ព័ត៌មានសិល្បៈ និងកម្សាន្ត

ឪពុក ករុណា ពេជ្រ នៅតែស្ថិតក្នុងភាពពិការ ក្រោយវះកាត់!

បើទោះជាបានទទួលការវះកាត់ ក្រោយជំងឺដាច់សរសៃឈាមបុកដល់ខួរក្បាលបណ្ដាលអោយនៅនឹងកន្លែង ក៏ឪពុករបស់តារាចម្រៀង លោក ករុណា ពេជ្រ នៅតែស្ថិតក្នុងសភាពកម្រើកកាយមិនទាន់បាន ដែលលោកបានហៅសភាពរបស់ឪពុកថានៅតែស្ថិតក្នុងភាពពិការ ក្រោយទទួលបានការសង្គ្រោះពីពេទ្យឯកជនមួយ។ យ៉ាងណាមិញ លោកថាបើគ្មានការវះកាត់បានទាន់ពេលវេលានោះទេ ប៉ុន្តែសភាពពិការរបស់ឪពុកក៏មិនមាននោះផង ដោយសារតែក្នុងពេលដាច់សរសៃឈាម ហើយបុកដល់ខួរក្បាលនោះ គឺធ្វើអោយឪពុករបស់លោកមានការប្រឈមខ្លាំង។

លោក ករុណា ពេជ្រ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀង ទើបបានតំណែងជាអ្នកចាត់ការប្រចាំផលិតកម្មថោន បានថ្លែងប្រាប់ថា ក្រោយការវះកាត់ លោក ម៉ុក សាខន វ័យ៦៦ឆ្នាំ ជាឪពុករបស់លោកនៅមិនទាន់អាចកម្រើកខ្លួន និងមានសភាពដូចដើមនោះទេ ដោយទើបតែលេបទឹកមាត់បាន និងកម្រើកដៃជើងបានតិចតួចនៅលើគ្រែក្រោមការមើលថែរបស់គ្រូពេទ្យ និងកូនចៅប៉ុណ្ណោះ។

លោកថា សភាពរបស់ឪពុកលោកមានភាពប្រសើរឡើង ប៉ុន្តែនៅមិនទាន់ឆ្លងផុតពីភាពពិការនោះឡើយទេ ទើបធ្វើអោយលោកធ្វើអ្វីក៏លែងចង់កើត ហើយក៏មានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តនិយាយមិនចេញ ក្នុងពេលដែលឪពុកលោកគឺនៅល្អជាងកាលពីប៉ុន្មានអាទិត្យមុនសោះ ប៉ុន្តែបែរជាមកសម្រាកស្ដូកស្ដឹងលើគ្រែ ដោយសូម្បីតែកូនចៅក៏មិនទាន់ស្គាល់អស់ បន្ទាប់ពីមានសភាពឡើងឈាមហើយបុកដាច់សរសៃខួរក្បាល កាលពីថ្ងៃទី៣ ខែមករា។ លោកប្រកាសកាត់អាយុរបស់ខ្លួនប៉ុន្មានឆ្នាំក៏បាន អោយតែអាចជួយអោយឪពុកដឹងខ្លួន និងក្រោកដើរបាន ដើម្បីអោយឪពុកលោកបានបន្តផ្ដល់ភាពកក់ក្ដៅអោយលោក និងកូនចៅបាន។ លោកថាខួរក្បាលរបស់ឪពុកនៅហើម ទើបការចងចាំនៅមានកម្រិត ហើយក្រៅពីមានការព្យាបាលដោយថ្នាំ និងវះកាត់ ក៏ព្យាបាលដោយចលនាក៏ត្រូវធ្វើឡើងដោយពេជ្រជំនាញផងដែរ ទម្រាំតែឪពុកលោកអាចកម្រើកចុងដៃបានបន្តិចបន្តួច និងអាចលេបទឹកមាត់បាន ដែលជាអាការៈល្អប្រសើរជាងមុននេះ។

លោក ករុណា ពេជ្រ បញ្ជាក់ថា ក្នុងរយៈពេលជាងកន្លះខែ ដែលឪពុកលោកស្ថិតក្នុងភាពពិការ លោកមិនត្រឹមតែស្វះស្វែងព្យាបាលឪពុកតាមបែបវិជ្ជាសាស្រ្តនោះទេ គឺសូម្បីតែលែងសត្វ និងការបួសសួងផ្សេងៗក៏លោកបានធ្វើផងដែរ ដើម្បីអាចជួយអោយឪពុករបស់លោកបានឆ្លងផុតគ្រោះថ្នាក់ទាំងផ្លូវងងឹត និងផ្លូវភ្លឺ។ លោកថាក្ដីសង្ឃឹមរឿងឪពុកបានជាដូចដើម ពិតជាកើតមានឡើង ជាពិសេសបន្ទាប់ពីខួរក្បាលដែលទើបវះកាត់នឹងស្រកបាត់ហើម ហើយការធ្វើចលនាក៏អាចធ្វើអោយដៃជើង និងសរសៃដែលខួរក្បាលមិនស្គាល់នោះ អោយមានភាពប្រសើរក្នុងពេលឆាប់។ លោកថានៅពេលឪពុកឈឺធ្ងន់ គឺអត់មានអ្វីសំខាន់ជាងជីវិតរបស់អ្នកមានគុណទេ ទើបអ្វីក៏លោកទម្លាក់ចោល ដោយទម្លាក់ការងារនៅខាងផលិតកម្ម និងខាងផ្សារកុងតឺណឺ មួយឡែកដាច់ឆ្ងាយ៕

មតិយោបល់