ក្នុងឱកាសឡើងច្រៀងនៅប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធីតន្ត្រី «Carabao Spark Concert »ដែលជាការប្រគំតន្ត្រីប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃអាទិត្យ កាលពីរសៀលថ្ងៃអាទិត្យទី១១ កុម្ភៈ អ្នកនាងពេជ្រ សោភា មិនត្រឹមតែពាក់ស្បែកជើងតម្លៃជាង២ពាន់ដុល្លារ ដែលជាម៉ូដស្បែកជើងរបស់តារាចម្រៀងរីហាន់ណា និងតារាចម្រៀងថៃល្បីឈ្មោះគឺអាំ ប្រើ ដើម្បីឡើងឆាកធ្វើអោយមានការភ្ញាក់ផ្អើលពីតារាសិល្បៈដូចគ្នាប៉ុណ្ណោះទេ គឺសូម្បីតែរបស់ដែលអ្នកនាងប្រើប្រាស់ផ្សេងទៀតក៏សុទ្ធតែមានតម្លៃញាក់សាច់មិនគួរអោយជឿនោះដែរ។ នេះជាការទម្លាយដ៏កម្រ បន្ទាប់ពីពេលកន្លងមកអ្នកនាងរមែងដាក់ខ្លួន នឹងថាស្បែកជើង និងសំលៀកបំពាក់ដែលអ្នកនាងបានប្រើសុទ្ធតែជារបស់ជជុះ ដើម្បីកុំអោយមានការរិះគន់ថាអ្នកនាងជាតារាខ្ជះខ្ជាយនោះ។
អ្នកនាងពេជ្រ សោភា និយាយថាស្បែកជើងមួយឈុតដែលអ្នកនាងបានពាក់ឡើងឆាកប៉ុស្ដិ៍លេខ៥ គឺជាស្បែកជើងដែលអ្នកនាងបានកុម្ម៉ង់ពីសហរដ្ឋអាមេរិក គឺពីក្រុមហ៊ុនដើមដែលតារាចម្រៀងរីហាន់ណា បានទិញតែម្ដង ដោយអ្នកនាងមិនមែនកុម្ម៉ង់ទិញតែស្បែកជើង ដែលបានឃើញនៅប៉ុស្ដិ៍លេខ៥នោះទេ គឺបានកុម្ម៉ង់ទិញ៤គូ ហើយសរុបតម្លៃរហូតដល់ជាងមួយម៉ឺនដុល្លារឯណោះ។ អ្នកនាងថាស្បែកជើងអ្នកនាងមួយគូទៀតមានតម្លៃខ្ពស់ជាងនេះទ្វេរដង តែអ្នកនាងមិនទាន់ពាក់មកបង្ហាញនៅឡើយទេ ដោយសារតែអ្នកនាងចង់ពាក់ម៉ូដណាដែលអ្នកនាងយល់ថាត្រូវនឹងកម្មវិធីអោយអស់ចិត្តសិន។
អ្នកនាងបានសារភាពថាស្បែកជើងភាគច្រើនដែលអ្នកនាងបានពាក់ គឺជាម៉ូដស្បែកជើងដែលតារាចម្រៀងពិភពល្បីៗបានប្រើ ដោយស្បែកជើងទាំងនោះសុទ្ធតែមានតម្លៃជាង១ពាន់ដុល្លារ ហើយមិនមានមានតែមួយគូ ឬ២គូទេ គឺមានរហូតដល់៤ទូ ដែលសរុបជាចំនួនគឺច្រើនគួរសមដែរ។ អ្នកនាងថាស្បែកជើងដែលអ្នកនាងបានប្រើមិនមានការឈប់ពាក់នោះទេ ដោយអ្នកនាងត្រូវប្រើឆ្លាស់គ្នា លើកលែងតែម៉ូដចាស់ខ្លាំងទើបអ្នកនាងដាក់តាំង ឬអោយទៅគេតែម្ដង ទើបស្បែកជើងដែលអ្នកនាងមានប្រើកើនរហូតដល់៤ទូ។
បន្ថែមពីលើការទម្លាយអោយដឹងពីតម្លៃស្បែក៤ទូដែលមួយគូមានតម្លៃខ្ពស់ជាង១ពាន់ដុល្លារ អ្នកនាងក៏បានបង្ហើបថាគ្រឿងលម្អរដែលអ្នកនាងបានប្រើក៏មានតម្លៃមិនអន់នោះដែរ ដោយគ្រាន់តែអ្នកនាងមិនចូលចិត្តអួត និងតែងប្រាប់គេថាតម្លៃតែ២០ដុល្លារៗ ដើម្បីកុំអោយអ្នកស្គាល់ម៉ាកភ្ញាក់ផ្អើល។
ជាក់ស្ដែងនាឡិកាដែលអ្នកនាងបានប្រើគឺមានតម្លៃរហូតដល់ជាង១ម៉ឺនដុល្លារ និងមិនមែនមានតែ១គ្រឿងនោះទេ គឺមានរហូតដល់ជាង២០គ្រឿង ដោយនាឡិកាទាំងនោះអ្នកនាងបង្ហើបថាសុទ្ធតែជារបស់ប្រេនៗ និងត្រូវឆ្លាស់គ្នាពាក់ មិនមានទម្លាប់បានថ្មីបោះចោលរបស់ចាស់នោះទេ។
ជាមួយគ្នានោះសម្រាប់គ្រឿងអលង្ការ ខ្សែក្រវ៉ាត់ កាបូប និងសម្លៀកបំពាក់ ក៏អ្នកនាងទម្លាយថាភាគច្រើនជាម៉ូដដែលកុម្មង់ពីក្រៅស្រុកផងដែរ គឺមិនមែនដើរទិញរបស់មួយទឹកៗ ហើយយកមកច្នៃ ដូចអ្វីដែលអ្នកនាងបង្ហើរលេងសើចលើកមុនទេ។
ការទម្លាររបស់អ្នកនាងធ្វើអោយម្នាក់ៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកនាងក៏ជាតារាដែលមានទម្លាប់ប្រើរបស់ប្រេនៗជាយូរមកហើយ ប៉ុន្តែមិនធ្លាប់ទម្លាយអោយដឹងពីតម្លៃស្បែកជើង និងនាឡិកាជាដើមសោះ ប៉ុន្តែនៅពេលដែលដឹងគឺធ្វើអោយម្នាក់ៗស្រឡាំងកាំង ដោយសារតែគ្រាន់តែស្បែកជើងតម្លៃមួយគូពាន់ដុល្លារមានដល់៤ទូ និងនាឡិកាតម្លៃម៉ឺនដុល្លារ និងពាន់ដុល្លារ មានដល់ជាង២០គ្រឿង ដោយមិនទាន់រាប់បញ្ចូលសម្ភារៈប្រេនៗជាច្រើន ដែលបង្ហាញយ៉ាងច្បាស់ថាអ្នកនាងមានទម្លាប់ប្រើរបស់ប្រេនៗទាំងនោះយូរឆ្នាំមកហើយ ដោយមិនមែនគ្រាន់តែហ៊ានទិញស្បែកជើង ឬនាឡិកាតម្លៃកប់ពពកបានមួយ ក៏ប្រកូកប្រកាសធ្វើអោយមានការភ្ញាក់ផ្អើលនោះទេ៕
មតិយោបល់