ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនខុសពីបងប្អូនបង្កើតមែន! នី មុន្នីនាថ និងសារ៉ាយ សក្ខណា ផ្ទុះរឿងល្អ និងអាម៉ាស់ប្រដេញគ្នា

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា នី មុន្នីនាថ និងអ្នកនាងសារ៉ាយ សក្ខណា មានទំនាក់ទំនងគ្នាមិនខុសពីបងប្អូនបង្កើត ដោយអ្នកទាំងពីររមែងត្រូវបានគេកត់សម្គាល់ថាជាតារាដែលមានចំណូលចិត្តដូចគ្នាទាំងការត្រាប់ស្ទីលស្លៀកពាក់ ការលេងសើច និងការចូលចិត្តផ្សេងនោះផង ខណៈដែលអ្នកនាងសារ៉ាយ សក្ខណា រកបានបុរសអាមេរិកអោយធ្វើជាស្វាមី កញ្ញានី មុន្នីនាថ ក៏ត្រូវគេណែនាំអោយស្គាល់អណិកជនអាមេរិកដើម្បីអោយភ្ជាប់ពាក្យធ្វើជាគូដណ្ដឹង និងត្រៀមរៀបការជាមួយគ្នាផង។ យ៉ាងណាមិញ ទន្ទឹមនឹងមានរឿងល្អៗកើតឡើងមិនអោយចាញ់គ្នា ក្នុងពេលដែលនី មុន្នីនាថ ផ្ទុះរឿងអាម៉ាស់មុននេះ អ្នកនាងសារ៉ាយ សក្ខិណា ក៏មានរឿងលំនាំស្រដៀងផ្ទុះឡើងផងដែរ។

កញ្ញា នី មុន្នីនាថ ទើបតែត្រូវអតីតគូដណ្ដឹងប្ដឹងពីបទឆបោក និងរំលោកលើសេចក្ដីទុកចិត្ត ដោយកំណត់អោយនាងសងលុយកាក់ចំនួន១២ម៉ឺនដុល្លារ រាប់បញ្ចូលទាំំងប្រាក់ដែលលោក អ៉ឹង សូឡាង ជាអតីតគូដណ្ដឹងចោទថានាងបោកយកទៅ និងថ្លៃទារសំណងជំងឺចិត្ត។ បើទោះជាក្នុងពេលនេះ តារាសម្ដែងនី មុន្នីនាថ ត្រូវគេដឹងថាមិនខ្លាចចំពោះបណ្ដឹងនោះ ប៉ុន្តែនាងត្រូវគេឃើញរងការអាម៉ាស់យ៉ាងខ្លាំង ដោយកេរ្តិ៍ឈ្មោះដែលនាងខំសាងតាំងពីច្រើនឆ្នាំមុន ត្រូវបានប្រឡូសប្រឡាក់ដោយការស្អុយរលួយ ក្រោយពីរងបណ្ដឹងរបស់អតីតគូដណ្ដឹងនេះផង។

មកទល់សព្វថ្ងៃអតីតគូដណ្ដឹងរបស់នាងនៅតែរក្សាជំហរបន្តបណ្ដឹង ដោយមិនព្រមដកថយ បើទោះជាមេធាវី របស់នាង ប្រកាសថាអតីតគូដណ្ដឹងរូបនោះ នឹងអាចប្រឈមបណ្ដឹងពីបទបង្ខូចឈ្មោះ និងបរិហាកេរ្តិ៍តបវិញយ៉ាងណាក្ដី។

កញ្ញានៅតែមិនទាន់ញញឹមដោយស្រស់ស្រាយនៅឡើយទេ ក្នុងពេលដែល នី មុន្នីនាថ ក៏មិនទាន់បើកទូលាយក្នុងការឆ្លើយតបនឹងសំណួររបស់អ្នកកាសែតជុំវិញបណ្ដឹងនោះនៅឡើយ។ ក្នុងពេលនាងទទួលនូវការអាម៉ាស់ គេកត់សម្គាល់ថានាងជាតារាមានយីអ៊ុនផ្ទុយស្រឡះ បើធៀបនឹងសារាយ សក្ខណា ដែលមានសំណាងផុតលេខមានទាំងប្ដី មានទាំងសុភមង្គល មានទាំងហាងយ៉ាងជោគជ័យ ហើយមិនជំពប់រឿងអាម៉ាស់ដូចនាង។ ប៉ុន្តែការសរសើរនោះទើបតែបានលាន់មាត់មិនទាន់រួចផង សារ៉ាយ សក្ខណា ក៏ត្រូវរងការអាម៉ាសមិនខុសគ្នាដែរ ដោយសារតែនាងស្រាប់តែមានព័ត៌មានរឿងម្ដាយបោកលុយអ្នកចងការប្រាក់ចំនួន៣ម៉ឺនដុល្លារ ហើយបណ្ដាលអោយរថយន្តរបស់ម្ដាយនាងត្រូវបានតុលាការរឹបអូស ផ្អែកតាមបណ្ដឹងរបស់ឈ្មោះ ឃុត ស្រីមុំ ជាម្ចាស់ចងការប្រាក់។

ដ្បិតថារឿងរ៉ាវនោះ គឺជាបញ្ហារបស់អ្នកស្រី ផាន់ សម្ផស្ស ម្ដាយរបស់នាង ប៉ុន្តែអ្នករងការប៉ះពាល់មិនមែនម្ដាយរបស់នាងតែម្ដងនោះទេ ពោលគឺសារ៉ាយ សក្ខណា តែម្ដង។ អ្នកនាងដែលធ្លាប់តែត្រូវគេសរសើរថាជានារីមានសំណាង ត្រូវបានគេរិះគន់ និងថាស្ថានភាពជាក់ស្ដែងនៅពីក្រោយភាពហ៊ឺហាររបស់នាង គឺជារឿងបំភាន់ភ្នែកទាំងអស់ ទើបបណ្ដាលអោយម្ដាយរបស់នាងឈានដល់ជំពាក់វាក់វិននឹងបំណុលរហូតដល់ម៉ឺនដុល្លារ ហើយបណ្ដាលអោយមានការករណីនេះឡើង។

បើទោះជាម្ដាយរបស់នាងបានចេញមុខបញ្ជាក់ថា អ្នកស្រីជំពាក់រឿងរថយន្តនោះត្រឹមតែ១៣០០០ដុល្លារ ហើយថាអ្នកស្រីបានព្យាយាមបង់ការរាល់ខែ តែម្ចាស់លុយមិនព្រមមកយក ហើយបែរជាគិតការបន្ថែមចុះឡើងធ្វើអោយបំណុលឡើងដល់៣ម៉ឺនដុល្លារ ដែលអ្នកស្រីមិនទទួលយក ក៏ករណីដែលបានកើតឡើងនេះនៅតែបង្កការប៉ះពាល់ដល់កិត្តិយសរបស់សារ៉ាយ សក្ខណា។ ករណីដែលបានផ្ទុះឡើងនេះ នៅមិនទាន់បញ្ចប់នោះទេ ដោយសារតែភាគីខាងម្ចាស់លុយត្រូវបានគេអះអាងថានឹងត្រៀមទម្លាយរឿងបន្ថែមទៀត តបនឹងការបកស្រាយពីម្ដាយរបស់អ្នកនាង៕

មតិយោបល់