ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត នីរិទ្ធ អែនឌ្រូ ចេញចម្រៀងហើយ ក្រោយកុងត្រាជាងកន្លះឆ្នាំ

បន្ទាប់ពីចុងកុងត្រាជាមួយផលិតកម្ម BN តាំងពីអំឡុងខែមិថុនា ក្នុងឆ្នាំ២០១៧ ពេលនេះពិធីករប៉ុស្ដិ៍លេខ៩ ដែលត្រូវគេស្គាល់ថា ជាតារាដែលមានសំឡេងល្អផង បានចេញបទចម្រៀងតាមអ្វីដែលលោកបានប្រកាសនោះហើយ បើទោះជាមួយបទ របស់លោកត្រូវគេកត់សម្គាល់ថា រង់ចាំអស់ជាងកន្លះឆ្នាំ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា មួយបទបើកឆាកអាជីពចម្រៀង របស់លោកនឹងទទួលបានការគាំទ្រកម្រិតណានៅឡើយទេ ក្នុងពេលដែលបទចម្រៀងរបស់លោក ក៏ស្ថិតក្នុងការស្ទាបស្ទង់ទីផ្សារ ដើម្បីកត់សម្គាល់មើលពីសន្ទុះគាំទ្រ។

បទចម្រៀងដែលទើបចេញបង្ហោះដោយផលិតកម្ម BN និងជាទឹកដមសំឡេងបើកឆាករបស់ពិធីករលោក នីរិទ្ធ អែនឌ្រូ នេះ មានចំណងជើងថា «ជូនពរអូនជំនួសពាក្យស្អប់» ដោយបទចម្រៀងរបស់លោកក៏ត្រៀមនឹងថតMV ក្នុងពេលខាងមុខផងដែរ។ លោកអែនឌ្រូ និយាយថា ហេតុផលដែលលោកក្រោយពេលកុងត្រាជាមួយផលិតហើយក្រចេញបទចម្រៀង គឺដោយសារតែខាងផលិតកម្ម ក៏ត្រូវការសម្រិតសម្រាំងបទចម្រៀង និងដោយសារតែលោកក៏រវល់ឃ្វៀងគ្នា ជាមួយអ្នកធ្វើបទចម្រៀង មិនមានពេលទៅហ្វឹកហាត់បទចម្រៀង ដើម្បីឈានដល់ការថត។ លោកថានេះ ជាបទបើកឆាក ហើយក្នុងពេលដ៏ខ្លីលោកក៏មានបទចម្រៀងចេញច្រៀងបន្តបន្ទាប់ផងដែរ ដើម្បីមានបទផ្ទាល់ខ្លួន ហើយអាចឡើងឆាកបានតាមការរៀបចំរបស់ផលិតកម្ម BN ។

លោករំពឹងយ៉ាងខ្លាំងជាមួយនឹងបទចម្រៀងបើកឆាក ហើយបើទោះជាបទចម្រៀងរបស់លោក នៅមិនទាន់សំឡឹងឃើញពីការគាំទ្រ ក៏ធ្វើអោយលោកមាន Original Song ក្នុងនាមជាតារាចម្រៀងអាជីពតាមក្ដីស្រម៉ៃផងដែរ ក្នុងពេលដែលលោកប្រកាសថា អាជីពពិធីករ ដ្បិតថាមានទេពកោសល្យ តែចំណូលខ្លាំងបំផុតរបស់លោក គឺចង់ក្លាយជាតារាចម្រៀងឯណោះទេ។ លោកថាជាងកន្លះឆ្នាំទើបមានចម្រៀងមួយបទ ប៉ុន្តែក៏ជួយអោយលោក បានកំរើកទីផ្សារបន្ថែមពីការងារសិល្បៈបច្ចុប្បន្ន ស្របគ្នាដែលខាងផលិតកម្ម ក៏ប្រកាសថានឹងធ្វើបទចម្រៀងល្អៗ អោយលោក ហើយលោកក៏ប្រកាសជំហរថា នឹងប្រឹងប្រែងក្នុងអាជីពចម្រៀងអោយខ្លាំងដូចគ្នានឹងការងារពិធីករ ដែលកំពុងប្រែប្រួល។
ចង់ដឹងថាបទបើកឆាករបស់តារាចម្រៀងរូបនេះ មានអត្ថន័យ និងរស់ជាតិកម្រិតណា តោះស្ដាប់កម្សាន្ត៖

មតិយោបល់