កាលពីថ្ងៃទី២៧ ឧសភា នៅរោងភាពយន្ត Majorស្ថិតនៅផ្សារទំនើបអ៊ីអន មានពីធីដាក់សម្ពោធ និងអមដោយការដាក់បញ្ចាំងវីដេអូឯកសារស្ដីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដយ៉ាងអធឹកអធម ដោយមានសុទ្ធតែភ្ញៀវកិត្តិយស និងតារាសិល្បៈដែលបានបំពេញការងារសកម្មក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដកន្លងមកចូលរួម។ វីដេអូឯកសារដែលបានផលិតនោះ បានឆ្លុះបញ្ចាំងពីភាពរស់រវើកក្នុងការរៀបចំព្រឹត្តិការណ៍នេះគួរអោយសរសើរ ខណៈដែលទិដ្ឋភាពដែលបានដាក់បញ្ចូលក្នុងវីដេអូត្រូវបានប្រកាសថាជាទិដ្ឋភាពពិតៗដែលមិនមែនជាការសម្ដែង។
លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវវជនកម្ពុជាបានបង្ហាញពីមោទនភាពក្នុងការចងក្រងជាវីដេអូនេះ ដោយលោកប្រកាសថាវីដេអូស្ដីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ នឹងក្លាយជាឯកសារប្រវត្តិសាស្រ្តយ៉ាងមានតម្លៃសម្រាប់កូនខ្មែរ ជាពិសេសអ្នកដែលមិនបានឃើញដោយផ្ទាល់ភ្នែកនូវការរៀបចំ។ លោកថាវីដេអូដែលបានចងក្រងឡើង នឹងជួយអោយអ្នកពាក់ព័ន្ធជាពិសេសគឺតារាសិល្បៈ និងមហាជនដែលបានចូលរួមរៀបចំ នឹងមានកម្លាំងចិត្ត ជាពិសេសនៅពេលបានឃើញសកម្មភាពរបស់ពួកគេ ឬសមិទ្ធិភាពរបស់ខ្លួនត្រូវបានដាក់បញ្ចូលក្នុងវីដេអូឯកសារជាផ្លូវការនេះ។ លោកក៏ថ្លែងអំណរគុណចំពោះកម្លាំងសាមគ្គីទាំងអស់ ដែលបានរួមចំណែកជួយអោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ដទទួលបានជោគជ័យនាពេលកន្លងមកផងដែរ។ លោកថាព្រឹត្តិការណ៍បានជួយអោយពិភពលោកស្គាល់ខ្មែរ និងស្គាល់ប្រាសាទអង្គរកាន់តែច្បាស់ ហើយលោកក៏ជឿជាក់ថាវិដេអូឯកសារដែលបានចងក្រងនឹងកាន់តែធ្វើអោយពិភពលោកបានស្គាល់ពីប្រទេសកម្ពុជាច្រើនឡើងថែមទៀត នៅពេលទិដ្ឋភាពដែលបានចងក្រងត្រូវបានចែកចាយ។
ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីប្រកាស និងដាក់បញ្ចាំងវីដេអូឯកសារអង្គរសង្ក្រាន្ដ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ឧសភានៅផ្សារទំនើបអ៊ីអន៖
មតិយោបល់