កាលពីថ្ងៃទី១៧ មករា តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលត្រូវគេដឹងថាមានជំងឺដាច់សរសៃប្រើសបេះដូង និងប្រហោងបេះដូងរហូតដល់ដំណាក់កាលប្រឈមនឹងជីវិតព្រោះតែខ្វះថវិកាព្យាបាលនោះ បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធរឿង «ខ្មោចស៊ីឈ្មួល» បន្ទាប់ពីនាងត្រូវបានសប្បុរសជនរួមគ្នាបរិច្ចាគថវិកាជួយសង្គ្រោះជីវិត។ នៅក្នុងពិធីនោះ នាងក៏បានលាតត្រដាងពីការទាក់ទងរបស់លោកខៃ ប្រសិទ្ធ ក្រោយពីលោកផ្ដល់អោយ១៨០០០ដុល្លារ ជួយសង្គ្រោះជីវិតដើម្បីអោយនាងបានវះកាត់នោះដែរ។
ឆ្លើយតបនឹងការលើកឡើងថា លោក ខៃ ប្រសិទ្ធិ បានជួយថវិកាអោយនាងបានលុយវះកាត់ចំនួន១៨០០០ដុល្លារ ព្រោះតែលោកហុតទឹកសម្លឹងកាក កញ្ញា ពេជ្រ ចរណៃ និយាយថា លោកខៃ ប្រសិទ្ធិ ពិតជាបានទាក់ទងមកកាន់នាងមែន ក្រោយពីលោកបានយកលុយទៅជួយដល់នាងអោយបានវះកាត់នៅក្នុងប្រទេសថៃ។ នាងថាលោករមែងឆាតមក និងសួរសុខទុក្ខជាប្រចាំ ប៉ុន្តែមិនមែនក្នុងន័យហុងទឹកសម្លឹងកាកដូចអ្វីដែលបានប៉ាន់ស្មាននោះទេ ប៉ុន្តែគឺលោកសួរនាំ និងទាក់ទងជារបៀបបងប្រុស ឬដូចឪពុកទី២ ដែលគ្រាន់តែចង់ដឹងថាតើនាងយ៉ាងម៉េចហើយ និងមានសភាពក្រោយការវះកាត់យ៉ាងណាប៉ុណ្ណោះ។
នាងថាលោកខៃ ប្រសិទ្ធិ អត់មានឆាតមកសួរពីនាងលើសពីអ្វីក្រៅពីចង់ដឹងសុខទុក្ខនោះទេ ហើយនាងបានទាំំងសរសើរថាអតីតតារាសម្ដែងល្បីល្បាញរូបនេះ អត់ចង់បានការតបស្នងណាមួយ ក្រោយការផ្ដល់លុយអោយនាង១៨០០០ដុល្លារនោះផង។ នាងថាអ្នកខ្លះជួយសង្គ្រោះជីវិតរបស់នារីព្រោះតែចង់បានអ្វីជាថ្នូរក្រោយពេលនាងជា ប៉ុន្តែសម្រាប់លោក ខៃ ប្រសិទ្ធិ ដ្បិតថាលោកបានទំនាក់ទំនងមកនាងក្រោយពីនាងបានចេញពីពេទ្យអ៉ីចឹងមែន ប៉ុន្តែលោកសួរដោយត្រង់ សួរដោយទឹកចិត្ត គឺមិនមែនមានគំនិតផ្ដេសផ្ដាសដូចអ្វីដែលគេលើកឡើងថាជំនួយរមែងចង់បានចំណងនោះតែម្ដង។
នាងផ្អែកតាមការរៀបរាប់របស់លោកខៃ ប្រសិទ្ធិ ក្នុងពេលយកលុយទៅអោយនាង គឺលោកមិនមែនទើបតែយកថវិកាមកជួយសង្គ្រោះជីវិតរបស់នាងប៉ុណ្ណោះទេ គឺកន្លងមកលោកក៏ជួយបុគ្គលផ្សេងទៀតជាច្រើនផងដែរ ដោយគ្រាន់តែគ្មានការផ្សព្វផ្សាយហើយមិនសូវមានការដឹងឮ។ នាងសប្បាយចិត្តដែលបានវះកាត់ ហើយជាដូចដើម ដោយនាងប្រកាសទទួលសម្ដែងយ៉ាងពេញទំហឹងក្នុងពេលនេះ ដោយគ្រាន់តែមិនទាន់ហ៊ានទទួលថតរឿងជាប្រភេទវាយតប់ភ្លាមៗប៉ុណ្ណោះ។
ពេជ្រ ចរណៃ បន្តទៀតថា សុខភាពរបស់នាងក្រោយការវះកាត់មិនខុសពីមនុស្សដែលមិនធ្លាប់មានជំងឺដាច់សរសៃប្រើសបេះដូង និងប្រហោងបេះដូងនោះទេ ដោយគ្រាន់តែតម្រូវអោយតាមដាននៅក្នុងពេទ្យថៃជាទៀងទាត់ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយ និងដល់គ្រប់មួយឆ្នាំទៅពិនិត្យមួយដងទៀតគឺជាស្រេច។ នាងថាជីវិតរបស់នាងត្រូវបានជប់ដោយក្រុមសប្បុរសជន ជាពិសេសគឺលោកខៃ ប្រសិទ្ធិ ដោយលោកនៅតែសួរនាំនាងក្រោយការជួយអោយមានលទ្ធភាពវះកាត់ ប៉ុន្តែនាងហ៊ានធានាថាលោកអត់មានគិតចង់បានអ្វីជាថ្នូរដូចអ្នកខ្លះដែលហ៊ានបោះលុយជួយសង្គ្រោះជីវិតមនុស្សម្នាក់ ហើយចង់បានសំណងនោះទេ៕
https://youtu.be/TxHakoVJM-Y
មតិយោបល់