ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយបទ របស់ សោភា ទេពី កក្រើកLive Show Cambodian Idol

ក្នុងចំណោកបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សម្រាប់សប្ដាហ៍ទី១ ក្នុងកម្មវិធីCambodian Idol កាលពីយប់ថ្ងៃទី៩ កុម្ភៈ គេនៅតែមើលឃើញថាបេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា ទេពី លេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង។ ចម្រៀងមួយបទចម្រៀងចំណងជើងថា«បេះដូង១០០» ដែលជាម្ចាស់ដើមរបស់កញ្ញា លាង សុផាឡែន បេក្ខនារីរូបនេះស្ទើរតែស្រែកដាច់ និងពីរោះ ជាងម្ចាស់ដើមនោះផង ទើបការបកស្រាយបទចម្រៀងរបស់នាងត្រូវគេឃើញអ្នកទស្សនាផ្ទាល់កញ្ច្រោលទះដៃយ៉ាងកងរំពងតែម្ដង។

ក្នុងនោះសូម្បីតែគណកម្មការទាំងក៏រំជួលចិត្តនឹងទេពកោសល្យរបស់នាង ហើយបានសរសើរមិនដាច់ពីមាត់ផងដែរ។

លោកព្រាប សុវត្ថិ បានហៅសមត្ថភាពសោភា ទេពីថាជាតារារ៉ុកដែលមានសមត្ថភាពយ៉ាងកម្រ ក្នុងចំណោមបេក្ខនារីច្រើនរូបដែលមានសមត្ថភាព។

លោកថានាងគឺជាតារាចម្រៀងម្នាក់ដែលមានសំឡេងខ្ពស់ ហើយក៏មានស្ទីលបកស្រាយបទចម្រៀងបានត្រូវនឹងបទចម្រៀង ទាំងការតែងខ្លួន និងការទប់សំឡេងធ្វើអោយស្រែកខ្លាំងកម្រិតណាក៏នៅតែស្ដាប់ទៅមិនបែក និងពីរោះរន្ដំ។ មិនខុសគ្នាដែរ គណកម្មការ៣រូបផ្សេងទៀតក៏សរសើរមិនដាច់ពីមាត់ដូចគ្នា ថានាងគឺជាតារាចម្រៀងដែលមានសមត្ថភាពសំឡេង និងស្ទីលមិនគួរនឹងមើលរំលង ដោយនាងមិនមែនអាចច្រៀងបានពីរោះត្រឹមតែបទមនោសញ្ចេតនានោះទេ។ លោកណុប បាយ៉ារិទ្ធិ និយាយថាបទចម្រៀងរបស់សោភា ទេពី គឺជាបទពិបាកច្រៀងណាស់ ហើយបើនិយាយពីការស្រែកត្រង់កន្លែងរ៉ឺហ្វ្រាំងក៏មិនងាយនឹងមានអ្នកស្រែកបានល្អនោះដែរ ប៉ុន្តែសម្រាប់បេក្ខនារីរូបនេះគឺច្រៀងបានល្អ រហូតសូម្បីតែលោកក៏ទប់អារម្មណ៍មិនសរសើរមិនបាន។

នាងមិនត្រូវបានប្រកាសថាបានទទួលសំឡេងឆ្នោតពីការបោះឆ្នោតប៉ុណ្ណានោះទេ ប៉ុន្តែនាងត្រូវបានប្រកាសថាជាប់ដោយមិនបាច់ប្រឈមនឹងការសង្គ្រោះរបស់គណកម្មការដើម្បីអោយនាងទទួលបានឱកាសទៅកម្មវិធី Live Show ក្នុងសប្ដាហ៍ទី២។ នាងគឺជាបេក្ខនារីដែលធ្វើអោយគេមើលឃើញថាទទួលបានសំឡេងគាំទ្រខ្លាំងក្លាជាងគេពីសំឡេងទះដៃ និងហ៊ោ កញ្ជ្រៀវយ៉ាងខ្ទរពេញស្ទីឌីយោ របស់ហង្សមាសនៅផ្សារទំនើបអ៉ីអន។ ជាមួយនឹងសន្ទុះគាំទ្រក៏ល្អដែលនាងទទួលបានក្នុងសប្ដាហ៍ទី១ក្នុងវគ្គ Live Show នេះ ធ្វើអោយគេមើលឃើញកាន់តែច្បាស់ថានាងនៅតែបន្តក្ដោបតំណែងជាបេក្ខនារីដែលមានប្រជាប្រិយភាពខ្លាំងក្លាជាងគេ ខណៈដែលនាងក៏មានសមត្ថភាពខ្លាំងទាំងបទចម្រៀងសម័យ បុរាណ និងបទចម្រៀងរ៉ក់បានល្អព្រមគ្នាមិនធម្មតា៕

https://www.youtube.com/watch?v=YGuq96JDFXM

មតិយោបល់