ព័ត៌មានសិល្បៈ និងកម្សាន្ត

ច័ន្ទ ម៉ាលីស ប្រកាសលុបកម្អែល«ទាល់តែយូរបានស៊ីអូនបាន»!

ក្នុងពិធីខួបកំណើតឆ្នាំថ្មី របស់តារាចម្រៀងនាង ច័ន្ទ ម៉ាលីស នាងបានសារភាពថានៅមិនទាន់មានណាដែលនាងច្រៀងថ្មី ហើយផ្ទុះឲ្យស្មើនឹងបទ«ទាល់តែយូរបានស៊ីអូនបាន»នោះទេ ថ្វីដ្បិតតែក្នុងនោះមានការរិះគន់ស្ទើរពេញផ្ទៃប្រទេសព្រោះតែមានអ្នកប្រតិកម្មនឹងខ្លឹមសារបទចម្រៀងរបស់នាង។ ច័ន្ទ ម៉ាលីស បញ្ជាក់ថា នាងប្រឹងធ្វើបទថ្មីៗខ្លាំងណាស់ ប៉ុន្តែនៅតែមិនទាន់មានបទណាលោតឲ្យខ្លាំង ដើម្បីលុបបំបាត់កម្អែលក្នុងបទដែលរងការរិះគន់ តែធ្វើឲ្យនាងបានក្លាយជាតារាដែលត្រូវគេស្គាល់ច្រើននោះទេ។

តារារូបនេះបញ្ជាក់ថា ផ្អែកតាមបរិបទនាងពិតជាត្រូវគេស្គាល់ខ្លាំងតាមរយ:បទ«ទាល់តែយូរបានស៊ីអូនបាន»ក្នុងពេលមានការរិះគន់នោះមែន ដោយនាងបានយល់ស្របថាបើកុំតែច្រៀងបទនោះ ប្រហែលជានាងពិបាកឈរជើងនៅក្នុងពិភពចម្រៀងដែលមានការប្រកួតប្រជែងនោះផង។

ជាក់ស្ដែងទោះជានាងប្រឹងចេញបទចម្រៀងល្អៗច្រើនបទទាំងក្នុងពេលជ្រកនៅផលិតកម្ម BN និងទាំងក្រោយផុតកុងត្រា ក៏បទដែលនាងផលិតឡើងនៅគ្រប់ឥទ្ធិពលកម្អែលបទនោះមិនទាន់បាន។ អ៉ីចឹងហើយទើបនាងហាក់បាក់ទឹកចិត្តម្ដងៗ ដោយងាកទៅបើកជំនួញបើកហាងភោជនីយដ្ឋាននៅខេត្តព្រៃវែង និងបើកហាងសាឡននៅម្ដុំវត្តទួលទំពូង ជំនួសឲ្យការខាតពេលជាមួយនឹងអាជីពចម្រៀងវិញ។

យ៉ាងណាមិញតាមរយ:បទ«កុំដៀលព្រៃវែង»ក៏ធ្វើឲ្យគេបានស្គាល់នាងខ្លាំងបន្ទាប់ពីបទ«ទាល់តែយូរបានស៊ីអូនបាន»ផងដែរ ថ្វីដ្បិតតែធៀបនឹងភាពជាក់ស្ដែង គឺបទដែលគេបានរិះគន់នាងបានជួយឲ្យគេនៅចងចាំនាងលប់ជាង។
នាងសារភាពថានៅក្នុងពេលខ្លះគេមិនសូវចាំមុខ និងឈ្មោះរបស់នាងនៅឡើយទេ ប៉ុន្តែបើប្រកាសថាម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន» គឺស្គាល់តែម្ដង ទើបនាងនៅតែយល់ស្របថាមិនទាន់មានបទក្រោយដែលនាងចំណាយការផលិតអាចលប់បទនោះ។ នាងប្រកាសប្រឹងចេញបទOriginal Song វាយលុកបន្ថែមទៀត ដោយនាងរំពឹងថានឹងមានបទថ្មីវាយសង្គ្រប់បទ«ទាល់តែយូរបានស៊ីអូនបាន»ក្នុងពេលឆាប់ៗ។

នៅក្នុងពិធីខួបកំណើតឆ្នាំនេះ ច័ន្ទ ម៉ាលីស បានរៀបចំធំដុំនៅលើអាគារអាគារ Moon Plaza Bar នៅម្ដុំអូរឫស្សីយ៉ាងកាលីបតែម្ដង ដោយគ្រាន់តែចំណាយលើអាហារប៊ុហ្វេ និងរៀបចំឲ្យភ្ញៀវអង្គុយកម្សាន្តនៅអាងហែលទឹកលើអាគារក៏ចំណាយមិនតិចនោះដែរ។

ប៉ុន្តែនាងថាពិធីខួបកំណើតឆ្នាំនេះ នាងមិនធ្វើធំដុំដូចកាលឆ្នាំមុននោះទេ ដោយនាងចង់ធ្វើជាលក្ខណ:គ្រួសារ និងមិត្តភ័ក្រ្តជិតស្និទ្ធៗច្រើនជាង។ ក្នុងនោះនាងក៏ប្រកាសថាមិនចង់បានអ្វីក្រៅពីជូនខ្លួននាងឲ្យទទួលបានជោគជ័យទាំងក្នុងការងារសិល្ប: និងការងារបើកជំនួញ សម្រាប់ឆ្នាំថ្មីនេះផងដែរ។ នាងរំពឹងថាទីផ្សារចម្រៀងនឹងស្ទុះឡើងក្រោយធ្វើខួបកំណើត ដោយនាងក៏មានគម្រោងចេញទៅសម្ដែងនៅអូស្រ្តាលីផងដែរ បន្ទាប់ពីបានខកខានទៅសម្ដែងនៅជប៉ុន និងប្រទេសមួយចំនួនព្រោះតែដកឃ្លាពីការងារអត់រួច៕

មតិយោបល់