កណ្តាលៈ បុរសម្នាក់ ដែលគេស្គាល់ជាមន្ត្រីបម្រើនៅអង្គភាពឧស្សាហកម្មខេត្តកណ្តាល បានបើករថយន្តយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងជោកជាំ បានបុកម៉ូតូ១គ្រឿង រួចបន្តបើកបុកម៉ូតូ១គ្រឿងទៀត ហើយបន្ថែមល្បឿនបើករត់ រហូត៤០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋជិះដេញឃាត់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកអនុសេនីយ៍ឯក ស៊ាង រិទ្ធី នាយរងផ្នែកចរាចរណ៍នៃអធិការក្រុងតាខ្មៅ បានប្រាប់Post News ថា ជនបង្កមានឈ្មោះ អ៊ឹម វណ្ណៈ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សេង សែន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតំបន់មានជយ័ ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកនាយរងផ្នែកបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ជាមន្ត្រី មន្ទីរឧស្សាហកម្មខេត្តកណ្តាល បានបើករថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A.8278 ពីទិសដៅជើងទៅត្បូង ក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោកជាំ ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង ចំយ៉ាងពេញទំហឹង ហើយបន្ថែមល្បឿនបើករត់គេច បានប្រហែលជិត៥០០ម៉ែត្រត្រូវប្រជាពលរដ្ឋដេញចាប់ឃាត់បាន។
ភ្លាមៗនោះកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋានក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម្ចាស់រថយន្តបង្កមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជយ័ជំនះ៕
មតិយោបល់