ព័ត៌មានអន្តរជាតិ

ប្រធានអង្គការសហប្រជាជាតិ ស្វាគមន៍ចំពោះការបើកទូលាយខ្សែទូរស័ព្ទ រវាងប្រទេសកូរ៉េទាំងពីរ

UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះការបើកខ្សែទូរស័ព្ទជាថ្មីទ្បើងវិញ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយលោកបានសម្តែងនូវក្តីសង្ឃឹម សម្រាប់ការផ្តួចផ្តើមផ្នែកការទូតបន្ថែមទៀត ដើម្បីបញ្ចប់បញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។

បន្ទាប់ពីការជូនដំណឹងពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា រដ្ឋាភិបាលនឹងបញ្ជូនក្រុមខ្លួន ទៅប្រកួតកីឡាអូឡាំពិក នារដូវរងារក្នុងប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនោះ ក្រុងព្យុងយ៉ាង និងសេអ៊ូល កាលពីថ្ងៃពុធ ក៏បានបើកដំណើរការជាថ្មីទ្បើងវិញ នូវបណ្តាញទំនាក់ទំនងអន្តរកូរ៉េ ដែលត្រូវបានបិទចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា «វានឹងជាការវិវឌ្ឍន៍វិជ្ជមានមួយ សម្រាប់កិច្ចចរចា រវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងកូរ៉េខាងត្បូង ខណៈដែលដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ដោយសង្ឃឹមថា គំនិតផ្តួចផ្តើមនេះ នឹងជាផ្នែកការទូតមួយ ដែលអាចជួយឲ្យសម្រេចបានគោលដៅនោះ៕

មតិយោបល់