ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាហ្វេសប៊ុក ប៊ីយូបូ ស៊ិចស៊ីមែន តែលូយម៉ាកប់

នៅលើបណ្ដាញហ្វេសប៊ុក តារាហ្វ្រេសប៊ុកដែលពេលខ្លះនិយមបង្ហោះរូបភាពស៊ិចស៊ី និងត្រូវគេស្គាល់ថាជាអ្នកលក់ផលិតផលលើអនឡាញល្បីឈ្មោះ អ្នកនាង ហាង លីនដា ហៅ ប៊ីយ៉ូបូ បានអះអាងថា មានផលិតករកាន់តែច្រើនទាក់ទងឲ្យអ្នកនាងថតស្ពត និងសម្ដែងផ្សេងៗ ដោយសារតែនាងគឺជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន ហើយរូបសម្រស់ក៏មិនធម្មតា ជាពិសេសនៅពេលអ្នកនាងបញ្ចេញដើមទ្រូង និងសាច់សខ្ចីម្ដងៗ។ យ៉ាងណាមិញ អ្នកនាងបែរជាប្រកាសយ៉ាងឡូយតែម្ដងថា អ្នកនាងមិនចង់ល្បី នឹងការប្រឡូកសិល្បៈនោះទេ ដោយសារតែអ្នកនាងរវល់ច្រើននឹងការងារប្រកាសលក់ផលិតផលរកពេលសម្រាកមិនបាន និងរវល់ចុះសកម្មភាពសប្បុរសធម៌ ដែលជាចំណូលចិត្តច្រើនជាង។

ក្រោយពីស្ងប់ជុំវិញរឿងរ៉ាវត្រូវគេចោទថា បង្ខំឲ្យបុរសម្នាក់សុំទោស បន្ទាប់ពីបើកប៉ះរថយន្ត អ្នកនាង ប៊ីយូបូ តារាហ្វេសប៊ុកសាច់សខ្ចី បានអះអាងថា អ្នកនាងត្រូវបានផលិតករច្រើននាក់ ទាក់ទងឲ្យអ្នកនាងចេញថត តែអ្នកនាងបានឆ្លើយតបអ្នកនាងមិនមានពេល និងប្រហែលមិនអាចទទួលការងារសម្ដែងបានទេ ដោយសារតែអ្នកនាងហាក់មិនសូវមានចំណូលចិត្តឲ្យបុរសណាម្នាក់ បានថតកើយកើយអោបរឹត ដែលអ្នកនាងយល់ថា ជាការប៉ះពាល់បើអ្នកនាងលុកលុយនឹងសិល្បៈ។

អ្នកនាងបានក្លាយខ្លួនជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន មិនមែនចង់ឲ្យមានការចាប់អារម្មណ៍ ដើម្បីឆក់តំណែងជាតារាសម្ដែង ឬតារាថតស្ពតនោះទេ ប៉ុន្តែអ្នកនាងសប្បាយចិត្ត ដែលក្រោយពីមានគេស្គាល់ច្រើនឡើង ក៏ត្រូវបានផលិតករមួយចំនួនទាក់ទងឲ្យចេញសម្ដែងជាហូរហែរ។ អ្នកនាងថា ខ្លួនចង់ត្រឹមតែជាម្ចាស់ផលិតផលផ្នែកថែរក្សាសម្រស់ ដែលអាចរកចំណូលបានច្រើន និងចង់ឲ្យមានលុយច្រើន ដើម្បីបានធ្វើគម្រោងសប្បុរសធម៌ ដូចដែលធ្លាប់ធ្វើកន្លងមកប៉ុណ្ណោះ គឺមិនចង់ឲ្យមានការងារចេញសម្ដែងបន្ថែមមួយមុខទៀតទេ។

អ្នកនាងថារាល់ថ្ងៃ អ្នកនាងចំណាយពេលច្រើន លើសកម្មភាពចុះចែកអំណោយ ដោយក្នុងនោះនាងបានចំណាយលុយផ្ទាល់ខ្លួនជីកអណ្ដូងទឹកស្អាត ឲ្យសហគមន៍មួយចំនួននៅខេត្តសៀមរាប បានពីរបីកន្លែងមកហើយ ដោយរាល់ពេលចុះទៅធ្វើអណ្ដូងទឹកម្ដងៗ ក៏បានពាំនាំមីត្រីខ អង្ករ និងថិវកា ជាច្រើនផ្សេងទៀត ទៅប្រគល់ជូនដល់គ្រួសារចាស់ជរា និងក្រីក្រ។ អ្នកនាងថា ក្រោយពីមានឱកាសធ្វើសកម្មភាពចុះចែកអំណោយ ហើយបានដើរផ្ទាល់ជាមួយអ្នកខ្វះខាត កាន់តែធ្វើឲ្យអ្នកនាងញៀនញ៉ាមនឹងការបរិច្ចាគ ដោយក្នុងមួយអាទិត្យ អ្នកនាងទុកពេលចុះទៅធ្វើសកម្មភាពបែបនេះ ជាមួយមិត្តភ័ក្រ្ត មិនក្រោម២ដងក្នុងនោះទេ ដើម្បីបានចែករំលែកកង្វះខាតដល់ជនទាំងនោះផង និងដើម្បីឲ្យចិត្តរបស់ខ្លួនជ្រះថ្លា ក្រោយពីរកចំណូលបានពីការប្រកាសលក់ផលិតផលនោះផង។

អ្នកនាង ប៊ីយូបូ (Bee Yobo) និយាយថា អ្នកសុំត្រឹមតែជាតារាហ្វេសប៊ុក ដែលមានការទទួលស្គាល់ថា ជាអ្នកផ្សាយលក់ផលិតផល និងជាបុគ្គលម្នាក់ ដែលមានឱកាស បានជួយដល់សង្គមតាមរយៈការចុះជួយជីកអណ្ដូង និងចែកទានដល់ខ្វះខាតបានហើយ គឺមិនចង់ល្បីឈ្មោះ ក្នុងរឿងសម្ដែងស៊ិចស៊ី ឬថតភាពយន្តអី ទៀតទេ ក្នុងពេលដែលអ្នកនាងយល់ថា ខ្លួនបើប្រឡូកការងារមួយនេះ ក៏មិនពិបាកជោគជ័យនោះដែរ តែចង់ផ្ដល់ឱកាសឲ្យអ្នកមានចំណូលចិត្តច្រើនជាង។ ជាមួយនឹងការប្រកាសនេះ ទើបលើអាក់ខោនផ្ទាល់ខ្លួនរបស់អ្នកនាង ត្រូវគេឃើញបង្ហោះ រូបភាពពីសកម្មភាពសប្បុរសធម៌ និងចែកទានច្រើន ដែលធ្វើឲ្យតារាហ្វេសប៊ុករូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ បើទោះជាមានអ្នកខ្លះរិះគន់ថាអ្នកនាងស៊ិចស៊ីមិនធម្មតាបន្តិចក្ដី៕

មតិយោបល់