ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ឹម ស៊ីណាត ទទួលបានទិដ្ឋាការទៅនៅអូស្រ្តាលី ជាមួយភរិយាឥតខាន់ស្លា

បើទោះមិនទាន់រៀបការបើកចំហរនៅឡើយក្ដី ប៉ុន្តែតារាចម្រៀងប្រចាំវង់អ្នកនាង ខាត់ សុឃីម និងលោកជេកស៍ ម្ចាស់បទ«សេដ្ឋីស្រុកស្រែ»គឺលោក ស៊ឹម ស៊ីណាត ត្រូវគេដឹងថាមានទំនាក់ទំនងស៊ីជម្រៅជាមួយនារីខ្មែររស់នៅប្រទេសអូស្រ្តាលីម្នាក់ ដល់ថ្នាក់ចាត់ទុកគ្នាជាប្ដីប្រពន្ធទៅវិញទៅមក។

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺលោកបានទទួលទិដ្ឋាការអាចចេញទៅរស់នៅទីនោះជាផ្លូវការហើយ ដោយតាមគម្រោងគឺលោកនឹងបោះបង់សិល្ប: ហើយចេញទៅតាមភរិយាមិនទាន់រៀបការនៅអំឡុងមុនចូលឆ្នាំខ្មែរនេះហើយ។

លោក ស៊ឹម ស៊ីណាត បានទទួលស្គាល់ថាលោកពិតជាត្រូវបានអគ្គរដ្ឋទូតរបស់ប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា ផ្ដល់ឲ្យនូវឯកសារស្នាមដើម្បីឲ្យលោកអាចចេញទៅរស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសអូស្រ្តាលីជាផ្លូវមែន បន្ទាប់ពីនារីនៅក្នុងប្រទេសអូស្រ្តាលីបានចេញមុខរត់ច្បាប់ឲ្យលោកស្ងាត់ៗតាំងពីច្រើនខែមុន ដើម្បីឲ្យលោកបានរួមរស់ជាប្ដីប្រពន្ធក្រោមដំបូលតែមួយនៅទីនោះ។

លោកថារវាងលោក និងភរិយាមិនទាន់រៀបការស្រឡាញ់គ្នាជាច្រើនឆ្នាំមកហើយ ហើយបើទោះជាទំនាក់ទំនងនោះមិនទាន់ឈានដល់ពិធីអាពាហ៍ពិពាហ៍ ក៏ស្នេហានោះធ្វើឲ្យលោក និងអ្នកនាងកាន់តែយល់ចិត្តថ្លើមគ្នានោះដែរ ទើបអ្នកនាងសម្រេចចិត្តរត់ការយកលោកឲ្យចេញទៅរស់នៅប្រទេសអូស្រ្តាលីជាផ្លូវការ។

លោកគម្រោងចាកចេញពីប្រទេសកម្ពុជានៅអំឡុងខែមីនាខាងមុខ គឺចេញទៅឲ្យបានមុនអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយសារតែលោកក៏មិនចង់ត្រាំត្រែងបន្តក្នុងស្រុក ធ្វើឲ្យភរិយារបស់លោកដែលខំរត់ការមានអារម្មណ៍ថាលោកមិនចង់ឡើងទៅ។

លោកអះអាងថាដំណើរចេញទៅរស់នៅប្រទេសអូស្រ្តាលីលើកនេះ នៅមិនទាន់ដឹងថាតើលោកនឹងត្រូវបន្តការងារសិល្ប:នៅទីនោះ ឬត្រូវបញ្ចប់នោះទេ ប៉ុន្តែលោកនឹងឡើងចុះស្រុកខ្មែរ ហើយនឹងបង្ហាញមុខច្រៀងរាំក្នុងពេលមកលេងម្ដង ប្រសិនបើមានអ្នកគាំទ្រស្រឡាញ់ពេញចិត្តឲ្យលោកបង្ហាញខ្លួនលើឆាកតន្ត្រី។ សមាជិកសកម្មរបស់«គ្រួសារតារាកម្ពុជា»រូបនេះ បានសម្ដែងនូវអារម្មណ៍សោកស្ដាយដែលមិនអាចបន្តការងារសិល្ប: ដែលកំពុងឈានឡើងឲ្យកាន់តែលេចធ្លោរបន្ថែមទៀត តែលោកប្រកាសថាបើមានឱកាសអាចបន្តអាជីពចម្រៀងនៅក្នុងប្រទេសអូស្រ្តាលី គឺលោកនឹងស្នើភរិយាបន្តច្រៀងនៅក្នុងប្រទេសនោះ។

លោកស៊ឹម ស៊ីណាត បានអះអាងថារយ:ពេលច្រើនឆ្នាំក្នុងវិស័យចម្រៀង លោកមិនដែលមានបទចម្រៀងផ្ទាល់ខ្លួននោះទេ ដោយសារតែលោកគ្រាន់តែជាតារាចម្រៀងដែលនិយមច្រៀងបទពីសម័យដើម និងជាតារាចម្រៀងក្នុងវង់អកកេស ដែលមិនសូវចាប់អារម្មណ៍ឡើងឆាកទូរទស្សន៍។ លោកត្រូវគេឃើញមានការទទួលស្គាល់ពីអាជីពសិល្ប: បន្ទាប់ពីបានក្លាយខ្លួនជាសមាជិក«គ្រួសារតារាកម្ពុជា» ហើយត្រូវបានក្រុមសប្បុរសធម៌ធំមួយនេះ ដាក់ឲ្យចេញមុខក្នុងកម្មវិធីច្រៀងរាំបែបសប្បុរសធម៌ជាច្រើននាងពេលចុងក្រោយ។ លោកស៊ឹម ស៊ីណាត បញ្ជាក់ថាបើមានឱកាសលោកនឹងធ្វើជាតំណាងរបស់«គ្រួសារតារាកម្ពុជា»ប្រចាំនៅប្រទេសអូស្រ្តាលីក្រោយពេលទៅដល់ ដើម្បីបង្កើតជាមូលនិធិផ្សេងៗជួយដល់តារាសិល្ប:នៅកម្ពុជាដែល«គ្រួសារតារាកម្ពុជា!»ចេញមុខដោះស្រាយ៕

មតិយោបល់