តាំងពីចុះមកលេងប្រទេសកំណើត ក្រោយចេញទៅរស់នៅតាមប្ដីនៅអូស្ត្រាលី អ្នកនាង គឹម លីហ្សា នៅមិនទាន់កំណត់ថ្ងៃឡើងទៅជួបស្វាមី និងកូនស្រីនៅឡើយទេ បន្ទាប់ពីអ្នកនាង ជក់សូរនឹងមុខជំនួញអនឡាញនៅកម្ពុជា។ ក្រៅពីទទួលបានពានឆ្នើមនៅក្នុងប្រទេសថៃ អ្នកនាង និងប្អូនស្រីបង្កើត គឺ កញ្ញា អេនីយ៉ា ក៏លេងចាស់ដៃដោយចំណាយធ្វើពិធីជួបជុំតំណាងចែកចាយរបស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រស់ Anniya Cosmetics Trading Co.,Ltd របស់អ្នកនាងយ៉ាងអធឹកអធម កាលពីថ្ងៃទី១៩ មីនា។
អ្នកនាង គឹម លីហ្សា និយាយថា បន្ទាប់ពីក្រុមហ៊ុន Anniya Cosmetics Trading Co.,Ltd ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធំមួយ ដែលបាននាំចូលផលិតផលម៉ាក Anniya និង Jesse នៅកម្ពុជា ទើបអ្នកនាង និងប្អូនស្រីសម្រេចចិត្ត ធ្វើពិធីជួបជុំតំណាងចែកចាយ ជាទ្រង់ទ្រាយធំ ដើម្បីប្រកាសអោយស្គាល់ផលិតផលអនឡាញរបស់ខ្លួនផង និងដើម្បីអបអរអ្នកនាង និងប្អូនស្រី ដែលទើបទទួលបានពានជា CEO ឆ្នើមផង។ អ្នកនាងថា ក្រុមហ៊ុន Anniya Cosmetic បានបើកដំណើការយូរមកហើយ ប៉ុន្តែក្រោយពេលអ្នកនាងចេញទៅរស់ប្រទេសអូស្ត្រាលី ក៏បានបន្ថែមការនាំចូលផលិតផលម៉ាក Jesse ថែមមួយប្រភេទទៀត ដើម្បីអោយមុខជំនួញនេះ កាន់តែរីកធំជាងមុន។
អ្នកនាងគឹម លីហ្សា ថាមុខរបររបស់ខ្លួនដ្បិតថា ជាមុខរបរអនឡាញ ប៉ុន្តែដើមទុនប្រើជាង១០ម៉ឺនដុល្លារហើយ ដោយអ្នកនាង និងប្អូនស្រី ក៏រកបានអ្នកចែកចាយផលិតផលស្ទើរ តែគ្រប់បណ្ដាខេត្តក្រុង ដែលកាន់តែធ្វើអោយមុខជំនួញរបស់អ្នកនាងកាន់តែធំជាងមុន។ អ្នកនាងថាផលិតផលទាំង២ម៉ាក ជាការនាំចូលមកពីក្រៅប្រទេស ហើយក៏មានការធានាពីគុណភាពផងដែរ ទើបធ្វើអោយអ្នកនាងហ៑ានបោះទុនដល់ជាង១០ម៉ឺនដុល្លារ ធ្វើអោយមុខរបរនេះ ឈានឡើង។ អ្នកនាងថាខ្លួននៅឡើងចុះអូស្ត្រាលី ហើយបើអោយអ្នកនាងចុះមកនៅកម្ពុជាតែម្ដងចោលស្វាមី និងកូន គឺមិនទាន់នោះឡើយ៕
មតិយោបល់