ផ្ទុយពីតារាភាគច្រើនដែលប្រកាសដើរចេញពីសាន់ដេជាបន្តបន្ទាប់ តារាចម្រៀងល្បីឈ្មោះមិនធម្មតាផងដែរលោក នាយចឺម បែរជាអះអាងថាលោកមិនខ្វល់ពីរឿងដើរចេញនោះទេ ដរាបណាសាន់ដេនៅតែមានបទចម្រៀងចេញអោយ បើទោះជាចេញយឺតយ៉ាវបន្តិច។
លោកថាខ្លួននឹងបន្តការងារជាមួយផលិតកម្មមួយនេះ ដោយគ្មានការបកក្រោយ ហើយក្នុងពេលដ៏ខ្លីលោកក៏នឹងមានការងារច្រើនទៀតជាមួយនឹងផលិតកម្មសាន់ដេ។ លោកបានបញ្ជាក់ថា ក្នុងឱកាសឡើងច្រៀងប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី២៧ ឧសភា ក្នុងកម្មវិធី «Carabao TV5 Spark Concert» គឺជាការបើកសម្ពោធបទថ្មីដែលចេញដោយសាន់ដេ ក្រោយបទចម្រៀង«ហាមលេងជេរម៉ែ»ទទួលបានការគាំទ្រ។ ក្នុងនោះបទចម្រៀងរបស់លោកចំនួន៥ទៅ៦បទផ្សេងទៀត ក៏គម្រោងចេញលក់ផងដែរ សម្រាប់អំឡុងឆ្នាំ២០១៨នេះ ទើបលោកកក់ក្ដៅដល់ម្លឹងជាមួយសាន់ដេ។
នាយចឺម បានបង្ហាញនូវភាពលេចធ្លោរយ៉ាងខ្លាំង លើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥នៅក្នុងថ្ងៃនោះ ដោយក្រៅពីបញ្ចេញស្ទីលរាំបានរស់រវើក លោកក៏បានបកស្រាយបទស្រែកធ្វើអោយមានការកោតសរសើរ និងបានបរិយាយកំប្លុកកំប្លែងធ្វើអោយអ្នកគាំទ្រសប្បាយណាស់ដែរ។
លោកថាកម្មវិធី «Carabao TV5 Spark Concert» បានផ្ដល់កិត្តិយសអោយលោកបង្ហាញមុខចំនួន២លើកមកហើយ ដោយការបង្ហាញមុខលើកនេះ ក៏ស្របពេលផលិតកម្មសាន់ដេបញ្ចេញបទ«ចង់ក្លាយជាអ្នកចម្រៀង»អោយលោកផងដែរ ទើបលោកយល់ថាការបង្ហាញខ្លួននៅក្នុងថ្ងៃនោះ គឺជាការប្រូម៉ូដបទថ្មី ដែលធ្វើអោយលោករំពឹងពីការចាប់អារម្មណ៍មួយថ្មី ក្រោយពីបទ«ហាមលេងជេរម៉ែ!» ចេញបង្ហាញយូរដែរ ហើយមិនមានស្នាដៃថ្មីភ្លាមៗ៕
មតិយោបល់