ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ ទាំងកម្សត់ ទាំងពីរោះ ក្នុងកម្មវិធី Cambodian Idol

មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងកូនកំព្រា ដែលត្រូវគេស្គាល់ជាយូរមកហើយជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា លោកវង្ស ថាណាន់ ស្រាប់តែបានបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol ហើយបានឆ្លងផុតក្នុងវគ្គJudge Audition សម្រាប់សប្ដាហ៍ទី៤ កាលពីយប់ថ្ងៃទី១២ មករា ឆ្នាំ២០១៨។ លោកត្រូវបានអ្នកទស្សនាកាន់តែចាប់អារម្មណ៍ទ្វេដង បន្ទាប់ពីបានលាតត្រដាងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ហើយថែមទាំងបានបញ្ចេញទឹកដមសំឡេងអាចកន្ទ្រាក់ឲ្យគណកម្មការទាំង៤រូបផ្ដល់យេសឲ្យ។

បទចម្រៀងក្រោមចំណងជើងថា«ស្រឡាញ់អូនរហូត »របស់លោក វង្ស ថាណាន់ បានធ្វើឲ្យគណកម្មការ៤រូប រួមមាន លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោកឆន សុវណ្ណរាជ និងលោក ណុប បាយ៉ារិទ្ធិ កោតសរសើរព្រមគ្នា ដោយសារតែលោកអាចលើកដាក់សំឡេង ហើយធ្វើឲ្យបទចម្រៀងមួយនេះស្ដាប់ទៅមិនចាញ់ម្ចាស់ដើម។ ម្ចាស់បទ លោក ណុប បាយ៉ារិទ្ធិ បានពន្យល់ផងសរសើរផងចំពោះ ទឹកដមសំឡេងរបស់លោកវង្ស ថាណាន់ ជាពិសេសនៅពេលដែលបេក្ខជនអាចស្រែកបានខ្ពស់ ហើយស្ដាប់ទៅលន្លង់លន្លោចមិនចាញ់ម្ចាស់ដើម។

កញ្ញា ឱក សុគន្ធកញ្ញា បានហៅទេពកោសល្យរបស់លោកថាជាតារាចម្រៀងមួយរូបដែលឆ្លាតក្នុងការប្រើប្រាស់បច្ចេកទេសមិនធម្មតា ជាពិសេសគឺដាក់អារម្មណ៍ឲ្យកម្សត់ ដែលកាន់តែធ្វើឲ្យបទចម្រៀងដែលបានបកស្រាយស្ដាប់ហើយពីរោះជក់ចិត្ត។ មិនខុសគ្នាដែរ លោកព្រាប សុវត្ថិ និង លោកឆន សុវណ្ណរាជ ក៏បានសរសើរមិនដាច់ពីមាត់ផងដែរ ដោយលោកទាំង២បានផ្ដល់យេសដោយមិនបង្អង់យូរនោះទេ នៅពេលតម្រូវឲ្យលោកជ្រើសរើសថាត្រូវឲ្យបេក្ខជនបន្តទៅកាន់វគ្គបន្ត ឬឲ្យធ្លាក់។ លោកទទួលបានយេស៤ ឬ ទទួលបានសំបុត្រមាសតែម្ដង ដើម្បីបានបន្តទៅកាន់វគ្គបន្តឆ្លងផុតវគ្គ Judge Audition នៅក្នុងកម្មវិធី Cambodian Idol នៅសប្ដាហ៍ចុងក្រោយ។

ការបង្ហាញខ្លួនរបស់លោក បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលដែលគេដឹងថាលោកគឺជាតារាចម្រៀងអាហ្វែមួយរូប ដែលរស់នៅមណ្ឌលកុមារកំព្រាតាំងពីតូចមិនទាន់ដឹងក្ដី ដោយសារតែឪពុកម្ដាយបែកបាក់គ្នា ហើយបោះបង់លោកដោយមិននឹកនា។

លោកត្រូវគេដឹងថាបានស្គាល់មុខម្ដាយតែប៉ុន្មានដងប៉ុណ្ណោះ ក៏ត្រូវម្ដាយស្លាប់ចោល ខណ:ដែលឪពុករបស់លោកក៏មានគ្រួសារថ្មី ហើយហាក់បំភ្លេចចោលលោកជាយូរមកហើយ។ លោកជាតារាចម្រៀងដែលមានប្រវត្តិជីវិតកម្សត់ តែអ្វីដែលពិសេសគឺលោកមានទឹកដមសំឡេងល្អ ទើបលោកបានបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយទទួលបានជោគជ័យ សម្រាប់ជំហានដំបូង។

សូមទស្សនាវីដេអូឃ្លីបរបស់លោក វង្ស ថាណាន់ ក្នុងកម្មវិធី Cambodian Idol ដែលទើបបញ្ចប់កាលពីយប់មិញ៖

មតិយោបល់