ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ថានការណ៍ស្មុគស្មាញម្លឹងហើយ សោភា ទេពី នៅតែឆ្លងផុតវគ្គថ្មី Cambodian Idol

កាលពីយប់ថ្ងៃទី១៩ មករា ទូរទស្សន៍ហង្សមាស បានដំណើរការចាក់ផ្សាយកម្មវិធី Cambodian Idol ក្នុងវគ្គទី២ឬ Theater Round ជាផ្លូវការហើយ ដោយបេក្ខនារី ញឹម សួនសោភាទេពី ឬ សោភា ទេពី បានឆ្លងផុតវគ្គដ៏ចម្រូងចម្រាស់នេះហើយ បើទោះជាវិញ្ញាសារដែលនាងបានជាប់ គឺជាវិញ្ញាសារច្រៀងជាក្រុមមានគ្នា៤នាក់ ហើយការបកស្រាយចម្រៀងតម្រូវឲ្យនាងប្ដូរតុងសំឡេងឲ្យស៊ីនឹងបេក្ខនារី៣រូបផ្សេងទៀត ដើម្បីកុំឲ្យភ្លៀវនឹងភ្លេង។

នាងគឺជាបេក្ខនារីមួយរូប ដែលបានចេញទៅប្រកួតលើកោះឋានសួគ៌ ក្នុងខេត្តព្រះសីហនុតែម្ដង ដោយមិនមានការធ្វើតេស្ដជម្រុះដូចគ្នានឹងបេក្ខជនបេក្ខនារីផ្សេងទៀតនោះទេ ដោយសារតែនាងប្រឡងជាប់ក្នុងវគ្គ Judge Audition បាន យេស ដល់ទៅ៤ និងទទួលបានការសរសើរពីគណកម្មការគឺតារាទាំង៤រូប។ នាងត្រូវបានកម្មវិធីប្រកាសថាជាសិស្សរបាំបុរាណ និងជាតារាចម្រៀងអាហ្វែ ទើបគេឃើញនាងមានស្ទីលបកស្រាយបទចម្រៀងបានល្អទាំងបទបុរាណ និងបទសម័យ។ ក្នុងវគ្គឡើងច្រៀង៤នាក់ នៅបរិយាកាសត្រជាក់លើកោះកណ្ដាលមហាសាគរនេះ គេឃើញរលកសំឡេងរបស់បេក្ខជនបេក្ខនារីភាគច្រើនមានការប្រែប្រួល ដោយសារតែត្រូវធ្វើដំណើរឆ្លងសមុទ្រផ្លូវឆ្ងាយ ហើយមានអ្នកខ្លះបើទោះជាមិនពុករលក ក៏មានអាការ:ផ្ដាសាយនៅពេលមកដល់លើកោះ។

ប៉ុន្តែសោភា ទេពី នៅតែបកស្រាយបទចម្រៀងបានល្អ ដោយក្នុងពេលបកស្រាយបទចម្រៀង៤នាក់ ដើម្បីឲ្យគណកម្មការផ្ដល់ពិន្ទុឲ្យឡើងទៅកាន់វគ្គបន្ត គឺនាងបញ្ចេញស្ទីលច្រៀងបានល្អក្នុងក្រុមទាំងក្នុងកាល:ដែលសមាជិកខ្លះពិបាកបន្ទាប និងដំឡើងតុងសំឡេងឲ្យស៊ីសង្វាក់គ្នានោះផង ទើបនាងត្រូវបានជ្រើសឲ្យជាប់ទៅកាន់វគ្គបន្ត ដែលនឹងធ្វើការប្រកួតប្រជែងនៅសប្ដាហ៍ក្រោយ។ វត្តមានឈានឡើងរបស់នាងបានធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយសារតែមុនបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol នាងត្រូវបានគេឃើញបង្ហាញខ្លួននៅក្នុងកម្មវិធីសប្បុរសធម៌ខ្លះមកហើយ ដោយការបង្ហាញខ្លូនក្នុងកម្មវិធីសប្បុរសធម៌ថ្មីនៅសាកលវិទ្យាល័យភូមិភ្នំពេញកាលពីពាក់កណ្ដាលខែមករា បានធ្វើឲ្យនាងទទួលបាននូវភាពលេចធ្លោរនោះផង បន្ទាប់ពីមានការប្រកាសថានាងជាបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol ។

សោភា ទេពី ត្រូវបានគេប៉ាន់ស្មានថានឹងមានឱកាសកាន់ពានប្រសិនបើនាងបន្តទៅកាន់វគ្គបន្ត ដោយសារតែនាងធ្លាប់បង្ហាញសមត្ថភាពបកស្រាបបទញាក់ក៏ល្អ បទស្នេហាយុវវ័យក៏ល្អ ហើយអ្វីដែលសំខាន់គឺនាងថែមទាំងអាចច្រៀងបទប្រភេទមរតកដើម និងបទបែបមហោរីបានយ៉ាងល្អមិនធម្មតាស្រេចហើយ។ យ៉ាងណាមិញ គេមិនទាន់ថាបេក្ខនារីដែលមានសមត្ថភាពច្រើនមិនធម្មតារូបនេះ តើនឹងអាចបានបន្តទៅកាន់វគ្គ Live Show ឬយ៉ាងណានោះទេ ក្នុងពេលដែលកម្មវិធីទាំងមូលក៏មានសុទ្ធតែបេក្ខជនបេក្ខនារីដែលមានសមត្ថភាពស្ទើរតែគ្រប់គ្នាបែបនេះ៕

មតិយោបល់