មិនខុសពីការគ្រោងទុក តារាសម្តែងដ៏ល្បី អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោងជាង១១ ថ្ងៃទី១១ ខែមករា មុននេះ។ ដំណើរមកដល់របស់អ្នកនាង មិនត្រូវបានបើកចំហរគគ្រឹកគគ្រេងនោះទេ ប៉ុន្តែក្នុងម៉ោងអ្នកនាងចុះមកដល់ គេនៅតែឃើញអ្នកសារព័ត៍មាន និងមហាជនកុះកររង់ចាំនៅណែនព្រលាន បន្ទាប់ពីដំណឹងរបស់អ្នកនាង មកដល់ស្រុកត្រូវទម្លាយ។
អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាហើយ នៅមុននេះបន្តិច ដោយយន្តហោះរបស់អ្នកនាង បានចុះចតតាំងពីថ្ងៃទី១១ ខែមករា នេះ វេលាម៉ោងប្រមាណជា ១០ និង៣០នាទីព្រឹក តែរហូតដល់ម៉ោងជិត១២ ទើបអ្នកនាងបានបង្ហាញមុខ ដោយអ្នកនាងមានការរំភើបចិត្តមិនតិចទេ នៅពេលដែលចេញមកដល់ខាងក្រៅ ក៍មានអ្នកសារព័ត៍មានរង់ចាំសម្ភាសន៍ និងមានមហាជនកុះកររង់ចាំទទួល។ វត្តមានអ្នកនាង មកដល់ប្រទេសលើកនេះ ផ្អើលជាងលើកមុនតែម្ដង ដោយសារតែមានការទម្លាយពីម៉ោងពេលអោយដឹងមុន។
ដំណើរមកកម្ពុជារបស់អ្នកនាងពេលនេះ គឺដូចលើកមុនផងដែរ ពោលគឺអ្នកនាងមកជាមួយនឹងកូនប្រុសរបស់អ្នកនាង ដោយមិនមានវត្តមានស្វាមីរបស់នាងមកជាមួយនោះទេ ដើម្បីនាំកូនប្រុសមកលេងអតីតស្វាមី គឺលោក ពេជ្រ ភិរុណ ហើយអ្នកនាងមកដើម្បីថតកុនរឿងភាគ២ ដូចដែលមហាជនធ្លាប់ដឹងឮ។
អ្នកនាងនឹងថតរឿងអោយផលិតកម្ម RED PICTURE ក្រោមចំណងជើងថា”ចន្ទា” របស់ទូរទស្សន៍ CTN និងថតរឿង”កាកី” របស់ផលិតកម្មLD ដែលគ្រោងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN។ នេះជាដំណើរចុះមកថតកុនលើកទី២ បន្ទាប់ពីអ្នកនាងធ្លាប់បានចូលរួមថតរឿង “ទឹកចិត្តម្តាយសម័យថ្មី” របស់អ្នកស្រី ពាន់ ភួង បុប្ឆា កាលពីពេលកន្លងទៅ។
តាមការគ្រោងទុកអ្នកនាង អម្ពរ ទេវី អាចនឹងស្នាក់នៅក្នុងប្រទេសកម្ពុជារយះពេលជាង១ខែ ដើម្បីចូលរួមថតខ្សែភាពយន្តភាគទាំង២ និងដើម្បីបានជួបជុំជាមួយសាច់ញាតិរបស់នាង នៅក្នុងស្រុកកំណើតផង។ មានការរំពឹងថា ដំណើរមកដល់របស់អ្នកនាងនៅក្នុងពេលនេះ នឹងធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង ខណៈដែលភាពយន្តភាគដែលអ្នកនាងចេញថត ក៍ត្រូវបានគេជឿថា នឹងល្បីល្បាញក្នុងពេលដាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នាពាក់កណ្ដាលឆ្នាំ ឬ ចុងឆ្នាំខាងមុខផង៕
https://youtu.be/3dsABzZo_rQ
មតិយោបល់