ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុន ASIAN Consortium Group ស្នើនាំចូលជីជីវសាស្រ្ត មកកម្ពុជា

កាលពីម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Philipe GUERRER នាយកក្រុមហ៊ុន អេស៊ាន ខនសតស្យូមគ្រុម (ASIAN Consortium Group) និងសហការី ចូលជួបពិភាក្សាការងារទាក់ទងនឹង ការធ្វើអាជីវកម្មជីជីវសាស្រ្ត។

លោក Philipe GUERRER បានជម្រាបជូនឯកឧត្តមជ្រាបថា ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិត និងលក់ចែកចាយជីជីវសាស្រ្តនៅទូទាំងពិភពលោក ពិសេសនៅសហភាពអឺរ៉ុប។

ដោយសារកម្ពុជាមានសក្តានុពលលើធនធានធម្មជាតិ ដែលអាចធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើន ក្រុមហ៊ុនមានបំណងនាំចូលប្រភេទជីនេះមកប្រទេសកម្ពុជា សម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម ព្រោះវាមានគុណសម្បត្តិដូចជា៖ គ្មានសំណល់ជាតិពុលក្នុងផលិតផល អាចប្រើប្រាស់បានគ្រប់កម្រិតនៃផលិតកម្ម ធ្វើការបង្វែរ ឬកែទម្លាប់ពីការប្រើជីគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ បំពុលបរិស្ថាន បំផ្លាញគុណភាពដី និងដំណាំ។

ក្រៅពីនេះផលិតផលនេះអាចជួយបង្កើនទិន្នផល ការពារដំណាំពីការបំផ្លាញសត្វចង្រៃ ពិសេសបង្កើនភាតរបរិស្ថានបានយ៉ាងល្អ។

លោក Philipe GUERRER បានបញ្ជាក់បន្ថែមថា ក្រោយបានគោលការណ៍នាំចូលពីក្រសួង ក្រុមហ៊ុននឹងបញ្ជូនមន្រ្តីបច្ចេកទេសមកធ្វើបទបង្ហាញស្តីពី ការប្រើប្រាស់ផលិតផលឲ្យបានត្រឹមត្រូវ សមស្របតាមបច្ចេកទេសជូនអតិថិជន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវការគាំទ្រផលិតផលរបស់ក្រុមហ៊ុន ដោយសារតែ បច្ចុប្បន្នទីផ្សារផលិតផលកសិកម្មកម្ពុជាទាំងក្នុង និងក្រៅប្រទេស មាននិន្នាការឆ្ពោះទៅរកការប្រើប្រាស់ និងបរិភោគផលិតផលសរីរាង្គ។

ម៉្យាងទៀតដោយសារទីផ្សារសហភាពអឺរ៉ុប បានទទួលស្គាល់ផលិតផលនេះរួចហើយ ដូច្នេះក្នុងពេលអនាគតបើប្រជាកសិករប្រើប្រាស់ផលិតផលនេះ នោះវានឹងបង្កលក្ខណៈងាយស្រួលក្នុងការផ្សារភ្ជាប់ទីផ្សារ រវាងផលិតផលកសិកម្មកម្ពុជាជាមួយអឺរ៉ុប។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឲ្យក្រុមហ៊ុនសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម កសិដ្ឋាន និងខេត្តគោលដៅសំខាន់ៗដែលមានសក្តានុពលក្នុងការផលិតបន្លែ និងផ្លែឈើសរីរាង្គដើម្បីសាកល្បងអនុវត្តពិនិត្យលើគុណភាព សុវត្ថិភាព គុណសម្បត្តិ និងគុណវិបត្តិរបស់ផលិតផល រួចធ្វើការផ្សព្វផ្សាយជូន ដល់អតិថិជនមុននិងធ្វើការចែកចាយលើទីផ្សារ។

ក្រៅពីនោះ ក្រុមហ៊ុនគួរពិចារណាលើខ្សែសង្វាក់ផលិតកម្មបន្លែ និងផ្លែឈើតាំងពីការផលិត វេចខ្ចប់ និងទីផ្សារដើម្បីបង្កើនតម្លៃបន្ថែម ក៏ដូចជាការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក៕

មតិយោបល់