យោងតាមការបញ្ជាក់របស់ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី នៅម្ដុំបឹងកេងកង បានអះអាងកាលពីល្ងាចថ្ងៃទី២០ កក្កដា ថា សាលារបស់លោកនឹងបញ្ជូនតារាចម្រៀង និងតន្ត្រីក្មេងៗជាសិស្សឆ្នើមរបស់លោករហូតដល់២១រូប ទៅប្រកួតដណ្ដើមមេដាយផ្នែកសិល្បៈនៅប្រទេសសិង្ហបុរី។ នេះជាព្រឹត្តិការណ៍ Asian Art Festival 2017 ដែលមានបេក្ខភាពជាតន្ត្រីករ និងជាតារាចម្រៀងក្មេងៗចាប់ពីអាយុ៧ឆ្នាំឡើងមកពី១១ប្រទេសនៅអាស៊ានចូលរួមប្រកួតដណ្ដើមមេដាយ។
លោកសូ ស្រណោះ ដែលត្រូវស្គាល់ថាជាបណ្ឌិត្យព្យាណូ និងជាគ្រូបង្ហាត់ផ្នែកតន្ត្រីជំនាញម្នាក់បានអះអាងថា ដោយសារតែមានការអញ្ជើញពីកម្មវិធី Asian Art Festival ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ ទើបលោកសម្រេចរៀបចំការប្រកួតជ្រើសរើសអ្នកចេញទៅប្រកួតក្នុងចំណោមជាង១៨០កូនសិស្ស ដែលសិក្សាផ្នែកតន្ត្រីនៅសាលាស្រណោះតន្ត្រី ដោយជ្រើសរើសបាន២១រូបអោយចេញទៅតំណាងកម្ពុជា។ បេក្ខភាពតំណាងកម្ពុជាទាំង២១រូបនេះ រួមមានអ្នកប្រកួតលេងព្យាណូ អ្នកលេងវីយូឡុង និងអ្នកច្រៀងដែលមានសំឡេងល្អ។ ក្នុងនោះកូនស្រីរបស់អ្នកនាងយុគចិន្តា ក៍ត្រូវបានជ្រើសឲ្យទៅប្រលងលើវិញ្ញាសារផ្នែកចម្រៀងផងដែរ។ បេក្ខជនបេក្ខនារីជាក្មេងៗ ដែលលោកជម្រើសបានតំណាងកម្ពុជានេះ លោកបានបង្ហាញពីការរំពឹងយ៉ាងខ្លាំងថានឹងទទួលបានមេដាយមាស និងមេដាយប្រាក់ត្រឡប់មកវិញលើគ្រប់វិញ្ញាសារ ដោយសារសម្អាងថាក្នុងការបញ្ជូនកូនសិស្ស៤នាក់ឲ្យទៅប្រកួតនៅប្រទេសចិនកាលពីលើកមុន ក៏ទទួលបានមេដាយមាស និងប្រាក់ត្រឡប់មកវិញចំនួន២នាក់។
ក្រៅពីការប្រកួតចម្រៀង និង ប្រកួតផ្នែកតន្ត្រី លោកក៏បានប្រកាសថាលោកក៏បានរៀបចំបង្ហាញអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិនាថ្ងៃប្រកួតនោះដែរ ដោយឲ្យបេក្ខភាពទាំង២១ស្លៀកសម្លៀកបំពាក់ខ្មែរ បង់កក្រមា និងច្រៀងជុំគ្នានូវបទ”ពង្សាវតាខ្មែរ” មុនពេលប្រកួតប្រជែងម្នាក់ៗ។ លោកថាការចាកចេញពីកម្ពុជា នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃ២២ កក្កដា ដើម្បីឡើងទៅប្រកួតនៅសិង្ហបុរីនៅថ្ងៃទី២៤ កក្កដា ខាងមុខ។
លោកសូ ស្រណោះ បានរៀបជើងព្រួលជាច្រើនមុនការចេញទៅប្រកួតដែលកាន់តែកៀកមកដល់នោះ។ ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី២០ កក្កដា បេក្ខភាពក្មេងៗទាំង២១រូបត្រូវបានលោកឲ្យឡើងសមសមត្ថភាពលើកចុងក្រោយ ដោយក្នុងនោះសកម្មភាពសមបទ«ពង្សាវតាខ្មែរ»ត្រូវគេឃើញម៉ត់ចត់ជាងគេ។
ចង់ដឹងថាបេក្ខភាពកម្ពុជា ដែលត្រូវប្រកួតច្រៀង និងតន្ត្រី នៅសិង្ហបុរី មានសមត្ថភាពកម្រិតណាសូមទស្សនាវីដេឃ្លីប៖
https://youtu.be/Pvh_SvXDnEE
មតិយោបល់