ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនក្រុម៥រូបរបស់ ព្រាប សុវត្តិ -សុគន្ធកញ្ញា និង សុគន្ធ និសា កាន់តែប្រដេញពិន្ទុគ្នាយ៉ាងអស្ចារ្យ

មកទល់ពេលនេះគេចាប់អារម្មណ៍កុមារាកុមារី៥រូប ដែលបានឆ្លងផុតវគ្គ Blind Auditions នៅក្នុងព្រឹត្តិការណ៍ The Voice Kids Cambodia បានក្លាយជាពន្លកថ្មីដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងបាត់ទៅហើយទាំងអ្នកទាំង៥មិនទាន់ឈ្នះពាននៅឡើយ។

ជើងខ្លាំងទាំង៥សុទ្ធតែត្រូវបានតារាចម្រៀងជាគ្រូបង្វឹកចុចប៊ូតុងទាំង៣ ក្នុងពេលដែលវីដេអូប្រកួតប្រកួតប្រជែងរបស់ក្មេងទាំង៥ក៏ស្ថិតក្នុងការប្រដេញគ្នាយ៉ាងអស្ចារ្យនៅលើYoutube ក្នុងប៉ុន្មានថ្ងៃនេះ។

កុមារា ពេជ្រ ថៃ កូនក្រុមរបស់លោកព្រាប សុវត្ថិ ត្រូវគេឃើញនាំមុខគេក្នុងចំណោមបេក្ខជនបេក្ខនារីជាក្មេងៗក្នុងកម្មវិធី The Voice Kids កម្ពុជាដែលបានប្រលងជាប់ក្នុងវគ្គចុចប៊ូតុង។ កុមារាវ័យ១២ឆ្នាំរូបនេះ បានកន្ត្រាក់អ្នកគាំទ្រឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែភាពក្លាហាន ទឹកដមសំឡេង និងភាពកម្សត់របស់ប្អូនដែលមានឪពុកម្ដាយទៅបម្រើការនៅក្នុងប្រទេសថៃទាំង២នាក់។ គិតត្រឹមយប់ថ្ងៃទី៧ ខែសីហា វេលាម៉ោង១១យប់ ប្អូនទទួលបានអ្នកទស្សនារហូតដល់ជាង ៥,៧ លានដងនៅលើYoutube នាំមុខអ្នកជាប់ផ្សេងទៀត ទើបធ្វើឲ្យកុមារារូបនេះល្បីឈ្មោះបាត់ទៅហើយក្នុងស្រទាប់មហាជនទាំងក្នុង និងក្រៅប្រទេស។

ប្អូនស្រី ឃុយ ម៉ីហៀង៖ ពឹងលើទឹកដមសំឡេងមិនធម្មតា និងភាពកម្សត់ដោយសារតែមានម្ដាយជាអ្នកលក់ចេកចៀននៅខេត្តកំពង់ស្ពឺ បេក្ខនារីវ័យ១៤ឆ្នាំរូបនេះ ក៏ទទួលបានអ្នកទស្សនាមិនធម្មតាផងដែរ។ គិតត្រឹមម៉ោងពេលដូចគ្នាវីដេអូប្រលងរបស់នាងមានអ្នកទស្សនារហូតដល់ជាង៣,៧លានដង។ នាងជាកូនក្រុមរបស់តារាចម្រៀងសុគន្ធ នីសា និងជាបេក្ខនារីមួយរូបដែលេត្រូវគេមើលឃើញថាគឺមានសមត្ថភាពមិនធម្មតាអាចកាន់ពានក្នុងរដូវកាលទី១នោះបាន។

កុមារី រ៉ាស៊ី លីម៉ូរីយ៉ា ក៏ជាបេក្ខនារីមួយរូបក្នុងព្រឹត្តិការណ៍The Voice Kids របស់កម្ពុជាដែលទទួលបានភាពទាក់ទាញមិនធម្មតាផងដែរក្រោយពីបានឆ្លងផុតក្នុងវគ្គចុចប៊ូតុង។ នាងជាក្មេងវ័យ៨ឆ្នាំ ដែលក្រៅពីមានភាពក្លាហាន និងទឹកដមសំឡេងពីរោះ ក៏មានចរិតក្រមិចក្រមើមដែលមិនអាចមើលស្រាលសម្រាប់ឱកាសកាន់ពាននោះដែរ។ វីដេអូរបស់នាងទាក់ទាញអ្នកទស្សនានៅទូទាំងពិភពលោកប្រមាណជាង៣,២លានដង ដោយឈរលំដាប់ទី៣ក្នុងចំណោមអ្នកខ្លាំងទាំង៥របស់កម្មវិធី The Voice Kids របស់កម្ពុជា។ នាងជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា ។

កុមារា កុយ វីហ្សា៖ បេក្ខជនរូបនេះក៏ខ្លាំងណាស់ដែរសម្រាប់សមត្ថភាពក្នុងកម្មវិធី The Voice Kids នៅកម្ពុជាក្នុងរដូវកាលទី១នេះ។ ប្អូនជាកូនក្រុមរបស់លោកព្រាប សុវត្ថិ ដោយគិតត្រឹមម៉ោងពេលដូចគ្នា គឺវីដេអូរបស់ប្អូនមានអ្នកទស្សនារហូតដល់ជាង ២,៧លានដង។

បេក្ខភាពចុងក្រោយក្នុងចំណោមTop 5 គឺកុមារី កៅ រតនាទេពី ដែលកន្ត្រាក់បានអ្នកទស្សនាវីដេអូរបស់នាងរហូតដល់ជាង២លានដង គឺនាំមុខបេក្ខជនបេក្ខនារីជាច្រើនផ្សេងទៀតដែលបានឆ្លងផុតក្នុងវគ្គ Blind Auditions ដូចគ្នា។ ប្អូនជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា ដែលសមត្ថភាពរបស់នាងក៏មិនធម្មតាផងដែរនៅក្នុងការប្រកួតប្រជែងនេះ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថាតើបេក្ខភាពទាំង៥ដែលសុទ្ធតែបាននាំមុខយ៉ាងអស្ចារ្យក្នុងការទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ពីអ្នកគាំទ្រនេះ នឹងមានឱកាសកាន់ពាននោះទេ ក្នុងពេលដែលកម្មវិធីនៅមិនទាន់បញ្ចេញអស់បេក្ខភាពនៅឡើយ៕

មតិយោបល់