ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រហ្ម ប្រសិទ្ធី ប្រកាសបុកពោះ ក្នុងពិធីលើកដំបូង!

នៅល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ តារាសម្ដែងល្បីឈ្មោះគួរសមលោក ព្រហ្ម ប្រសិទ្ធិ ដែលត្រូវគេស្គាល់ថាជាចៅប្រុសរបស់អតីតតារាសម្ដែងលោក ឈុំ អាឈុន នឹងធ្វើពិធីខួបកំណើតលើកដំបូងរបស់ខ្លួនរហូតដល់ជាង៤០តុនៅក្នុងបុរីពិភពថ្មីសែនសុខជិតគម្រោងផ្សារអ៉ីអន២។

លោកបានអះអាងថាពិធីខួបកំណើតល្ងាចនេះ គឺលោកចំណាយច្រើនពាន ដើម្បីលើកមុខលើកមាត់ និងដើម្បីប្រកាសមុខជំនួញនាំចូលផ្ដាច់មុខឆៅគួយមកពីថៃផង ទាំងបុកពោះ ដោយសារតែលោកចំណាយអស់ច្រើន ហើយមិនធ្លាប់ធ្វើកម្មវិធីធំដុំបែបនេះ ដែលអាចឲ្យលោកខាតចំណាយ។

លោក ព្រហ្ម ប្រសិទ្ធី និយាយថាលោកសម្រេចចិត្តធ្វើខួបឆ្នាំនេះ គឺធ្វើទាំងអារម្មណ៍ផឺតពោះនោះទេ ដោយសារតែលោកមិនធ្លាប់មានពិធីធុំដុំ ហើយដល់ពេលមានវិធីក៏ធ្វើជាទ្រង់ទ្រាយហ៊ឹកហាក់ដែលនាំឲ្យលោកភ័យអរ។ លោកថាពិធីដែលនឹងធ្វើឡើងរហូតដល់ជាង៤០តុនៅថ្ងៃល្ងាចនេះ លោកបានសម្រិតសម្រាងសូម្បីតែមុខម្ហូបឡើង ដោយសារតែក្នុងមួយតុលោកត្រូវចំណាយរហូតដល់ជាង២៤០ដុល្លារ ដែលគ្រាន់តែម្ហូបគឺអស់ជិត១ម៉ឺនដុល្លារ ហើយមិនទាន់រាប់បញ្ចូលលើការដេគ័រ វង់តន្ត្រី ស្រា ភេសជ្ជ: និងការចំណាយផ្សេងនៅលើពិធី។

អ៉ីចឹងហើយទើបលោកបារម្ភពីការប្រារព្ធពិធីធំម្ដងហើយខាតច្រើន ដែលធ្វើឲ្យលោកខ្លាចញញើតក្នុងការប្រារព្ធពិធីលើកក្រោយៗ។ យ៉ាងណាមិញ លោកថាពិធីមួយនេះ នឹងមិនខាតនោះទេ ហើយស្រួលមិនស្រួលនឹងចំណេញត្រឡប់មកវិញនោះផង ដោយសារតែភ្ញៀវភាគច្រើនដែលលោកបានអញ្ជើញគឺជាអ្នកជំនួញ និងជាអ្នកធ្វើការដែលមានទំនាក់ទំនងល្អជាមួយលោក និងគ្រួសាររហូតមក។

លោកអញ្ជើញតារាសិល្ប:តែមួយចំនួនតូចប៉ុណ្ណោះ តែបានរំពឹងយ៉ាងខ្លាំងថាតារាសិល្ប:ដែលលោកបានអញ្ជើញសំបុត្រមិនថាប្រគល់សំបុត្រឲ្យដោយផ្ទាល់ ឬផ្ញើតាមឆាត គឺពិតជាមិនអវត្តមាន ដោយសារតែពេលកន្លងមក លោកក៏មិនដែលអញ្ជើញតារាសិល្ប:ណាម្នាក់ឲ្យមានការចូលរួមពិធីផ្សេងមកកាន់លោកដូចគ្នា។ លោកថាពិធីល្ងាចនេះ គឺជាពិធីធំដុំទី១ក្រោយពីលោកបានក្លាយជាតារាសិល្ប: ហើយលោកក៏រំពឹងយ៉ាងមុតមាំផងដែរ ថាពិធីមួយនេះនឹងធ្វើឲ្យលោកកាន់តែមានមុខមាត់ និងលេចធ្លោនៅក្នុងវិស័យសិល្ប: ជាពិសេសគឺទទួលជោគជ័យលើអាជីពជំនួញលក់ឆៅគួយគូប៊ូរិនោះតែម្ដង ដែលលោកប្រកាសថាកាន់តែមានការគាំទ្រ និងមានសាខាច្រើនជាងមុន៕

មតិយោបល់