បើទោះជាបានឡើងចុះប្រទេសកម្ពុជាញឹកញាប់ ក៏រឿងរ៉ាវជិវិតរបស់តារាសម្ដែងអ្នកនាង អម្ពរ ទេវី នៅតែអាថ៌កំបាំង បូករួមទាំងមូលហេតុ នៃការបែកបាក់រវាងអ្នកនាង និងស្វាមីស្របច្បាប់គឺលោកពេជ្រ ភារុណ និងមូលហេតុដែលអ្នកនាងចាកចេញ ទៅរស់នៅសហរដ្ឋអាមេរិកច្រើនឆ្នាំ ក្នុងពេលចំណងស្នេហ៍រវាងអ្នកនាង និងលោកពេជ្រ ភារុណ មិនទាន់ដាច់ស្រេច មកទល់នឹងអ្នកនាងមានស្វាមីក្រោយ នៅលើទឹកដីអាមេរិក។
មនុស្សភាគច្រើននៅតែមិនអាចដឹងពីរឿងរ៉ាវរបស់អ្នកនាងច្បាស់លាស់ ខណៈដែលស្វាមីថ្មីរបស់អ្នកនាងមានការងារអ្វី ជួបគ្នាពេលណា អោយប្រាកដក៏មិនត្រូវបានទម្លាយ។ ខុសពីអ្នកនាងសុខ ស្រីមុំ និងអ្នកនាងអ៊ុ សុវណ្ណនី ជាដើម ដែលបានមកលេងស្រុកកំណើតម្ដងៗ ហើយបើកចំហរក្នុងការផ្ដល់សម្ភាសន៍ អោយអ្នកសារព័ត៌មានដោយមិនខ្វល់ថា អ្នកកាសែតនឹងសួរពីអ្វី សម្រាប់អ្នកនាងអម្ពរ ទេវី គឺមានការម៉ត់ចត់លើករណីនេះ គ្រប់ពេលដែលអ្នកនាងយល់ព្រមអោយមានការសម្ភាសន៍ខ្លីៗម្ដងៗ។
អ្នកនាងច្រានចោលមិនអោយសួរពីស្ថានភាពរស់នៅរបស់អ្នកនាង នៅលើទឹកដីអាមេរិក មិនអោយសួរថា អ្នកនាងមានមុខជំនួញអ្វីខ្លះ ធ្វើការអ្វីអោយប្រាកដ និងរស់នៅយ៉ាងមិចជាមួយស្វាមីថ្មីនោះទេ។ អ្នកនាងក៏រឹតតែបិទទៅទៀតនៅពេលចង់សួរពីប្រវត្តិស្វាមីថ្មី និងពីរឿងរ៉ាវចចាមអារ៉ាមជាច្រើនទៀត ដែលធ្លាប់កើតឡើងចំពោះអ្នកនាង មុនពេលអ្នកនាងសម្រេចចិត្តចាកចេញទៅរស់នៅអាមេរិក ហើយឈានដល់ការលែងលះលោកពេជ្រ ភារុណ។
អ្នកនាងបានត្រឹមតែបង្ហើបថា អ្នកនាងរស់នៅសហរដ្ឋអាមេរិក គឺអ្នកនាងមានអ្វីៗគ្រប់យ៉ាង បូករួមទាំងជីវភាពឡូយឆាយ គ្រាន់បើជាងអ្នករស់នៅស្រុកនោះមួយចំនួនប៉ុណ្ណោះ ប៉ុន្តែត្រង់ថា អ្នកនាងមានមុខជំនួញអ្វី មានការងារកម្រិតណា គឺអ្នកនាងបិទជិតឈឹង។ នៅក្នុងការសម្ដែង អ្នកនាងក៏មានទម្លាប់មិនអោយអ្នកណាសួរនាំពីរឿងឯកជនរបស់អ្នកនាង លើកលែងតែអ្នកនាងចង់និយាយ ដោយគ្មានការព្រៀងទុក។ អ្វីដែលគេកត់សម្គាល់ទៅទៀត គឺអ្នកនាងមិនមែនចុះមកសម្ដែងកុន នៅក្នុងពេលនេះ ដើម្បីចង់បានប្រាក់នោះទេ តែអ្នកនាងថា គ្រាន់តែចង់រំលឹកពីការសម្ដែងរបស់ខ្លួន អោយអ្នកជំនាន់ក្រោយបានឃើញ ព្រោះតែភាគច្រើន នៃក្មេងៗមិនដែលបានទស្សនាភាពយន្ត ក្នុងជំនាន់អ្នកនាងប៉ុណ្ណោះ។
មកទល់ពេលនេះ គេនៅតែចាត់ទុកថាជីវិតឯកជនរបស់អ្នកនាងអម្ពរ ទេវី ពោរពេញដោយអាថ៌កំបាំងច្រើន ដោយសារតែអ្នកនាងមិនព្រមបកស្រាយ នូវរាល់មន្ទិលដែលធ្លាប់កើតឡើងអោយមហាជនបានដឹង។ យ៉ាងណាមិញ ក៏ចាត់ទុកថា អ្នកនាងបានភ្ជាប់ជាមួយមហាជនខុសពីមុនផងដែរ បន្ទាប់ពីអ្នកនាងស្រាប់តែទទួលយកការសម្ដែងធ្វើអោយមនុស្សមួយចំនួនចាប់អារម្មណ៍ និងបានដឹងពីសុខទុក្ខរបស់អ្នកនាងឡើងវិញបែបនេះ។
អ្នកនាងអម្ពរ ទេវី បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកព័ត៌មានក្នុងស្រុកថា អ្នកនាងនឹងចុះមកសម្ដែងបែបនេះញឹកញាប់ ក្រោយបញ្ចប់រឿងកាកី និងឆន្ទារ តែបើអោយមករស់នៅជាអចិន្ត្រៃយ៍ គឺអ្នកនាងអត់ទេ ដោយសារតែអ្នកនាងរស់នៅអាមេរិកក៏មានសុភមង្គល ដែលពាក្យសុភមង្គល គឺអ្នកនាងចង់សំដៅថា អ្នកនាងក៏មានអ្វីគ្រប់យ៉ាងមិ នអន់ជាងតារាសម្ដែងខ្លះ ដែលមានបាន៕
មតិយោបល់