
តារាសិល្បៈច្រើននាក់បានផ្ដោតការចាប់អារម្មណ៍ បន្ទាប់ពីអ្នកនាង តូច ស្រីពេជ្រ ស្រាប់តែស្ងាត់បាត់ឈឹង ដោយសារតែក្នុងពេលដែលអ្នកនាងចាកចេញទៅសហរដ្ឋអាមេរិក គឺអ្នកនាងមិនបានប្រកាសអោយដឹង។ អ្នកនាងត្រូវគេឃើញបង្ហោះសកម្មភាពនៅលើទឹកដីអាមេរិក ដោយត្រូវគេអះអាងថា ស្នាក់នៅនៅរដ្ឋមីសុីសុីពី ដើម្បីកម្សាន្តផង ទៅសម្ដែងផង និងដើម្បីទៅជួយមើលហាងនំរបស់សាច់ញាតិនៅទីនោះផង។ អ្នកនាងត្រូវបានបាត់មុខពីកម្ពុជា ស្របគ្នាដែលនៅកម្ពុជា បានសម្រុកបញ្ចាំងខ្សែភាពយន្ដដែលអ្នកនាងបានសម្ដែង រួមជាមួយដៃគូ គឺលោក ត្រា យ៉ាកូ និងស្របគ្នាដែលស្ពតពាណិជ្ជកម្មដែលអ្នកនាង បានថតមុនពេលបាត់មុខ ចាប់ផ្ដើមផ្សព្វផ្សាយ។ អវត្តមានរបស់អ្នកនាងក្នុងស្រុក ស្របគ្នាដែលស្នាដៃសិល្បៈរបស់អ្នកនាងអណ្ដែតឡើង បានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលគួរសម ជាពិសេសក្នុងពេលដែលគេធ្លាប់តែឃើញអ្នកនាង ចាប់ដៃជាមួយកំលោះរូបសង្ហា លោក ត្រា យ៉ាកូ ទៅណាមកណា មិនខុសពី លលកញីឈ្មោលក្នុងសិល្បៈ ស្រាប់តែបាត់ស្ងាត់ឈឹង បណ្ដោយអោយ ត្រា យ៉ាកូ តែលតោលម្នាក់ឯង។
អ្នកនាង តូច ស្រីពេជ្រ កាន់តែធ្វើអោយអ្នកសិល្បៈមានការនឹករលឹក បន្ទាប់ពីក្រុមសិល្បៈដែលមានឈ្មោះថា«គ្រួសារតារាកម្ពុជា» កាន់តែមានសកម្មភាពផ្នែកសប្បុរសធម៌ តែបែរជាបាត់មុខអ្នកនាង ដែលធ្លាប់តែសកម្ម។ ក្នុងពេលមិនទាន់ទៅដល់អាមេរិក អ្នកនាងគឺជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា ដោយអ្នកនាងរមែងបង្ហាញមុខក្នុងសកម្មភាពច្រៀងរាំ ជួយដល់សង្គមគួរអោយសរសើរ រហូតធ្វើអោយប្រជាប្រិយភាពរបស់អ្នកនាងឈានឡើងក្នុងស្រទាប់មហាជន។
លោន ត្រា យ៉ាកូ និយាយថា អ្នកនាងតូច ស្រីពេជ្រ មិនទាន់ច្បាស់ថា នឹងត្រលប់មកកម្ពុជា នៅថ្ងៃណាអោយប្រាកដនោះទេ ក្នុងពេលដែលអ្នកនាងក៍ត្រូវនៅជួយមើលហាងនំរបស់សាច់ញាតិនៅទីនោះផង។ អ្នកនាងនឹងអាចពន្យារពេលត្រលប់មកស្រុករហូតដល់ខែ៥ ឆ្នាំ២០១៨ ដោយលោកបញ្ជាក់ថា ការបាត់អ្នកនាងក្នុងសកម្មភាពសិល្បៈ ក៏ធ្វើអោយលោកបាត់មុខក្នុងសកម្មភាពមួយចំនួនផងដែរ ជាពិសេសក្នុងសកម្មភាពដែលភាគច្រើនអ្នកនាងជាអ្នកនាំផ្លូវ។ លោកថាការបាត់ដៃគូ ហាក់ធ្វើអោយលោកហេលហាល ប៉ុន្តែលោកបន្តប្រឹងឈរក្នុងការងារសិល្បៈ អោយបន្តជោគជ័យ បើទោះជាអ្នកនាងមិននៅបន្តនាំផ្លូវនោះផងដែរ៕
មតិយោបល់