ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់កាលពីថ្ងៃទី២២ មករា លោក អេថិន ជានិច្ច ដែលត្រូវគេស្គាល់ថាជាម្ចាស់អង្គការ«ខ្ញុំខ្មែរ» និងជាម្ចាស់ផលិតកម្ម«C2Go» ដែលទើបដាក់បញ្ចាំងរឿង«ខ្មោចស៊ីឈ្នួល»បានប្រកាសថា លោកបានធានា និងរត់ច្បាប់រួចរាល់អស់ហើយ ដើម្បីយកតារា ចម្រៀង៣ក្រុមផ្សេងទៀត ទៅច្រៀងនៅក្នុងប្រទេសកូរ៉េ នៅពាក់កណ្ដាលខែកុម្ភៈ ក្នុងឆ្នាំ២០១៨នេះ។
គម្រោងនេះលោកបានប្រកាសថាសុំច្បាប់ពីរដ្ឋាភិបាលកូរ៉េ តាំំងពីជិតមួយឆ្នាំមុនម្ល៉េះ ដោយមិនមែនទើបតែបានរំលេចឡើងនោះទេ ដោយសារតែពេលកន្លងមកអង្គការរបស់លោករមែងបើកការប្រគំតន្ត្រីសប្បុរសធម៌បែបនេះនៅក្នុងប្រទេសកូរ៉េជាមួយនឹងក្រុមពលករខ្មែរនៅទីនោះ។
គម្រោងដឹកនាំតារាខ្មែរ ថៃ និងកូរ៉េ រហូតដល់៣០រូបអោយចេញទៅសម្ដែងនោះ លោកថានឹងចាកចេញទៅកាន់ប្រទេសកូរ៉េនៅអំឡុងថ្ងៃទី១២ ឬ១៣ កុម្ភៈ ហើយតារាទាំងអស់ក្រៅពីមានការប្រគំតន្ត្រី២ដងនៅទីតាំងផ្សេងគ្នា ក៏នឹងមានដំណើរទស្សនកិច្ច មិនតិចជាងមួយអាទិត្យនោះដែរនៅលើទឹកដីកូរ៉េ។ លោកថាតារាចម្រៀងខ្មែររួមមានអ្នកនាង សេន ចាយចៃ លោកអៀម វន្នី និងតារាក្មេងៗដែលមានប្រជាប្រិយភាពជាច្រើនទៀតដែលលោកនៅមិនទាន់ចង់បង្ហាញឈ្មោះក្នុងពេលស្ថិតនៅឆ្ងាយនៅឡើយ។
សម្រាប់តារាចម្រៀងកូរ៉េ លោកថាបានអញ្ជើញតារាចម្រៀងដែលមានក្បាច់រាំ និងជាក្រុមចម្រៀងដែលមានប្រជាប្រិយភាបផងដែរ ដោយលោកបានចាត់ទុកថានេះជាលើកទី១ដែលលោកដឹកនាំតារាពីស្រុកខ្មែរអោយទៅច្រៀងនៅក្នុងប្រទេសកូរ៉េ ក្នុងពេលគម្រោងសប្បុរសធម៌នៅក្នុងប្រទេសកូរ៉េកន្លងមក គឺមានតែតារាជាជនជាតិខ្មែរសុទ្ធ។ យ៉ាងណាមិញ លោកថាវត្តមានរបស់តារាកូរ៉េនៅក្នុងគម្រោងព្រឹត្តិការណ៍នាថ្ងៃនោះ មិនសូវណាស់ណានោះទេ ប៉ុន្តែអ្វីដែលលោកចាត់ទុកថាការប្រគំតន្ត្រីសម្រាប់ឆ្នាំនេះធំដុំជាងមុន គឺវត្តមានរបស់តារាចម្រៀងល្បីមកពីប្រទេសថៃ២ដួង គឺលោក ម៉ៃ ភិរមផន (Mike Phiromporn) ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងលូកធុងដ៏ល្បីប្រចាំប្រទេសថៃ និង អ្នកនាង ស៊ុណារី រាជសីម៉ា(Sunare Ratchasima) ដែលជាតារាចម្រៀងល្បីល្បាញដូចគ្នារបស់ប្រទេសថៃ ទៅច្រៀងនៅក្នុងប្រទេសកូរ៉េនោះដែរ។ លោកថាតារាចម្រៀងថៃទាំងពីរ មានបទចម្រៀងល្បីៗជាច្រើន ដោយតារាចម្រៀងល្បីៗនៅកម្ពុជា សឹងថាមិនមានតារាចម្រៀងកំពូលណាមួយមិនធ្លាប់ចម្លងបទរបស់អ្នកទាំងពីរយកមកច្រៀងនោះទេ។ តារាថៃទាំង២ដួង នឹងច្រៀងនៅក្នុងប្រទេសកូរ៉េនូវបទល្បីៗរបស់ខ្លួន ដែលភាគច្រើនគឺបទទាំងនោះមានបងប្អូនខ្មែរបានស្គាល់ច្រើនបទរួចមកហើយ ដោយសារតែមានតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជាយកមកបកប្រែច្រៀង ហើយទទួលបានការគាំទ្រមិនខុសគ្នា។ ការប្រគំតន្ត្រីនេះ លោកថាអត់តម្រូវអោយក្រុមពលករទិញសំបុត្រចូលទស្សនានោះទេ ប៉ុន្តែក្រុមពលករនឹងអាចបរិច្ចាគក្នុងមូលនិធិរបស់អង្គការ ដោយថវិកាប្រសិនបើទទួលបាន គឺលោកអត់យកមកទូទាត់ថ្លៃចំណាយលើការដឹកនាំតារាយកទៅច្រៀងសូម្បីមួយសេន ប៉ុន្តែនឹងប្រគល់អោយក្រុមការងាររបស់អង្គការប្រើប្រាស់សម្រាប់ជួយសហគមន៍ក្រីក្រ និងស្រ្តីមានផ្ទៃពោះខ្វះខាតនៅកម្ពុជា ដូចដែលអង្គការ«ខ្ញុំខ្មែរ»ធ្លាប់ធ្វើ។
លោក អេថិន ជានិច្ច បន្តទៀតថា រយៈពេល៤ឆ្នាំក្រោយអង្គការ«ខ្ញុំខ្មែរ»បង្កើតឡើង អង្គការរបស់លោកបានធានាយកតារាខ្មែរទៅសម្ដែងនៅក្រៅប្រទេសច្រើនលើករួចមកហើយ ដូចជានៅប្រទេសអូស្ត្រាលី កូរ៉េ អាមេរិក និងនៅប្រទេសថៃជាដើម ដើម្បីផ្ដល់ឱកាសអោយតារាខ្មែរបានទៅចេញទៅសម្ដែងនៅក្រៅប្រទេស និងដើម្បីប្រមូលថវិកាបរិច្ចាគជាប្រយោជន៍ដល់ពលរដ្ឋខ្មែរខ្វះខាត បើទោះជាគម្រោងមួយនេះតម្រូវអោយលោកចំណាយថវិកាផ្ទាល់ខ្លួន។
លោកថាបើលោកយកថវិកាដែលបានចំណាយទាំងអស់ប្រើប្រាប់សម្រាប់ជួយអ្នកខ្វះខាត គឺមិនខុសពីលោកមិនបានចូលរួមបំផុសពីសំណាក់អ្នកចង់ជួយសង្គមនោះទេ ហើយក៏មានន័យថាលោកមិនបានរួមចំណែកលើកស្ទួយសិល្បៈខ្មែរផងដែរ ទើបលោកសុខចិត្តចំណាយលុយធ្វើសកម្មភាពទាំងនេះ ហើយប្រមូលយកថវិកាដែលបានពីការរ៉ៃអង្គាសទុកសម្រាប់ជួយដល់សង្គមវិញ៕
https://youtu.be/0UbYWeoR8iQ
មតិយោបល់