ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិព័រណ៍សម្រស់កម្ពុជាឆ្នាំ២០១៦ ទាក់ទាញ

ភ្នំពេញៈ តាំងពីថ្ងៃទី២១ កក្កដា មក នៅផ្សារទំនើបអ៊ីអនម៉ល បានប្រារព្ធពិធីពិព័រណ៍សម្រស់គួរឲ្យភ្ញាក់ផ្អើលដោយមានម្ចាស់ផលិតផលធំៗជាច្រើនចូលរួមតាំងបង្ហាញផលិតផល។ ពិធីនេះ នឹងគ្រោងបញ្ចប់នៅថ្ងៃទីអាទិត្យទី២៤ កក្កដានេះ ដោយរំពឹងថានឹងទទួលបានជោគជ័យកាន់តែខ្លាំងសម្រាប់ទីផ្សារសម្រស់នៅក្នុងប្រទេសកម្ពុជា។ ពិធីនេះ ត្រូវគេឃើញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសការបង្ហាញម៉ូដសម្លៀកបំពាក់ និងការកែច្នៃផ្សេងៗ ដែលពាក់ព័ន្ធនឹងការរំលេចសម្រស់ និងស្នាដៃប្រចាំឆ្នាំ២០១៦នេះ។

ពិធីដែលរៀបចំដោយក្រុមហ៊ុន ៣៦០ ads & eventsនេះ មិនមែនជាលើកទី១នោះទេ ដោយគ្រាន់តែការប្រារព្ធពិព័រណ៍ប្រចាំឆ្នាំលើកនេះ មានការចូលរួមដោយម្ចាស់ផលិតផល និងអ្នកច្នៃម៉ូតល្បីច្រើនខុសពីសព្វដង ដែលញាំងឲ្យមានការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសនៅពេលទិដ្ឋភាពនៅក្នុងពិធីត្រូវបានបង្ហោះជាសាធារណៈ។ ក្រុមអ្នកច្នៃម៉ូដ និងម្ចាស់ផលិតផ្នែកសម្រស់ស្ទើរទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនេះទាំងអស់ ដោយគេអាចនិយាយបានថា វេទិការពិព័រណ៍សម្រស់ប្រចាំឆ្នាំ២០១៦ ដែលនឹងបញ្ចប់នៅផ្សារទំនើប AEON Mall នៅថ្ងៃអាទិត្យខាងមុខនេះ មានអ្នកចាប់អារម្មណ៍ច្រើន។ ជាពិសេសគឺវត្តមានអ្នកច្នៃម៉ូតល្បីៗដូចជាក្រុមលោក ឯម រៀម, ក្រុមសាកលវិទ្យាល័យ Raffles, ក្រុមសាកលវិទ្យាល័យ Limkokwing និង ក្រុម Lachhuk សុទ្ធតែបានបង្អួតស្នាដៃនៅក្នុងវេទិកានេះ។

តំណាងក្រុមហ៊ុន ៣៦០ ads & events ដែលជាអ្នករៀបចំបានអះអាងថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្រមូលផ្ដុំពីគ្រប់ភាគីទាំងអស់រួមមាន អ្នកច្នៃម៉ូត និងម្ចាស់ផលិតផលធំៗ ដោយផលិតផលទាំងនោះក៏ត្រូវបានបញ្ចុះតម្លៃដ៏កម្រនៅក្នុងពិព័រណ៍រយៈពេល៤ថ្ងៃនោះផង។ កម្មវិធីនេះ ត្រូវបានគាំទ្រដោយក្រុមហ៊ុនធំៗជាច្រើន ដែលមានកេរ្តិ៍ឈ្មោះក្នុងវិស័យគ្រឿងសម្អាង និងស្ថាប័នអ្នកច្នៃម៉ូដ៕

មតិយោបល់