ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនទាន់មានOriginal Song តែតារាចម្រៀង នីគី ប្រឹងឈរ

រយ:ពេលប្រមាណច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្ម HJ លោក អឿ ចាន់ថន ហៅនីគី បានក្លាយជាចម្រៀងកុងត្រា ប៉ុន្តែគេនៅតែមិនឃើញតារាចម្រៀងរូបនេះ មានបទចម្រៀងលេចធ្លោនៅឡើយទេ ក្នុងនោះសូម្បីតែបទចម្រៀង Original Song ក៏មិនទាន់ឃើញមាននោះដែរ។ ប៉ុន្តែគេកត់សម្គាល់ថា លោកខំប្រឹងក្រោកឈរ បើទោះជាវិថីសិល្ប:ស្ថិតក្នុងការប្រកួតប្រជែងមួយដ៏តឹងតែង។
លោកនីគី និយាយថា នៅក្នុងអាជីពចម្រៀងលោកស្ទើរតែអត់ពន្លឺតែម្ដង ដោយសារតែលោកខ្វះការជ្រោមជ្រែង ខណ:ដែលចូលជ្រក នៅក្នុងផលិតកម្ម JH ក៏មិនអាចឲ្យលោកមានសន្ទុះតាមការចង់បាន ក្នុងរយ:ពេល១ឆ្នាំមកហើយ ដែលលោកជ្រកកោន។

លោកជាកូនពៅក្នុងចំណោមបងប្អូន៨នាក់ ប្រុស៤ស្រី ដោយក្នុងគ្រួសាររបស់លោក គឺគ្មានអ្នកប្រឡូកសិល្ប:នោះទេ ទើបលោកយល់ថា ការវិវត្តន៍ខ្លួនក្លាយជាតារាសិល្ប:របស់ខ្លួន គឺដំណើរផ្សងព្រេងមួយដែលពិបាក។ យ៉ាងណាមិញ តារាដែលមានដើមកំណើត មកពីខេត្តពោធិសាត់រូបនេះ ប្រកាសថាមិនអស់សង្ឃឹមនោះទេ ដោយសារតែលោកទើបតែបានប្រឡូកអាជីពចម្រៀងបានមួយឆ្នាំចុងក្រោយ ហើយបើទោះជាមិនទាន់មានអ្នកស្គាល់ច្រើននៅឡើយ ក៏ចាប់ផ្ដើមមានពន្លឺបណ្ដើរៗ ក្នុងពេលចុងក្រោយ។ រយ:ពេល២ឆ្នាំនៅក្នុងផលិតកម្ម JH លោកទើបតែមាន២បទបើកឆាកក្នុងទំព័រសិល្ប:របស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែលោកថា នឹងប្រឹងក្រោកឈរ ដោយមិនរុញរានោះទេ ដើម្បីសម្រេចក្ដីសុបិន្តរបស់លោក ឲ្យមានកម្រិតឈានឡើង។

តារាដែលត្រូវគេស្គាល់ថា ធ្លាប់ឆ្លងកាត់ការងារជាកម្មកររោងចក្ររូបនេះ បន្តថា អាជីពសិល្ប: គឺជាអ្វីដែលលោកចង់តស៊ូ អ៊ីចឹងហើយទើបលោកសុខចិត្តខាតបង់លុយកាក់អស់មួយសន្ធឹក ទម្រាំតែបានក្លាយខ្លួនជាតារាចម្រៀងអាជីពមួយរូប។ លោកនីគី បានបង្ហាញខ្លួនបើកសម្ពោធបទថ្មីរបស់លោកទាំង២បទ នៅក្នុងព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៣ មករា ដែលចម្រុះដោយតារាល្បីៗ វ័យក្មេងនៅក្នុងពិភពសិល្ប:។

តាមរយ:ការបកស្រាយបទចម្រៀងទាំង២របស់លោក គេកត់សម្គាល់ថាលោកមានទឹកដមសំឡេងល្អ ដោយលោកគឺជាតារាយុវវ័យ តែមានស្ទីលច្រៀងជាប្រភេទបទបែបជំនាន់ដើម ដោយសំលេងរបស់លោកក៏មិនចាញ់បទរបស់ម្ចាស់ដើមនោះដែរ បើទោះជាការគាំទ្រចំពោះលោកនៅមានកម្រិត។

ស្ថិតក្នុងវ័យ២៦ឆ្នាំ លោកនីគី នៅតែយល់ថាខ្លួនមិនផ្ដើមពីសូន្យ ដោយរំពឹងថាអាជីពចម្រៀងរបស់លោកនឹងចាប់ផ្ដើមមានសន្ទុះ ក្នុងពេលដែលលោកក៏ប្រកាសថា នឹងផលិតបទផ្ទាល់ខ្លួនឲ្យបានច្រើន ជាពិសេសគឺបទ Original Song ដើម្បីធ្វើការវាយលុកទីផ្សារ។ ក្នុងពេលដ៏ខ្លី លោកនឹងមានបទចម្រៀងជាបទភ្លេងថ្មីជារបស់ខ្លួន ដោយលោកក៏នឹងផ្ដើមពង្រីកឱកាសឡើងឆាកតន្ត្រីទូរទស្សន៍ ក្នុងពេលស្របគ្នាផងដែរ ដើម្បីឲ្យក្ដីស្រម៉ៃរបស់លោកទទួលបានជោគជ័យ៕

មតិយោបល់