នៅទៅបំផុតភាពយន្តដែលសម្ដែងដោយតារាស៊ិចស៊ី កញ្ញាដេនី ក្វាន់ ដែលធ្លាប់ផ្ទុះរឿងចម្រូងចម្រាស់ថា នឹងមិនអោយបញ្ចាំងព្រោះតែនាងត្រូវក្រសួងដាក់កំណត់ពិន័យនោះ ត្រូវបានប្រកាសថា នឹងដាក់លក់សំបុត្រជាផ្លូវការហើយនៅថ្ងៃទី៨ មីនា ក្នុងឆ្នាំ២០១៨នេះ ដោយកាលពីល្ងាចថ្ងៃទី២៥ កុម្ភៈ មុននេះ Trailer ផ្លូវការក៏បានចេញបង្ហោះក្រោម ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រផងដែរ។ ផលិតករបានអះអាងថា ភាពយន្តនេះ ត្រូវបានក្រសួងអនុញ្ញាតិអោយដាក់បញ្ចាំងលក់សំបុត្រ គឺព្រោះតែការតស៊ូមតិរបស់ខ្លួន និងដោយសារតែហេតុផលសមស្របមួយចំនួន។
លោកសែម វិសាល ផលិតកររឿង «ផ្ទះចិញ្ចឹមខ្មោច»បានអះអាងថា ដោយសារតែជាប់បម្រាមរឿងមិនអោយកញ្ញា ដេនី ក្វាន់បង្ហាញមុខរយៈពេល មួយឆ្នាំ នាយកដ្ឋានភាពយន្តមានគម្រោងបំបិទរឿងរបស់លោកអោយដាក់បញ្ចាំងលក់សំបុត្ររហូតដល់ក្រោយចូលឆ្នាំខ្មែរ ដើម្បីអោយគ្រប់១ឆ្នាំនៃការពិន័យ។ ប៉ុន្តែដោយសារតែក្នុងបម្រាមរបស់ក្រសួង បានតម្រូវមិនអោយស្នាដៃរបស់នាង ដាក់បង្ហាញតែស្នាដៃដែលបានថត និងផលិតក្នុងពេលជាប់បម្រាម ទើបភាពយន្តរឿង «ផ្ទះចិញ្ចឹមខ្មោច»ដែលសម្ដែងដោយកញ្ញា ដេនី ក្វាន់ ត្រូវបានលើកលេង។ លោកថាភាពយន្តនេះ ត្រូវបានផលិតឡើងតាំងពីដេនី ក្វាន់ ផ្ទុះរឿងក្រសួងបំបិទទីផ្សារទៅទៀត ទើបក្រសួងសម្រេចអោយលោកធ្វើការចរចរណ៍ ដាក់បញ្ចាំងលក់សំបុត្រនៅអំឡុងខែ៣នេះ ដោយខាងបណ្ដារោងទំនើបៗ ក៏បានសម្រេចអោយរឿងរបស់លោក ដាក់បញ្ចាំងចំថ្ងៃ៨ មីនា ព្រោះតែឃើញសាច់រឿងរបស់លោកទាក់ទាញ មិនពិបាកកន្ត្រាក់ការគាំទ្រ។
យ៉ាងណាមិញ ភាពយន្តនេះ ត្រូវបានចេញថតឡើងវិញ ស្ទើរតែ៨០ភាគរយ ដោយសារតែអ្នកដឹកនាំសម្ដែង ដែលលោកប្រគល់ការងារអោយ ដឹកនាំសម្ដែងភាពយន្តមួយនេះ មិនមានគុណភាព។ លោកថាភាពយន្តនេះ ត្រូវបានផលិតក្នុងរយៈពេលយូរ ហើយបើនិយាយពីការចំណាយវិញ ក៏គុណនឹង២ផងដែរ ដោយសារតែប្លង់មួយចំនួនដែលយកមិនបាន គឺលោកសម្រេចចិត្តចាយលុយថតជួសឡើងវិញ។
យោងតាម Trailer ដែលបានដាក់បង្ហោះផ្លូវការ គឺរឿង«ផ្ទះចិញ្ចឹមខ្មោច» ពោរពេញដោយឈុតឆាកភ័យរន្ធត់ និងកំប្លុកកំប្លែងទាក់ភ្នែក ដោយមានអ្នកគាំទ្រជាច្រើន សរសើរថាភាពយន្តនេះ នឹងស៊ីលុយពេញទំហឹងសម្រាប់ឆ្នាំ២០១៨នេះ។ ភាពយន្តនេះ ក៏ត្រូវគេមើលឃើញថា មានគុណភាពល្អជាងដាច់ឆ្ងាយពីការផលិតរបស់ផលិតកម្ម Wonderfilem Cambodia ក្នុងដំណាក់កាលមុនៗផងដែរ ជាពិសេសគឺកម្រិតពណ៌ សំឡេង និងស្ដង់ដារគុណភាពតែម្ដង។ លោកសែម វិសាល និយាយថា បើរឿងមួយនេះ មានចំណុចខ្វះខាត ប្រហែលជាខាងនាយកដ្ឋាន មិនបើកសិទ្ធិអោយបញ្ចាំងនោះទេ ដោយសារតែផ្អែកតាមតួឯកស្រី គឺកញ្ញា ដេនី ក្វាន់ ត្រូវក្រសួងដាក់បម្រាមមួយឆ្នាំ៕
មតិយោបល់