អន្តរជាតិៈ Pierre-Emerick Aubameyang គឺជាខ្សែប្រយុទ្ធម្នាក់ដែលមានក្លឹបដល់ទៅ៣ ត្រៀមលុយទិញយកពីក្រុម Borussia Dortmund ហើយក្នុងរដូវកាលដោះដូរកីឡាករនេះ។
ក្រុម Real Madrid , Manchester United និងកាំភ្លើងធំ Arsenal សុទ្ធតែមានសង្ឃឹមរៀងខ្លួនក្នុងការនាំយកកីឡាករឆ្នើមនៅក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ម្នាក់នេះមកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ។ ដោយក្រុម Real Madrid មានភាគរយខ្ពស់ជាងគេ ដោយសារតែកីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាប់បញ្ជាក់ថា រូបគេចង់លេងឱ្យអធិរាជស ដើម្បីផ្គាប់ចិត្តជីតារបស់ខ្លួន ដែលមានបំណងចង់ឱ្យចៅលេងនៅអេស្ប៉ាញ។
ខ្សែប្រយុទ្ធរបស់ប្រទេសហ្គាបុងកំពុងឡើងជើងខ្លាំងរូបនេះ ក៏ជាគោលដៅមួយសម្រាប់ក្រុមនៅអង់គ្លេស២ទៀតដែរ គឺក្រុម Man Utd និង Arsenal ដោយក្រុម Man Utd ចង់បានតាំងពីដើមខែនេះ ខណៈដែល Arsenal វិញ ចង់បានដើម្បីជំនួសតំណែងកីឡាករ Sanchez ។
ត្បិតតែមានក្លឹបដល់ទៅ៣ ចង់បានយ៉ាងនេះក្ដី ប៉ុន្តែតម្លៃខ្លួនរបស់គេមិនទាន់មានប្រភពណាបញ្ចេញឲ្យដឹងនៅឡើយទេ ពោលគឺនៅស្ថិតក្នុងការចរចានៅឡើយ ប៉ុន្តែត្រូវគេរំពឹងថា មិនតិចជាង៣០លានផោននោះទេ។
Aubameyang ក្នុងរដូវកាលមុននេះ អាចស៊ុតបានដល់ទៅ៣៩គ្រាប់ឯណោះឱ្យក្រុម Dortmund ដែលរូបគេក៏ស្ថិតក្នុងបញ្ជីឈ្មោះខ្សែប្រយុទ្ធមុតល្អម្នាក់របស់លីគអាល្លឺម៉ង់ផងដែរ៕


មតិយោបល់