ជាថ្មីម្ដងទៀត កូនស្រីរបស់អ្នកនាងយុគ ចិន្តា ដែលអ្នកនាងបានហៅថាអមរហូតយកជាឈ្មោះ ដាក់ជាយីហោហាងកាត់ដេរនោះ បានទទួលពានមាសជាថ្មីទៀតហើយ បន្ទាប់ពីអ្នកនាងបានបញ្ជូនកូនស្រីអោយទៅប្រកួតប្រលងចម្រៀងក្នុងព្រឹត្តិការណ៍ Asia Pacific Arts Festival ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ កុម្ភៈ។ អ្នកនាងបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលកូនស្រីប្រលងជាប់ចំណាត់ថ្នាក់ពានមាសខាងផ្នែកចម្រៀង ខណៈដែលពានមួយនេះ កូនស្រីអ្នកនាងធ្លាប់បានម្ដងហើយ កាលពីនៅប្តទេសសិង្ហបុរី។
អ្នកនាង យុគ ចិន្តា បានបង្ហោះនៅលើហ្វេសប៊ុកថា”អរគុណសម្រាប់រាល់ការលើកទឹកចិត្តរបស់អ្នកគាំទ្រទាំងអស់គ្នា !ឥឡូវនេះក្តីរំពឹងទុកគឺទទួលបានដូចអ្វីដែលចង់បានពិតប្រាកដមែន ! អរគុណដល់ការខិតខំប្រឹងប្រែងរបស់ថៅកែ អម ដែលមិនធ្វើអោយនាងខ្ញុំខកចិត្ត! អរគុណថៅកែអម សម្រាប់ការលើក ពានមាសនៅក្នុងពេលវេលានេះម្តងទៀត សម្រាប់កិត្តិយសរបស់ក្រុមគ្រួសារ ផ្ញើភាពរីករាយនិងស្នាមញញឹមពីខេត្តសៀមរាប ជាមួយនិងពានមាសពី កម្មវិធី Asia Pacific Arts Festival របស់ថៅកែអម 😘😘🏆🏆🏆”។ អ្នកនាងត្រូវគេឃើញចំណាយពេលទៅលើកទឹកចិត្តចំពោះកូនស្រីក្នុងការប្រលងដោយផ្ទាល់នៅខេត្តសៀមរាប ក្នុងពេលដែលកូនស្រីរបស់អ្នកនាង ក៏មានសំឡេង និងបច្ចេកទេសគួរអោយសរសើរ បន្ទាប់ពីបានទទួលការសិក្សាអស់ច្រើនឆ្នាំនៅសាលាស្រណោះតន្ត្រី។ យ៉ាងណាមិញ អ្នកនាងយុគ ចិន្តា ប្រកាសថា មិនទាន់ចង់អោយកូនអ្នកនាងប្រឡូកក្នុងចម្រៀងអាជីពនៅឡើយទេ ដោយចង់អោយកូនបន្តពង្រឹងសមត្ថភាពផ្នែកច្រៀងអោយបានខ្លាំងសិន៕
មតិយោបល់