កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនបុរសម្នាក់ រកឃើញគ្រឿងញៀនជិត ១គីឡូក្រាម និងកាំភ្លើងខ្យល់ ៣ដើម។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានចេញនៅថ្ងៃទី២១ ខែកញ្ញានេះ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ក្រោមការណែនាំពីនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៤ ផ្ទះលេខ៣៩(បុរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងប្រតិបត្តិការ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ និងបានចាប់យកវត្ថុតាងរួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៦៨,៣៩ក្រាម, សារធាតុមិនច្បាស់លាស់ ១៦៤៦,៥៧ក្រាម, កាំភ្លើងខ្យល់ ៣ដើម និងញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមចាត់ការបន្តនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់