កាលពីថ្ងៃទី១៣ មករា មុននេះ តារាសម្ដែងអ្នកនាងគង់ ច័ន្ទស្រីមុំ និងស្វាមី បានបង្ហាញខ្លួនបើកហាងទី៥របស់ខ្លួនយ៉ាងកាលីប នៅខេត្តកំពង់ចាម ក្នុងពេលដែលម្ចាស់មុខជំនួញច្រើននាក់ មានតែការបំព្រួញអាជីវកម្មរបស់ខ្លួន ព្រោះតែពិបាកប្រកួតប្រជែង។ អ្នកនាងថានេះជាការឈានឡើង សម្រាប់មុខជំនួញ បន្ទាប់ពីហាងយីហោ «ម៉ូម៉ូ» ដែលជាហាងនាំចូលផលិតផលផ្នែកសម្រស់ទ្រង់ទ្រាយធំរបស់នាង ទទួលបានជោគជ័យចំនួន៤សាខារួចហើយ នៅភ្នំពេញ និងសៀមរាប។
យ៉ាងណាមិញ មានការបញ្ជាក់ថាហាងម៉ូម៉ូ ដែលទើបបង្ហាញរូបរាងនៅខេត្តកំពង់ចាមនោះ គឺសាខាថ្មីដែលនាងផ្ទេសិទ្ធយីហោ អោយតារាសម្ដែងលោក ពីន សុធន និងមិត្តភ័ក្រ្តប៉ុណ្ណោះ គឺមិនមែនជាហាងផ្ដាច់មុខរបស់នាងនោះទេ ។ គង់ ច័ន្ទស្រីមុំ ដែលជិតក្លាយជាម្ដាយរបស់ក្មេងក្នុងផ្ទៃ ក្នុងពេលឆាប់ៗនោះ បានអះអាងក្នុងពិធីសម្ពោធហាងម៉ូម៉ូ នៅខេត្តកំពង់ចាមថា អ្នកនាងនឹងបញ្ចប់ការចែកចាយយីហោទៅអោយភាគីទី២ ត្រឹមហាងម៉ូម៉ូនៅខេត្តកំពង់ចាមនេះហើយ ដើម្បីងាយស្រួលគ្រប់គ្រង និងដើម្បីកុំអោយខូចយីហោ នៅពេលម្ចាស់ហាងដែលទិញសិទ្ធិពីនាងលួចលក់ផលិតកម្មមិនសុទ្ធ។
អ្នកនាងថាសម្រេចប្រគល់សិទ្ធិចែកចាយអោយតារាសម្ដែង លោក ពីន សុធន គឺដោយសារតែលោកគឺជាមិត្តជិតស្និទ្ធិ និងទុកចិត្តបំផុតក្នុងការទំនាក់ទំនង ម្យ៉ាងដោយសារតែអ្នកនាងចង់អោយលោក មានសិទ្ធិបើកហាងយីហោរបស់អ្នកនាងផង ទើបសម្រេចចិត្តប្រគល់សិទ្ធិចែកចាយអោយ។ អ្នកនាងថាផលិតផលម៉ូម៉ូរបស់អ្នកនាងអត់លក់ក្នុងហាងក្រៅពីហាងដែលមានយីហោម៉ូម៉ូនោះទេ ខណៈដែលហាងមួយនេះ ក៏មិនងាយនឹងផ្ដល់សិទ្ធិអោយចែកចាយដូចគ្នា ដោយសារតែមានបទពិសោធន៍ រឿងម្ចាស់ហាងដែលបានទទួលសិទ្ធិចែកចាយ លួចបន្លំលក់ផលិតផលផ្សេងធ្វើអោយខូចអតិថិជនរបស់ម៉ូម៉ូរួចទៅហើយ។
អ្នកនាងផលិតផលម៉ូម៉ូរបស់អ្នកនាង គឺជាផលិតផលថែរក្សាសម្រស់នាំចូលផ្ដាច់មុខពីបរទេស ទើបអ្នកនាងប្រយ័ត្នបំផុត ជាពិសេសគឺការលួចបន្លំយីហោ និងលក់ក្លែងតម្លៃ ដែលធ្លាប់ធ្វើអោយអ្នកនាងឈឺក្បាលកន្លងមកទៅហើយ។ អ្នកនាងប្រកាសថា នឹងមិនធ្វើការផ្ដល់សិទ្ធិអោយចែកចាយផលិតផលរបស់ខ្លួនទៀតទេ ដោយក្រោយពីសម្រេចផ្ដល់សិទ្ធិអោយលោកពីន សុធន បើកហាងដើម្បីចែកចាយនៅខេត្តកំពង់ចាមហើយនោះ គឺអ្នកនាង និងស្វាមី នឹងបើកហាងថ្មីផ្ទាល់ខ្លួនតែម្ដង នៅខេត្តបាត់ដំបង ដើម្បីអោយហាងម៉ូម៉ូរបស់អ្នកនាងមានទីតាំងកាន់តែច្រើនកន្លែង តែជាហាងផ្ទាល់ខ្លួនតែម្ដង។ ជាមួយនឹងការដំណើរទីតាំងហាងម៉ូម៉ូទី៥ នេះ ធ្វើអោយគេយល់ថាអ្នកនាងពិតជាមានយីអ៊ុនមែនទែន ដោយសារតែក្រៅពីមានសុភមង្គលក្នុងគ្រួសារហើយ ក៏រកស៊ីកាក់កប និងមានទាំងដំណក់ឈាមជាមួយស្វាមី ធ្វើអោយគេមើលឃើញពីភាពរឹងមាំក្នុងចំណងស្នេហ៍ទៀត៕
មតិយោបល់