ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្អាតមិនធម្មតា សុគន្ធ និសា និង លី ម៉ារីណា ពេលគ្រងឈុតជំនាន់បារាំង

មកទល់ពេលនេះភាពយន្តរឿង«រាជនីភូមិគ្រឹះ» ដែលសម្ដែងដោយតារាស្រីល្បីៗ ជាពិសេសគឺអ្នកនាង សុគន្ធ និសា និង អ្នកនាងលី ម៉ារីណា នៅមិនទាន់ថតបញ្ចប់នៅឡើយទេ ដោយក្រុមផលិតករមមាញឹកនឹងការចេញថតឲ្យបានឆាប់យប់យ៉ាងញាប់ដៃញាប់ជើងនោះផង បន្ទាប់ពីភាពយន្តនេះត្រូវបានពន្យារពេលយូរទៅៗ ព្រោះតែរឿង សាន ស្រីឡៃ ត្រូវស្លាប់ បង្ខំឲ្យផលិតករចេញថតឈុតរបស់នាងឡើងវិញ ដើម្បីកុំឲ្យលោតប្លង់ និងដោយសារតែតារាចម្រៀង សុគន្ធ និសា សុំច្បាប់មិនថតមួយខែព្រោះតែរវល់រឿងរៀបការ។ យ៉ាងណាមិញ ក្រោយពេលភាពយន្តមួយនេះជិតចប់ គេកត់សម្គាល់ថាតារាស្រី២ដួង គឺ សុគន្ធ និសា និងលី ម៉ារីណា លេចធ្លោរសម្រស់បង្អួតគ្នាតែម្ដង នៅពេលអ្នកទាំងពីរតែងតួក្នុងជំនាន់បារាំង ដើម្បីតម្រូវនឹងសាច់រឿង។

រូបថតប៉ុន្មានសន្លឹកដែលបានបង្ហោះដោយអ្នកផាត់មុខរបស់អ្នកទាំងពីរនេះ បានធ្វើឲ្យតារាស្រីទាំងពីរ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែមួយឈុតដែលអ្នកនាង សុគន្ធ និសា និងលី ម៉ារីណា បានរំលេចនោះ គឺអ្នកណាក៏មើលឃើញថាអ្នកទាំង២ស្រស់ស្អាត។ បើក្រឡេកមើលអាយុ អ្នកនាងលី ម៉ារីណា មានអាយុ៣៨ឆ្នាំហើយ ខណ:ដែលអ្នកនាងសុគន្ធ និសា ក៏មានអាយុជាង៣០មិនចាញ់គ្នានោះដែរ ទើបនៅពេលរូបសម្រស់របស់អ្នកនាងស្រាប់តែមើលទៅស្រស់ស្អាតជាមួយនឹងម៉ូដសក់ និងសម្លៀកបំពាក់ក្នុងសម័យបារាំង ទើបធ្វើឲ្យអ្នកណាៗក៏លាន់មាត់ថាតារាស្រីទាំំងពីរពិតនៅតែមានសម្រស់មិនធម្មតា។

នៅក្នុងភាពយន្តរឿង«រាជនីភូមិគ្រឹះ» អ្នកទាំងពីរត្រូវគេឲ្យសម្ដែងជាភរិយាដើម និងចុង ខណ:ដែលនៅខាងក្រៅអ្នកទាំងពីរក៏មានឈានជ័រជាបងប្អូននឹងគ្នានោះដែរ គឺជាមីង និងក្មួយ ដោយគ្រាន់តែសាច់ឆ្ងាយបន្តិច។

អ្នកទាំងពីរត្រូវគេអះអាងថាបានមានការយកចិត្តទុកពីក្រុមផលិតករក្នុងការរៀបចំសំលៀកបំពាក់ឲ្យម៉ត់ចត់ ទើបមួយប្លង់ៗរបស់អ្នកនាង សុគន្ធ និសា និងលី ម៉ារីណា សុទ្ធតែធ្វើឲ្យលេចធ្លោរ ដោយសូម្បីតែរូបថតប៉ុន្មានសន្លឹករបស់អ្នកទាំងពីរនៅខាងក្រៅឆាកក្នុងរឿងនេះក៏ទាក់ទាញការចាប់អារម្មណ៍។

អ្នកនាងលី មារីណា និយាយថាបានថតមួយរឿងនេះ អ្នកនាងរំពឹងខ្លាំងថានឹងទទួលបាននូវភាពលេចធ្លោរ ប៉ុន្តែបើនិយាយពីការលំបាកវិញក៏ច្រើនណាស់ដែរ ជាពិសេសគឺត្រូវចេញថតឆ្ងាយៗ ថតរហូតដល់យប់ជ្រៅ ហើយក៏មានឈុតឆាករត់កាត់កណ្ដាលព្រៃធ្វើឲ្យអ្នកនាងប្រទះនូវគ្រោះថ្នាក់ច្រើនអន្លើរផងដែរ។

អ្នកនាងថា រឿងនេះត្រូវចប់យូរហើយ ប៉ុន្តែដោយសារតែប្លង់ដែលសាន ស្រីឡៃ បានថត គឺមានឈុតខ្លះស្ថិតនៅខាងដើមរឿងឈុតខ្លះនៅខាងចុងរឿង ទើបមិនអាចឲ្យផលិតករយកតួមកជំនួសបាន ដែលចាំបាច់ត្រូវតែថតថ្មីតែម្ដង ដើម្បីកុំឲ្យឈុតខ្លះជារូបសាន ស្រីឡៃ ហើយឈុតខ្លះជារូបតួជំនួស។

មតិយោបល់