នៅយប់ថ្ងៃទី៣ កុម្ភៈ នេះ ស្វាមីរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ បាយបាយទៅកាន់ប្រទេសអូស្រ្តាលីវិញហើយ ដែលនេះគឺជាដំណើរឃ្លាតគ្នាជាលើកទី១ ចាប់តាំងពីអ្នកទាំងពីររៀបការជាមួយគ្នា។ យ៉ាងណាមិញគេក៏ឃើញស្វាមីរបស់អ្នកនាងនាំអ្នកនាងដើរកម្សាន្តនៅក្នុងប្រទេសជប៉ុន និងនៅតំបន់គីរីរម្យបន្សល់ទុកនូវភាពផ្អែមល្ហែមរាប់មិនអស់ផងដែរ មុនពេលបាយបាយពីគ្នា។
អ្នកនាងចរិយា ពេជ្រ បានអះអាងថាស្វាមីរបស់អ្នកនាងនឹងចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី៣ កុម្ភៈនេះហើយ ដើម្បីត្រលប់ទៅធ្វើការនៅក្នុងប្រទេសអូស្រ្តាលី ដែលជាប្រទេសកំណើតរបស់លោកវិញ។ អ្នកនាងថា មុនពេលស្វាមីដល់ថ្ងៃបាយបាយ អ្នកនាងហាក់មិនសូវមានអារម្មណ៍ក្ដុកក្ដួលប៉ុន្មានទេដោយបានទាំងអះអាងថាទោះជាលោករស់នៅនៅឆ្ងាយក៏អ្នកនាងមិនមានអារម្មណ៍នឹកនាដល់ថ្នាក់បាត់មុខមិនបាននោះដែរដោយសារតែរយៈពេល៥ឆ្នាំក្នុងការស្រឡាញ់គ្នាគឺអ្នកនាង និងស្វាមីរស់នៅបែកគ្នាបែបនេះយូរមកហើយ។ ប៉ុន្តែនៅពេលវិនាទីស្វាមីត្រូវឡើងយន្តហោះកាន់តែខិតជិតដល់ អ្នកនាងបែរជាមានអារម្មណ៍ថាមិនចង់អោយដល់ម៉ោងយន្តហោះទៅវិញ។ អ្នកនាងថាអនុស្សាវរីយ៍ក្រោយពេលរៀបការ បានធ្វើអោយអ្នកនាងកាន់តែមានអារម្មណ៍គោរពស្រឡាញ់ ចំពោះស្វាមីទ្វេរដង បើធៀបនឹងពេលស្រឡាញ់គ្នាបេះមិនដាច់ដូចគ្នាមុនពេលរៀបការ។
អ្នកនាងថាមិនចង់អោយលោកទៅឆ្ងាយបែកចេញពីទ្រូងនោះទេ ដើម្បីអោយបានរស់នៅជិតគ្នា និងផ្ដល់ភាពកក់ក្ដៅអោយគ្នាទៅវិញទៅមក។ អ្នកនាងនិយាយថាស្វាមីនឹងចេញទៅអូស្រ្តាលីដោយមិនកំណត់ថ្ងៃចុះមកលេងនោះទេ ប៉ុន្តែលោកអាចចុះមកនៅពេលលោករយាលពីការងារបានភ្លាម ដោយសារតែលោកចុះឡើងៗកម្ពុជាមកលេងនាងគឺធ្វើបែបនេះដោយគ្មានកំណត់ពេលវេលាបែបនេះមកហើយ។ អ្នកនាងថាស្វាមីពិតជាផ្ដល់អោយអ្នកនាងនូវភាពផ្អែមល្ហែមមិនអាចបំភ្លេចបាន ហើយក៏ប្រកាសថាបន់អោយតែដល់ថ្ងៃស្វាមីចុះមកជាថ្មី ដើម្បីបានឃើញមុខគ្នាដោយផ្ទាល់ និងបានផ្ដល់ភាពកក់ក្ដៅអោយគ្នាមិនថាសកម្មភាពដេកដើរឈរអង្គុយ និងការដើរកម្សាន្តជាមួយគ្នា។
អ្នកនាងអារម្មណ៍ឃ្លាតគ្នាមុនពេលរៀបការ និងក្រោយរៀបការគឺខុសគ្នាដាច់ឆ្ងាយ ទើបនាងប្រកាសថាមិនចង់អោយលោកចាកចេញទៅអូស្រ្តាលីនៅក្នុងពេលនេះនោះទេ ដ្បិតថាអ្នកនាងជំរុញអោយស្វាមីទៅធ្វើការនៅទីនោះកុំអោយខកខាន៕
មតិយោបល់