មកទល់ពេលនេះលោកហ៊ួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកនៅតែបង្ហាញប្រតិកម្ម បន្ទាប់ពីឈ្មោះ សោម រតនៈ រស់នៅផ្ទះលេខ៣សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាម្ចាស់ការ៉ាស់សាំងមួយកន្លែងនៅក្រុងតាខ្មៅ ដែលបានបើកបររថយន្តម៉ាក Land Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-6977 ហើយបុកសិស្សសាលា៣នាក់ ដោយនៅក្នុងនោះគឺមានម្នាក់ជាប្អូនប្រុសរបស់កញ្ញាកូកូ អតីតតារាចម្រៀង ដែលត្រូវជាសាច់ញាតិរបស់លោក។ លោកថាមិនអាចទទួលយកបាននោះទេ ក្នុងពេលដែលជនបង្កហេតុ ប្រកាសសុំបង់សពមួយត្រឹមតែ៣ពាន់ដុល្លារ ដោយជននោះប្រកាសថាបើទារលើសនឹងគឺមិនអោយ ហើយសុខចិត្តលៃលកថ្នាក់លើវិញនោះ។
លោកបានហៅការគំរាមរបស់ជនបង្កហេតុថាជាការប្រមាថមាក់ងាយជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរ និងថាបុរសម្នាក់នេះ ព្រោះតែអាងលុយកាក់ និងខ្នងក្រាស់នៅខាងក្រោយ ទើបមិនខ្លាចរឿងគុកច្រវាក់ បើទោះជាច្បាប់ចរាចរណ៍ផ្លូវគោក គឺមិនតម្រូវអោយសម្រួលករណីនេះនៅក្រៅតុលាការ។
លោកហ៊ួរ សុផល និយាយថាម្ចាស់រថយន្តឈ្មោះ សោម រតនៈ នោះ ក្រោយបុកសិស្សសាលា៣នាក់ស្លាប់នៅនឹងកន្លែងរួចហើយ ឈ្មោះនេះបានរត់គេចខ្លួន ហើយក្រោយការចូលខ្លួនឈ្មោះនេះបានបែងចែកទឹកប្រាក់សងដល់អ្នកស្លាប់ម្នាក់ត្រឹមតែ៣ពាន់ដុល្លារប៉ុណ្ណោះ ដោយបានទាំងបោះពាក្យថាបើទាមទារអោយសងលើសពីតម្លៃឡានដែលបានកាក់ទុក គឺអត់។ លោកថាជនបង្កហេតុនេះ ស្ដាប់ទៅមិនខ្លាចសំណាញ់ច្បាប់នោះទេ បើទោះជាច្បាប់ចែងថាករណីបើកបរបណ្ដាលអោយមានមនុស្សស្លាប់គឺត្រូវបង់សំណង និងត្រូវជាប់ពន្ធនាគារដាច់ខាត ដោយមិនអនុញ្ញាតិអោយមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ។
លោកថាជាការឈឺចាប់ណាស់ ដែលជនបង្កហេតុនេះ ប្រកាសនៅចំពោះមុខប៉ូលីសថាបើមិនយក៣ពាន់សម្រាប់សពមួយ គឺលោកមិនសង ដែលហាក់ដូចជាជីវិតរបស់យុវជនម្នាក់ ដែលរថយន្តនោះបើកបរដោយគ្មានការទទួលខុសត្រូវបង្កអោយស្លាប់ តែចុងក្រោយគឺអាងបង់សំណងម្នាក់៣ពាន់ ដោយមិនខ្វល់ពីការបាត់បង់របស់គ្រួសារជនរងគ្រោះ។
លោកទទូចអោយសមត្ថកិច្ចចាត់ការផ្លូវច្បាប់លើបុគ្គលនេះ ដោយលោកបញ្ជាក់ថាគ្រួសារជនរងគ្រោះមិនចង់បាន៣ពាន់ដុល្លារ ហើយសម្របសម្រួលអោយជនបង្កហេតុរស់នៅក្រៅគុកឡើយ។ លោកថាគ្រួសាររបស់តារាចម្រៀងកូកូ សុខចិត្តមិនទទួលសំណង អោយតែសមត្ថកិច្ចរៀបចំសំណុំរឿងទៅកាន់តុលាការខេត្តកណ្ដាល ហើយតម្រូវឈ្មោះ សោម រតនៈ ដែលបើកបរហើយសម្លាប់មនុស្សដល់ទៅ៣នាក់ក្នុងពេលតែមួយ ទទួលទោសតាមច្បាប់។
លោកនឹងសម្ដែងការខកចិត្តបើជនបង្កហេតុមិនត្រូវបានជាប់គុក ដោយគ្រាន់តែបង្ខំអោយគ្រួសារសពទាំំង៣ទទួលយក៣ពាន់ដុល្លារ ដែលជាចំនួនមួយមិនស្មើនឹងការបាត់បង់សមាជិកម្នាក់ និងគ្រាន់តែប្រើសម្រាប់ធ្វើបុណ្យ គឺមិនចង់គ្រាន់នេះ។
បន្ថែមពីលើប្រតិកម្មរបស់លោក ហ៊ួរ សុផល ភាគីខាងគ្រួសាររបស់អ្នកស្លាប់ គឺគ្រួសាររបស់កញ្ញាកូកូ ក៏បានបង្ហោះថា«(ជីវិតមនុស្សម្នាក់នៅលើដងវិថីថ្លៃ $3000) កាលពីថ្ងៃទី05 ខែមករា ឆ្នាំ2018 មានគ្រោះថ្នាក់ចរាចរណ៏មួយរវាងរថយន្ត Land Rover ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2U-6977 បានបើកជែងរថយន្តមួយគ្រឿង ទៅបុកម៉ូតូសិស្សសាលាមួយគ្រឿងជិះគ្នា 3នាក់ (ក្នុងចំណោមអ្នកស្លាប់នោះមានប្អូនប្រុសខ្ញុំម្នាក់ ឈ្មោះវ៉ន វិសាល អាយុ18 ឆ្នាំ)ធ្វើដំណើរចេញពីសាលារៀនជិះត្រឡប់មកផ្ទះ នៅលើចំនុចផ្លូវលេខ115 ភូមិខ្ពកវែង ស្រុកកំពង់សំណាញ់ ខេត្តកណ្តាល បណ្តាលអោយស្លាប់ទាំំង៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្តបានបើកបុក ហើយកិនជនរងគ្រោះ រួចព្យាយាមបើករត់ប្រហែល1km ទើបសម្ថតកិច្ច និងប្រជាជនជួយអន្តរាគមន៍ឃាត់រថយន្តបាន តែជនបង្កហេតុបានគេចខ្លួនបាត់ ចំណែករថយន្តត្រូវបានប៉ូលីសឃាត់ទុកនៅអធិការដ្ឋាននរគបាលក្រុងតាខ្មៅ ។ ថ្ងៃបន្ទាប់ ប៉ូលីសបានស្រាវជ្រាវដឹងថាឡានរបស់ជនបង្កហេតុគឺជាម្ចាស់ការាស់សាំងមួយកន្លែងនៅក្រុងតាខ្មៅ។ ក្រោយមកជនបង្កហេតុនោះក៏ ចូលខ្លួនមកដោះស្រាយ ដោយផ្តល់ជាថវិកាចំនួន $3000 (ក្នុងសពមួយ) ហើយនិយាយថា «បើទាមទារលើសពីនេះ គឺវាច្រើនជាងតំលៃឡានរបស់ខ្លួនដែលត្រូវឃាត់ទុកទៀត » ត្រង់សំដីនេះ បងប្អូនជួយគិតមើលផង តើគាត់យកអាយុជីរិតមនុស្សដែលស្លាប់ចំនួន 3នាក់ មកប្រៀបធៀបជាមួយនឹងឡានមួយគ្រឿង តើសមដែររឺទេ? នៅក្នុងកណីនេះក្រុមគ្រួសាររបស់ខ្ញុំក៏បានព្រមព្រៀង និងដោះស្រាយតាមផ្លូវច្បាប់ដែរ ប៉ុនែ្តអ្នកដែលបានចូលខ្លួនមកដោះស្រាយគាត់បាននិយាយថាគាត់មិនមែនជាអ្នកបង្ករហេតុទេ ដោយព្យាយាមលាក់បាំងអ្នកដែលបង្កហេតុ ហើយគាត់បាននិយាយទៀតថា « បើបើកបុកគេហើយមិនគេចខ្លួនតើ នៅអោយគេវ៉ៃ ឬយ៉ាងណា» ខ្ញុំសុំសួរថាតើច្បាប់ចរាចរណ៍តម្រូវអោយអ្នកបង្កហេតុ បើកបុកគេហើយរត់គេច ដោយអាងតែមានលុយចាំមកដោះស្រាយតាមក្រោយឬយ៉ាងណា? ពាក្យសម្តីដែលគាត់បាននិយាយទាំងអស់នេះ ពិតជាមើលងាយដល់គ្រួសារបស់ពួកខ្ញុំខ្លាំងពេកហើយ។ ជាចុងក្រោយខ្ញុំចង់ប្រាប់ថាកុំអាងតែខ្លួនមានលុយមានអំណាចហើយប្រើពាក្យសម្តីមើលងាយ និងកៀបសង្កត់ដល់ប្រជាពលរដ្ធទន់ខ្សោយដូចជាពួកខ្ញុំ ព្រោះប្រទេសមានច្បាប់ ហើយខ្ញុំសង្ឃឹមថាច្បាប់ ដាក់ទោសអ្នកធ្វើខុស និងជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំយ៉ាងសក្តិសម»។
លោកហ៊ួរ សុផល និយាយថា បើគង់តែចង់សម្របសម្រួលអោយជនបង្កហេតុបាននៅក្រៅគុក ជនបង្កហេតុគួរតែបង់សំណងអោយបានសមរម្យជាងនេះ អោយសមនឹងការបាត់បង់សាច់ញាតិដ៏សំខាន់មួយនៅក្នុងគ្រួសារ៕
មតិយោបល់