ព័ត៌មានសិល្បៈ និងកម្សាន្ត

DJ ម៉ៃ ក្រោយសម្ងំនៅថៃ៦ឆ្នាំ សប្បាយកើបលុយក្នុងសិល្បៈ!

កាលពីថ្ងៃយប់ថ្ងៃទី៩ កុម្ភ: តារាសម្ដែង ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកចាក់ភ្លេងអាជីព លោក ឌីជេម៉ៃ (DJ Mike) បានធ្វើពិធីខួបកំណើតយ៉ាងអធឹកអធ័ម ដោយមានតារាសិល្ប: និងមិត្តភក្តិចូលរួមច្រើនជាង១០០នាក់នៅក្នុងធំភោជនីយដ្ឋានផឹកស៊ីធំមួយ ស្ថិតនៅម្ដុំក្រុមហ៊ុន០១២វិមានឯករាជ្យ។ នៅក្នុងពិធីនោះលោកក៏បានទម្លាយថា ខ្លួនមានសមត្ថភាពកើបប្រាក់មិនក្រោមខ្ទង់ពាន់ដុល្លារនោះទេក្នុងមួយសប្ដាហ៍ បន្ទាប់ពីលោកសម្ងំហាត់រៀនជំនាញDJ និងធ្វើការនៅទីនោះប្រមាណ៦ឆ្នាំ។

DJ Mike និយាយថាប្រមាណជាង១០ឆ្នាំមុន លោកគ្រាន់តែជាតារាសម្ដែងមួយរូបប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានចំណូលចិត្តក្នុងក្លាយចង់ធ្វើជាDJ មួយរូប លោកត្រូវបានមិត្តភក្តិជាជនជាតិថៃជ្រើសយកទៅបង្ហាត់ជំនាញឌីជេនៅក្នុងទីក្រុងបាងកក ដោយក្រោយពីបានជ្រោមជ្រែងឲ្យលោកចេះស្ទាត់ពីជំនាញDJ ក៏បានបង្វឹកឲ្យលោកធ្វើការក្នុងក្លឹបធំៗនៅក្នុងប្រទេសថៃ ធ្វើឲ្យលោកស្ទាត់ក្នុងជំនាញមួយនេះផងដែរ។

លោកថាខ្លួនគឺជាDJ នៅកម្ពុជាទី១ដែលបានទទួលការបង្វឹកពីអ្នកជំនាញច្បាស់លាស់នៅក្នុងប្រទេសថៃ និងបានធ្វើការនៅទីនោះទទួលបានបទពិសោធន៍ច្រើនឆ្នាំ ទើបធ្វើឲ្យលោកត្រឡប់មកដល់កម្ពុជាក៏មិនខ្វះការងារតែម្ដង នៅក្នុងកាល:ទេស: ដែលឌីជេមួយចំនួនរកក្លឹបដើម្បីចាក់ភ្លេងឲ្យមិនបាន។ លោកអះអាងថាក្រោយពីលោកចេះស្ទាត់ជំនាញDJ មិនត្រឹមតែក្លឹបធំៗនៅក្នុងប្រទេសកម្ពុជាចាប់អារម្មណ៍ឲ្យលោកធ្វើជាអ្នកចាក់ភ្លេងជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែការងារខេត្តក្រុងក៏លោកទាញបានការងារស្ទើរគ្មានពេលសម្រាកផងដែរ ទើបលោកអាចទទួលបានមិនក្រោម១ពាន់ដុល្លារត្រឹមតែប៉ុន្មានថ្ងៃ ឬយ៉ាងច្រើន១អាទិត្យ។ លោកថាក្នុងមួយខែលោកទទួលបានច្រើនពាន់ដុល្លារពីការងារDJ តែលោកក៏នៅទទួលសម្ដែងដូចគ្នានឹងពេលមិនទាន់ចេញទៅហាត់រៀនDJ នៅក្នុងប្រទេសថៃនោះដែរ បើទោះជាការងារសម្ដែងកុនទទួលបានប្រាក់កម្រៃតិចតួចមិនសមនឹងការលះបង់។ មកទល់ពេលនេះលោកថាទទួលបានជោគជ័យទាំងការងារDJ និងការងារសម្ដែងកុន ប៉ុន្តែសម្រាប់ការច្រៀងលោកមិនចេះនោះទេ ដោយលោកប្រកាសថាសុខចិត្តប្រគល់ឲ្យគេដោយមិនហ៊ានដណ្ដើមការងារពីតារារួមអាជីពនោះផង។

DJ ម៉ៃ បញ្ជាក់ថា ក្នុងចំណោមការងារសិល្ប: ការងារឌីជេ គឺជាការងារដែលស្រួលទទួលកម្រៃបានខ្ពស់ជាងគេ ប៉ុន្តែក៏ទាមទារឲ្យអ្នកទាំងនោះមានទេពកោសល្យ និងហ្វឹកហាត់ច្បាស់លាស់ឲ្យច្បាស់ជាមុនផងដែរ ដោយមិនមែនគ្រាន់តែហាត់រៀនលំៗ ហើយក៏តាំងខ្លួនDJ រួចក៏ទទួលបរាជ័យព្រោះតែរកក្លឹបបម្រើការមិនបាននោះទេ។
លោកទទូចឲ្យតារាជំនាន់ក្រោយដែលស្រឡាញ់ការងារនេះអត់ធ្មត់តស៊ូ ហើយបើហាត់ចេះស្ទាត់ គឺឌីជេស្រួលរកលុយបំផុតមិនខុសពីលោកនោះទេ៕

មតិយោបល់