ខុសពីតារាមួយចំនួនដែលក្រោយឡើងកូដ កាន់តែមានអារម្មណ៍មោទនភាពនឹងអាជីពសិល្បៈ ពិធីករ លោក សន សុវណ្ណារ៉ា បែរជាអះអាងថា តាំងពីមានកេរ្តិ៍ឈ្មោះត្រដែតជាថ្មីក្រោយពេលបាត់មុខ បែរជាអះអាងថា មានតែរិះគន់ និងការសម្អុយពីក្រោយខ្នង ទាំងលោកមិនដឹងខ្លួន។
យ៉ាងណាមិញលោកអះអាងថា មិនខ្វល់ពីការតតាំងចំពោះតារាសិល្បៈដែលបំផ្លើសពីខ្លួននោះទេ ក្នុងពេលដែលលោកក៏មានការងារទទួលរៀបចំកម្មវិធីតូចធំរាប់មិនអស់ដែលត្រូវដោះស្រាយ។
លោក សន សុវណ្ណារ៉ា និយាយថា មនុស្សច្រើនឡើងបានដើរសម្អុយថា លោកជាមនុស្សវាយប្ញក និងថាជាតារាប្រកាន់បក្សពួកអីជាដើម ក្នុងពេលដែលលោកមិនមានចរឹកបែបនោះទាល់តែសោះ។ អ្នកខ្លះបានទាំំងមាក់ងាយថាលោកមិនមែនជាពិធីករអាជីព និងថាមិនមែនជាម្ចាស់ក្រុមហ៊ុនខាងផ្នែកដេគ័រ និងទទួលរៀបចំកម្មវិធីជាដើម ដោយចេះតែអួតអាងជាដើម។ លោកថាខ្លួនបានក្លាយជាពិធីករប្រចាំក្រសួង ជាច្រើនឆ្នាំមកហើយ ដោយបានទទួលការងារជាច្រើនក្នុងកម្មវិធីធំរបស់ស្ថាប័នជាតិ និងស្ថាប័នរដ្ឋរាប់មិនអស់ ទើបធ្វើអោយលោកបែកគំនិតបើកក្រុមRA Group ដើម្បីទទួលរៀបចំពិធីករ និងទទួលចាត់ចែងពិធីផ្សេងៗ ដែលមកទល់រាល់ថ្ងៃ គឺដល់ថ្នាក់រកពេលសម្រាកមិនបាន។ លោកថាក្រុមហ៊ុនRA មានឱកាសទទួលបានអាហ្វែរាល់ថ្ងៃ គឺដោយសារតែក្រេឌីតដែលលោកធ្លាប់បានទទួលធ្វើពិធីករប្រចាំក្រសួង និងតាមរយៈដែលលោកបទពិសោធន៍ច្រើនក្នុងការរៀបចំនោះឯង ទើបលោកចង់ប្រកាសប្រាប់ថាខ្លួនមិនបានអួតអាងនោះទេ ផ្ទុយទៅវិញគឺលោកមានតែបានលាក់តំណែង ដោយមនុស្សនៅជុំវិញខ្លួនតិចណាស់បានដឹងថាលោកគឺជាម្ចាស់ក្រុមទទួលរៀបចំពិធីការ និងកម្មវិធីប្រគំតន្ត្រីតូចធំ។
លោកថាខ្លួនរាល់ថ្ងៃមិនទាំងហ៊ានបញ្ចេញភាពហ៊ឺហារ និងឡូយឆាយផងដោយសារតែលោកមិនមែនជាមនុស្សស៊ីវិល័យ និងមិនចង់អោយគេយល់ថាគ្រាន់តែមានសមត្ថភាពបើកក្រុមហ៊ុនតិចតួច លេងប្ញកលេងពារ។ ក្នុងនោះលោកក៏មិនខ្វល់ពីការរិះគន់ថាលោកទៅណាមកណាស្លៀកតែខោខ្លី និងជិះម៉ូតូយ៉ាងសមញ្ញ ហើយអួតតែរឿងថាមានក្រុមហ៊ុននោះផងដែរ។
លោកថាបើចង់ដឹងពីការងារលោកច្បាស់ អាចស៊ើបអង្កេតអ្នកទទួលអាហ្វែធំៗ និងពីបណ្ដាក្រុមហ៊ុនធំៗដែលធ្លាប់ទាក់ទងអោយលោកទទួលការងារជាពិធីករ និងជាអ្នកទទួលរៀបចំកម្មវិធីបាន ដោយសារតែលោកភាគច្រើនមិនសូវទទួលការងារប្រគំតន្ត្រីតូចៗនៅតាមប្រភេទខេត្តក្រុងនោះទេ ប៉ុន្តែច្រើនទទួលចាត់ចែងពិធីការបនៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្រសួងនានា និងនៅបណ្ដាក្រុមហ៊ុនធំៗ ស្ថិតនៅសណ្ឋាគារលំដាប់ផ្កាយ៥តែម្ដង។
លោក សន សុវណ្ណារ៉ា បន្តថា ក្នុងគម្រោងការងារដែលលោកទទួលម៉ៅការខ្លះ មានតម្លៃរហូតដល់សែនដុល្លារមួយកម្មវិធីក៏មានដែរ តែលោកមិនដែលប្រកាសអួត ឬដើរផ្សាយដើម្បីអោយមានអ្នកសរសើរនោះទេ ដោយសារតែលោកយល់ថាបើលោកដាក់ខ្លួនគឺសំបូរអ្នកសិល្បៈរាប់អានជិតស្និទ្ធច្រើនជាង។
ក្នុងនោះលោកក៏បានច្រានចោលថាលោកគឺជាតារាវាយប្ញក និងប្រកាន់បក្សពួកនោះដែរ ប៉ុន្តែលោកអះអាងថា លោកដាក់តារាអោយធ្វើពិធីករ និងច្រៀងក្នុងកម្មវិធីរបស់ខ្លួន តែតារាដែលមានសំណើរពីម្ចាស់កម្មវិធី និងជាតារាដែលមានសមត្ថភាពសមតាមកម្មវិធីដែលលោកកត់សម្គាល់ប៉ុណ្ណោះ។
ដោយឡែកលោកក៏បានប្រកាសអោយដឹងពីចរឹករបស់ខ្លួនផងដែរ ថាលោកជាមនុស្សចូលចិត្តរាប់អានមនុស្ស ប៉ុន្តែបើប្រភេទតារាខ្លះមិនអោយតម្លៃចំពោះលោក ក៏លោកលេងប្ញកដូចគ្នាត្រលប់វិញផងដែរ ដោយមិនគួរសម្អុយថាលោកជាតារាវាយប្ញកនោះទេ៕
មតិយោបល់