ចាប់តាំងពីបានវិវត្តន៍ខ្លួនជាតារាកំប្លែង ក្រោយពីអាជីពចម្រៀង និងពិធីករអស់យូរឆ្នាំមិនសូវទទួលផ្លែផ្កា លោក អៀង ចេនឡា ត្រូវគេកត់សម្គាល់ទទួលបានឱកាសការងារច្រើនឡើងនាពេលចុងក្រោយ។ លោកក៏បានគ្រងតំណែងជាតារាសម្ដែងមួយរូប ដែលមានទីផ្សារទាំងការសម្ដែងជាតួឪពុក ជាតួកាច ជាចិត្តអាក្រក់នៅក្នុងពិភពសម្ដែងមិនអន់ជាងតារាសម្ដែងជើងចាស់ផងដែរ។ អ្វីដែលគេកត់សម្គាល់ គឺលោកត្រូវបានទូរទស្សន៍ថោន ជ្រើសអោយជំនួសតំណែងនាយកុយដែលធ្លាប់ឈ្មោះកាលពីជាង១០ឆ្នាំមុន ក្នុងរឿង«ជ័យគ្រត២០១៨» ដែលត្រៀមនឹងដាក់ផ្សាយក្នុងពេលខាងមុខនោះផង។
លោក អៀង ចេនឡា និយាយថាការសម្ដែងក្នុងរឿង«ជ័យគ្រត២០១៨»បានធ្វើអោយលោកមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដោយសារតែរឿងកំប្លែងនេះ បានជួយអោយនាយកុយក្លាយជាតារាកំប្លែងជួរមុខមកទល់នឹងបច្ចុប្បន្ន ដោយសារតែភាពល្បីល្បាញក្រោយរឿងត្រូវដាក់ផ្សាយនៅប៉ុស្ដិ៍លេខ៣។ យ៉ាងណាមិញ លោកមិនហ៊ានរំពឹងថាខ្លួននឹងល្បីខ្ទរខ្ទារដូចគ្នានឹងនាយកុយ បន្ទាប់ពីរឿង«ជ័យគ្រត២០១៨»ដំណើរការដាក់ផ្សាយនោះទេ បើទោះជាខាងផលិតករបញ្ជាក់ថាហេតុផលដែលជ្រើសអោយលោកធ្វើជាតួឯកក្នុងរឿងនេះ ក៏ព្រោះតែលោកមានទម្រង់មុខស្រដៀងនឹងតួអង្គចាស់គឺនាយកុយ និងមានទេពកោសល្យកំប្លែងក្រម៉ិចក្រម៉ើមមិនចាញ់គ្នា។
លោកថាសប្បាយចិត្តដែលបានសម្ដែងជាតួអង្គជំនួសនាយកុយ កាលពីឆ្នាំ២០០០ ដោយការសម្ដែងលើកនេះ ក៏បានសម្ដែងជាមួយកញ្ញា នី មុន្នីនាថ ដែលជាតារាល្បីម្នាក់ផង។ លោកថាមួយរឿងនេះ លោកត្រូវសម្ដែងឡប់ៗលើសពីការសម្ដែងកំប្លែងកន្លងមក ហើយបើនិយាយពីឈុតឆាកលំបាកៗក៏ច្រើនណាស់ដែរ ទម្រាំតែបានសម្ដែងចប់ជាមួយ នឹងកញ្ញា នី មុន្នីនាថ។
លោកអៀង ចេនឡា បញ្ជាក់ក្រោយបញ្ចប់រឿង«ជ័យគ្រត២០១៨»លោកនឹងមានភាពយន្តកំប្លែង និងភាពយន្តមួយចំនួនផ្សេងទៀតត្រូវសម្ដែងជាជាច្រើនទៀត ដោយលោករំពឹងថាកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈតាមរយៈការសម្ដែងនឹងស្ទុះលោងខ្លាំង ធ្វើអោយលោកសំបូរការងារនោះផង។ លោកថាក្រោយការឡើងកូដក្នុងអាជីពកំប្លែង និងអាជីពសម្ដែង អាជីពសម្រៀងរបស់លោក និងចេញធ្វើពិធីករក៏មានទីផ្សារកើនឡើងនាពេលចុងក្រោយផងដែរ៕
មតិយោបល់