Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត លេងសើចមិចបាន ...

លេងសើចមិចបាន ព្រឹត្តិការណ៍សប្បុរសធម៌នៅភូមិន្ទឆ្នាំនេះ កក្រើកតាំងពីព្រឹក

កាលពីព្រឹកថ្ងៃទី១៣ មករា គេកត់សម្គាល់ថា ព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌លើកទី៩ និងអបអរខួបលើកទី៥៨របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិតជាកក្រើកយ៉ាងខ្លាំង ដោយសារតែវត្តមានគណអធិបតីដែលអញ្ជើញចូលរួមសុទ្ធតែសមាសភាពមន្ត្រីជាន់ខ្ពស់ និងពិសេសគឺមានក្រុមចម្រៀងក្មេងៗ យ៉ាងច្រើនកុះករ មកពីគ្រួសារតារាកម្ពុជា ចូលកូរនៅក្នុងកម្មវិធី។

នេះជាវត្តមានចូលរួមលើកទី១របស់គ្រួសារតារាកម្ពុជា ហើយជាវេទិកាដែលគេចាប់អារម្មណ៍ថា មានការចាប់អារម្មណ៍យ៉ាងកក្រើកផងដែរ បើទោះជាវត្តមានតារាសិល្ប: ដែលបានបង្ហាញខ្លួនសុទ្ធសឹងតែជាតារាពន្លកថ្មី និងមិនទាន់ល្បីល្បាញលំដាប់ប្រទេសនៅឡើយ។
តារាសិល្ប:ដែលបានបង្ហាញ នៅក្នុងវេទិកានោះ រួមមានតារាចម្រៀងមកពី Cambodian Idol រដូវកាលទី៣រួមមានកញ្ញា ញឹម សួនសោភាទេពី លោកវង្ស ថាណាន់ កញ្ញា ចាន់ឡៃ វលក្ខណ៍ លោកអៀម វន្នី ដែលជាអតីតបេក្ខជន Cambodian Idol រដូវកាលទី១ កញ្ញាប៊េប៊ី លោកជ័យ សុវ៉ាត តារាចម្រៀងមកពីផលិតកម្មសាន់ដេ លោកសុគន្ធ ដេវី តារាចម្រៀងមកពីផលិតកម្ម BN លោកខៀវ ប៊ុនលាភ តារាចម្រៀងមកពីផលិតកម្ម E Nation លោកនីគី តារាចម្រៀងមកពីផលិតកម្ម JH លោក សុខ ដែន តារាក្បាច់គុនមកពីផលិតកម្ម BN តារាចម្រៀងកំពុងពេញនិយមកញ្ញា អ៊ុង នីនិច តារាចម្រៀងផ្កាយរះក្នុងសួនប្អូនប្រុស សោម វិរ:បុត្រ តារាចម្រៀង Original Song លោកថន ណារ៉ុង អមដោយពិធីករពិការិនីឆ្នើម៣រូប គឺ កញ្ញា ប៉ុបពី លោកនីរិទ្ធិ អែនឌ្រូ មកពីប៉ុស្ដិ៍លេខ៩ និងលោកធៀ ហាក់មុនី អតីតពិធីករប៉ុស្ដិ៍លេខ៥ សុទ្ធតែបានធ្វើឲ្យព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំកក្រើកខ្លាំង។

នេះគ្រាន់តែជាការប្រគំតន្ត្រីតូចមួយ នៅក្នុងកម្មវិធីប៉ុណ្ណោះ ខណ:ដែលនៅពេលរសៀលក្នុងថ្ងៃដដែល ក៏មានការប្រគំតន្ត្រីពីសំណាក់តារាល្បីៗ ជាច្រើនផ្សេងទៀត ដើម្បីលក់សំបុត្រប្រមូលថវិកាជួយដល់និស្សិតក្រីក្រ នៅក្នុងសាកលវិទ្យាល័យ។ កញ្ញា សន រដ្ឋា តំណាងនិស្សិតជាអ្នករៀបចំកម្មវិធី បានអះអាងថាព្រឹត្តិការណ៍តាំងពិព័រណ៌ និងប្រគំតន្ត្រីរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ត្រូវបានធ្វើឡើងរាល់ឆ្នាំ ដោយការធ្វើឡើងម្ដងៗ គឺទទួលបានថវិកាបរិច្ចាគជាច្រើនពីសប្បុរសជន និងបានពីការលក់សំបុត្រប្រមូលថវិកា ដើម្បីជាតម្រូវការជួយនិស្សិតក្រីក្រ នៅក្នុងសកលវិទ្យាល័យប្រឈមការខ្វះខាត។ កញ្ញាសម្រាប់ឆ្នាំនេះមានការខុសប្លែកជាងមុន ដោយសារតែក្រៅពីការប្រគំតន្ត្រីលក់សំបុត្រ ក្នុងសាលក៏មានការប្រគំតន្ត្រីចូលរួមពីគ្រួសារតារាកម្ពុជា នៅបរិវេណតាំងពិព័រណ៌ ដើម្បីឲ្យមានការទស្សនាដោយសេរី និងដើម្បីឲ្យមានការបរិច្ចាគពីអ្នកទស្សនាផងដែរ។

កញ្ញាចាត់ទុកថា ការរៀបចំកម្មវិធីសប្បុរសធម៌នៅក្នុងឆ្នាំនេះគគ្រឹកគគ្រេងជាងមុន តែកញ្ញាមិនទាន់អាចប្រាប់ឲ្យដឹង ពីតួលេខថវិកាមូលនិធិដែលទទួលបាននៅឡើយទេ ដោយសារតែមិនទាន់មានការបូកសរុបអស់នៅឡើយ៕