ភ្នំពេញ៖ មានករណីផ្ទុះអាវុធដោយខ្លួនឯងចំនួន ២គ្រាប់ បណ្តាលឱ្យជនជាតិបរទេសម្នាក់ រងរបួសកំភួនជើងខាងស្តាំ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចទល់មុខហាង H&Y តាមបណ្តោយផ្លូវ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះផ្ទាល់ បានឱ្យដឹងថា ខ្លួនមានឈ្មោះ ផែ រី (perry) អាយុ៤៦ឆ្នាំ ស្នាក់នៅម្តុំផ្សារដើមគ។ ដោយនៅក្នុងយប់កើតហេតុ ខ្លួនបានជួបជុំមិត្តផឹកស៉ី នៅចំណុចផ្សារសូរិយ៉ាម៉ល ស្ថិតនៅទីតាំងកើតហេតុខាងលើ លុះដល់ម៉ោងប្រមាណ ២:៥០នាទី រំលងអធ្រាត្រ ខ្លួនបានចេញពីជួបជុំ ដើរកាត់ផ្លូវ១៥៤ ស្រាប់តែប្រទះឃើញកាំភ្លើងខ្លីមួយដើម ពណ៌ខ្មៅ លាយទឹកប្រាក់ មិនស្គាល់ម៉ាក ទើបខ្លួន យកដាក់ចូលហោប៉ៅខាងក្រោយ ខាងស្តាំ ស្រាប់តែរាលកៃត្រូកំភួនជើងខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ប៉ុន្តែបើយោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានលើកឡើងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ មានកាបូបស្ពាយនៅខ្នង មានកាំភ្លើងមួយដើមបាញ់ឡើងទៅលើមេឃ ១គ្រាប់ រួចទុកកាំភ្លើងក្នុងហោប៉ៅ មួយសន្ទុះក្រោយមកកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅដល់ទីតាំងកើតហេតុ រួចជនជាតិបរទេសខាងលើ បានលូកដៃចូលហោប៉ៅដែលមានកាំភ្លើង ស្រាប់តែច្រឡំប៉ះកៃបាញ់បែកកំភួនជើងខ្លួនឯងតែម្តង។
ទោះយ៉ាងនេះក៏ដោយ នៅក្នុងខ្លួនជនជាតិបរទេសខាងលើ គេសង្កេតឃើញមានកាបូបស្ពាយ និងកាបូបលុយ រួមមានថវិការប្រមាណ ១៥០ដុល្លារ តែត្រូវបានគេយកអស់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុខាងលើ រួចទាក់ទងទៅខាងមន្ទីរពេទ្យ ដើម្បីយករថយន្តសាម៉ុយសង្គ្រោះបន្ទាន់ជាមុនសិន។ រីឯកាំភ្លើងខ្លី ត្រូវបានកម្លាំងអាវុធហត្ថ ដកហូតយកទៅរក្សាទុក ធ្វើការស្រាវជ្រាវ នៅពេលក្រោយ៕
ប្រភព៖ CNC
មតិយោបល់