ក្នុងកិច្ចសម្ភាន៍អ្នកនាង ស៊ុន ណារីម៉ូនីកា កាលពីថ្ងៃទី២២ កុម្ភៈ ក្នុងកម្មវិធី «Komsan Talk Show » អ្នកនាងម៉ៅ ស៊ីណាត ពិធីការិនិបានពន្លះយ៉ាងចាស់ដៃតែម្ដង ទៅកាន់តារាៗដែលកើតបូសក្លៀក និងយកសិល្បៈធ្វើជាឈ្នាន់ ធ្វើអោយខូចឈ្មោះតារាទូទៅ បណ្ដាលអោយមានការរិះគន់ពីសំណាក់មហាជននោះ។ អ្នកនាងក៏បានទទូចអោយមហាជនដែលបានរិះគន់តារាសិល្បៈ ដែលកើតបូកក្លៀក ឬតារាវាយរឹក និងតារាដែលធ្វើអោយស្អុយដល់សង្គមសិល្បៈ ដៅឈ្មោះអោយចំទៅកាន់តារាដែលមានចំណុចអវិជ្ជមានទាំងនោះ ដើម្បីជៀសអោយផុតពីការម៉ៅតារាទាំងមូល។
អ្នកនាងម៉ៅ ស៊ីណាត និយាយថាអ្នកនាងថ្កោលទោសទាំងស្រុងចំពោះតារាសិល្បៈ ដែលមានចរឹកវាយរឹក ឬបានធ្វើអោយស្អុយដល់សង្គមសិល្បៈ ហើយបណ្ដាលអោយស្អុយដល់កិត្តិយសរបស់តារាទូទៅ ជាពិសេសចំពោះតារាដែលមិនបានប្រព្រឹត្តិទង្វើទាំងនោះ។
អ្នកនាងនិយាយថាតារាខ្លះសម្អាងថាបានសម្ដែងមួយបទ ឬច្រៀងពីរបីបទ ដែលបានយកការងារសិល្បៈទាំងនោះទៅអួតទៅបង្ហាញ ដើម្បីទទួលបានតម្លៃខ្លួនខ្ពស់ ពីការលក់ដូរខ្លួនប្រាណ ដែលអ្នកនាងយល់ថានោះជាទង្វើដែលនាំអោយមនុស្សមួយចំនួនវាយតម្លៃដល់តារាសិល្បៈទូទៅ។ អ្នកនាងឈឺចិត្តយ៉ាងខ្លាំង នៅពេលដែលមានការវាយតម្លៃថា តារានេះក៏យកទៅគេងជាមួយបានតារានោះក៏យកទៅគេងជាមួយបាន ដែលការពិតអ្នកធ្វើរឿងរ៉ាវបែបនោះដើម្បីលុយ គឺមានតែមានចំនួនតូចប៉ុណ្ណោះនៅក្នុងសិល្បៈ។
អ្នកនាងនិយាយថាបើដឹងថាតារាមួយណាបានធ្វើរឿងនោះ សម្តៅអោយចំ ដើម្បីកុំអោយប៉ះពាល់ដល់តារាសិល្បៈទូទៅ ជាពិសេសចំពោះអ្នកនាង និងតារាសិល្បៈផ្សេងទៀត ដែលប្រឹងរកលុយដោយលំបាក ដោយសិល្បៈសុទ្ធសាធ គឺជារឿងអយុត្តិធម៌។
អ្នកនាងក៏បានព្រលះចំពោះតារាសិល្បៈដែលមានចរឹកវាយឫកឆ្មើងឆ្មៃ ក្រោយបានល្បីឈ្មោះ និងក្រោយពីមានឱកាសមានលុយមានឡានផងដែរ ដោយអ្នកនាងបានអះអាងថាតារាដែលមានចរឹកកើតបូសក្លៀកទាំងនោះ ច្រើនតែជាតារាជំនាន់ក្រោយ និងជាតារាដែលអាចរកលុយមានបាន ដោយមិនប្រើសមត្ថភាពនៅក្នុងសិល្បៈសុទ្ធសាធ។ អ្នកនាងនិយាយថា«ខ្ញុំទទួលស្គាល់ថាតារាមួយចំនួនគឺកំពូលវាយឫក អ្នកខ្លះទើបតែល្បីបានបន្តិច ទើបតែមានលុយមានកាក់បានបន្តិច គឺដើរចង់បុកតារារៀមច្បងតែម្ដង ហើយបើតារារៀមច្បងនោះរៀងធ្លាក់បន្តិចផង គឺដៃលើកជំរាបសួរមិនកើត ហើយដើរចង់បុកតែម្ដង! អ៉ីចឹងហើយទើបធ្វើអោយមហាជនខ្លះ និងតារាសិល្បៈដូចគ្នាខ្លះអត់សប្បាយចិត្ត ប៉ុន្តែខ្ញុំចង់អោយបងប្អូនដែលមិនពេញចិត្តតួណាសូមរិះគន់តួហ្នឹង កុំម៉ៅថាអោយតារាសុទ្ធតែឫក និងកុំអោយម៉ៅថាអោយតែតារាសុទ្ធតែមិនល្អ!»។
បន្ថែមពីការពន្លះចំៗទៅលើករណីទាំង២ខាងលើ អ្នកនាងម៉ៅ ស៊ីណាត ក៏បានរិះគន់ចំពោះមហាជនមួយចំនួនដែលតែងតែមាក់ងាយដល់តារាសិល្បៈ ថាពេលល្បីហ៊ឺហារឡូយឆាយ លុះដល់ពេលឈឺក៏ត្អូញត្អែរ និងស្មូមលុយមហាជនផងដែរ ដោយអ្នកនាងបានហៅការលើកឡើងនេះថា ជាការបំបាក់ទឹកចិត្តចំពោះអ្នកខ្វះខាត ចំពោះតារាសិល្បៈដែលមានជីវភាពលំបាកពិតប្រាកដ ដូចជាករណីអ្នកនាង ស៊ុន ណារីម៉ូនីកា ជាដើម ដែលអត់ទីផ្សារ និងមានបញ្ហាកូនឈឺប្រមាណ៥ឆ្នាំ តែសុខចិត្តលក់ផ្ទះលក់ឡាន ព្រោះតែមិនហ៊ានប្រកាសពីការលំបាកដើម្បីកុំអោយគេថាពេលឈឺគឺស្មូមលុយនោះ។
អ្នកនាងបញ្ជាក់ថា ជីវិតជាអ្នកសិល្បៈ អោយតែរកលុយដោយកម្លាំងញើសឈាមពីអ្នកសិល្បៈសុទ្ធសាធអត់មានអ្នកណាមានបាននោះទេ គឺបានត្រឹមតែល្អមើលប៉ុណ្ណោះ អ៊ីចឹងហើយទើបនាងស្នើអោយមហាជនបញ្ឈប់ការមាក់ងាយចំពោះតារាដែលធ្លាក់ខ្លួនក្រ ឬតារាដែលមានជំងឺខ្វះខាតលុយ ដោយសារតែអ្នកដែលហ៊ឺហារ អ្នកដែលឡូយឆាយ គឺមិនមែនជាតារាដែលមានការប្រឈមទាំងនោះទេ។
អ្នកនាងនិយាយថាអ្នកណាលក់ខ្លួន អ្នកណាអួតរឿងមានបានទៅរិះគន់អ្នកសិល្បៈទាំងនោះទៅ ហើយសម្រាប់តារាសិល្បៈដែលមានការប្រឈមបើមិនចង់ជួយដល់តារាទាំងនោះក៏មេត្តាមើលងាយណាមួយ ដើម្បីកុំអោយតារាដែលមានធុរៈលំបាកលំបិនហើយ បែរជាមករងនូវការប្រមាថថែមទៀត៕
https://youtu.be/nEg_6h7QuOU
មតិយោបល់