ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន តារា ថាទាល់តែស្វាមីឡើងមកយក បានត្រឡប់ទៅថៃ

មកទល់នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែងអ្នកនាង ថន តារា ដែលជាបងស្រីបង្កើតរបស់ ថា លក្ខិណា បង្ហាញមុខនៅក្នុងប្រទេសកម្ពុជាដោយមិនឃើញត្រឡប់ទៅរស់នៅជាមួយស្វាមីនៅក្នុងប្រទេសថៃវិញទាល់តែសោះ។
ម្នាក់ៗបានខ្សឹបខ្សៀវសង្ស័យពីទំនាក់ទំនងរបស់អ្នកនាង និងស្វាមី ប៉ុន្តែត្រូវបានអ្នកនាងបង្ហើបថាអត់មានបញ្ហានោះទេ ដោយគ្រាន់តែអ្នកនាងនឹងតម្រូវទាល់តែប្ដីឡើងមកយកទើបយល់ព្រមត្រឡប់ទៅវិញប៉ុណ្ណោះ។

អ្នកនាង ថន តារា បានបញ្ជាក់នៅចំពោះមុខម្ដាយបង្កើតក្នុងពិធីឡើងគេហដ្ឋានរបស់តារាសម្ដែងលោក បញ្ញា ថា អ្នកនាង និងស្វាមី អត់មានលែងលះគ្នាស្ងាត់ៗដូចការប៉ាន់ស្មាននោះទេ ដោយគ្រាន់តែអ្នកនាងមិនព្រមចង់ទៅវិញ ដោយសារតែចង់អោយស្វាមីជាអ្នកឡើងមកយកប៉ុណ្ណោះ។ អ្នកនាងនិយាយថា«ឆ្ងល់រឿងខ្ញុំអត់ទាន់ទៅថៃវិញហ្នឹងមែន ទាល់តែប្ដីមកយកបានទៅ»។
អ្នកនាងមិនបានបង្ហើបថាអ្វីជាមូលហេតុដែលនាំអ្នកនាងទាល់តែស្វាមីឡើងមកយក ទើបយល់ព្រមទៅថៃវិញនោះទេ ដោយអ្នកនាងគ្រាន់តែអះអាងថាដរាបណាស្វាមីមិនមកយក គឺអត់ទាន់ទៅថៃទេ។ មិនខុសពីការលើកឡើង ម្ដាយរបស់អ្នកនាងដែលបានអមដំណើរជាមួយក៏បានបញ្ជាក់ដោយខ្លឹមសារស្រដៀងគ្នានោះដែរ ខណៈដែលហេតុផលដែលនៅពីក្រោយជំហរមួយនោះ អ្នកទាំងពីរច្រើនចោលមិនធ្វើការបញ្ជាក់។ ម្ដាយអ្នកនាងនិយាយថា«អត់ទាន់អោយទៅ(ថន តារា) ទាល់តែប្ដីឡើងមកយក បានអោយទៅ!»។ យ៉ាងណាមិញ អ្នកនាង និងម្ដាយនៅតែអះអាងថា ទំនាក់ទំនងជាមួយបុរសជាជនជាតិថៃគឺនៅតែដដែល បើទោះជាក្នុងពេលនេះគឺឃើញអ្នកនាងចុះមកកម្ពុជាច្រើនខែ ហើយមិនឃើញដាក់គម្រោងទៅវិញថ្ងៃណា ធ្វើអោយគេមានមន្ទិល។

ការលើកឡើងរបស់អ្នកនាង ថន តារា បានធ្វើអោយការសង្ស័យជុំវិញទំនាក់ទំនងប្រេះឆាររវាងអ្នកនាង និងស្វាមី ត្រូវបានបញ្ចប់ ថ្វីដ្បិតថាអ្នកនាងបង្ហើបនូវសម្ដីធ្វើអោយមន្ទិលថាទាល់តែស្វាមីឡើងមកយក បានព្រមទៅវិញ។ អ្នកនាងនៅតែបង្ហាញសកម្មភាពសប្បាយរីករាយ និងស្រស់ស្រាយ បើទោះជាក្នុងរយៈពេលចុងក្រោយអ្នកនាង និងស្វាមីហាក់ឃ្លាតឆ្ងាយគ្នា ដោយសារតែម្ខាងនៅប្រទេសថៃ និងម្ខាងទៀតស្នាក់នៅប្រទេសថៃ។ នៅលើបណ្ដាញហ្វេសប៊ុកអ្នកនាង និងស្វាមី នៅតែបង្ហាញសារផ្អែមល្ហែមដាក់គ្នា ទើបធ្វើអោយគេឃើញថាការពិតប្ដីប្រពន្ធទាំង២អត់មានរឿងអ្វីនៅពីក្រោយខ្នងនោះទេ តែអាចបណ្ដាលមកពីអ្នកនាងចង់អោយស្វាមីចំណាយពេលមកយកដោយផ្ទាល់ប៉ុណ្ណោះ ដែលអាចទំនងជាចង់ដឹងថាបើអ្នកនាងមិនព្រមទៅថៃទាន់ចិត្ត តើស្វាមីនឹកនាអ្នកនាង និងអន្ទះសារឡើងមកយកដល់កម្ពុជា ឬក៏អត់ច្រើនជាង៕

មតិយោបល់