ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុន សុវណ្ណភក្តី បដិសេធបែកបាក់ភរិយា ដោយសារនាយចឺម

ក្រោយពីមានការទម្លាយ លោក ឈុន សុវណ្ណភក្តី ម្ចាស់ផលិតកម្មBKS បានលែងលះភរិយាស្ងាត់កាលពីអំឡុងខែ១០ ដោយហេតុផលនៃការលែងលះគឺបណ្ដាលមកពីប្រចណ្ឌជាមួយនាយចឺម។ ដំណឹងនេះបានធ្វើអោយលោក មានការហួសចិត្តយ៉ាងខ្លាំង ក្នុងនោះក៏បានចេញមុខច្រានចោលនូវអ្វីដែលបានលើកឡើងផងដែរ។

លោក ឈុន សុវណ្ណភក្តី ម្ចាស់ផលិតកម្ម BKS បានសារភាពថា ចំណងស្នេហ៍ប្ដីប្រពន្ធរបស់លោក ពិតជាបានដាច់ស្រេចគ្នា ដូចអ្វីដែលបានលើកឡើងមែន តែលោកបញ្ជាក់ថា នាយចឺម មិនមែនជាមូលហេតុនៃជម្លោះនោះទេ។ លោកថារវាងលោក និងភរិយា គឺអត់ចុះសម្រុងដោយទំនាក់ទំនងប្ដីប្រពន្ធ ហើយលោកក៏មិនអាចទម្លាយពីរឿងរ៉ាវផ្ទៃក្នុងនោះ ជាសាធារណៈបានដែរ ដោយលោកអាចបញ្ជាក់ត្រឹមថា ការបែកបាក់រវាងលោក និងភរិយា ដោយសារប្រចណ្ឌនាយចឺម គឺជារឿងប្រាសចាកការពិតទាំងស្រុង។ លោកថាការផ្សាយបែបនោះ ស្មើនឹងធ្វើអោយស្អុយឈ្មោះថាលោក និង នាយចឺមស្រលាញ់ភេទដូចគ្នា ខណៈដែលអតីតភរិយា របស់លោក បានដឹងយ៉ាងច្បាស់ថា នាយចឺមមិនមែនជាមូលហេតុទេ ហើយរវាងលោក និងនាយចឺម គឺស្រលាញ់រាប់អានគ្នាជាបងប្អូន ដោយអត់មានទំនាក់ទំនងជារបៀបស្រលាញ់ភេទដូចគ្នានោះទេ។ លោកប្រកាសថា រវាងលោក និង នាយចឺម អត់មានអ្នកណាអាចទៅជាដូចការលើកឡើងបានទេ ទើបលោកប្រកាសថា ភរិយាលោក ដែលឈានដល់ការលែងលះគ្នាដល់តុលាការ ហើយបន្សល់ទុកកូនប្រុស១ស្រី១នោះ អត់ពាក់ព័ន្ធជាមួយការប្រចណ្ឌនាយចឺម សូម្បីតែប៉ុនក្រចកដៃ។ លោកថា អ្នកនាងម៉ែន ចេតនីត អតីតភរិយារបស់លោក ស្គាល់ចរឹតរបស់លោកច្បាស់ណាស់ ហើយគ្រួសារខាងស្រីក៏អត់សប្បាយចិត្តដែរ ដែលមានព័ត៌មានថាលោក និង ភរិយា បែកគ្នា ដោយសារប្រចណ្ឌលោក និង ប្រុស៕

មតិយោបល់