ក្នុងចំណោមភ្ញៀវកិត្តិយសចូលរួមក្នុងពិធីមង្គលការរបស់តារាកំប្លែងនាយចយ កាលពីយប់ថ្ងៃទី២៧ កុម្ភៈ នៅពិភពថ្មីសែនសុខ មានការកត់សម្គាល់យ៉ាងខ្លាំង ដោយសារតែមានវត្តមានរបស់កូនប្រុសដ៏មានឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រីដល់ទៅ២រូបចូលរួមព្រមគ្នា។
នេះជាការបង្ហាញខ្លួនយ៉ាងកម្ររបស់លោកទាំងពីរនៅក្នុងពិធីមង្គលការរបស់តារាសិល្បៈ ខណៈដែលភ្ញៀវកិត្តិយសដែលស្ថិតនៅក្នុងពិធីនោះ សុទ្ធតែលាន់មានសរសើរពីភ័ព្វសំណាងរបស់នាយចយ ដែលក្រៅពីបានភរិយាយ៉ាងស្រស់ស្អាតធ្វើជាអនាគតហើយនោះ ក៏ថែមទាំងបានកូនប្រុសលោកនាយករដ្ឋមន្ត្រីដល់ទៅ២រូប ចូលរួមអបអរដល់ពិធីទទួលភ្ញៀវទៅទៀត។
ពិធីមង្គលការដែលត្រូវបានសាមីខ្លួនអះអាងថាធ្វើចំនួនជាង៣០តុនេះ ដ្បិតថាមិនសូវមានវត្តមានតារាសិល្បៈច្រើននាក់ ប៉ុន្តែតារាកំប្លែងស្ទើរតែទាំងអស់ក្នុងក្រុមកំប្លែងនាយក្រឹម សុទ្ធតែបង្ហាញមុខ ដោយនាយហុងដា អ្នកនាងប្រិមប្រិយ នាយព្រែក ក៏បានចូលរួមផងដែរ។
ក្នុងនោះវត្តមានផលិតករៗល្បីឈ្មោះរបស់ទូរទស្សន៍បាយ័ន ទាំងចាស់ទាំងថ្មី ក៏សុទ្ធតែបង្ហាញខ្លួន ស្របគ្នាដែលផលិតករ និងតួសម្ដែងក្នុងកម្មវិធី«ដូច្នឹងផង»របស់ទូរទស្សន៍ថោនក៏មានវត្តមានដូចការគ្រោងទុក។ យ៉ាងណាមិញ ក្នុងចំណោមបណ្ដាតារាសិល្បៈ និងភ្ញៀវកិត្តិយសដែលបានលេចមុខនៅក្នុងមង្គលការនោះ គេនៅតែមើលឃើញថាវត្តមានរបស់លោក ហ៊ុន ម៉ាណែត និងលោកហ៊ុន ម៉ានី ដែលកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើអោយកម្មវិធីទាំងមូលពោរពេញដោយការចាប់អារម្មណ៍លើសលប់ ដោយសារតែនាងចយខ្លួនឯង ក៏អះអាងថាមិននឹកស្មានថាមន្ត្រីជាន់ខ្ពស់ទាំង២ ចំណាយពេលមកដល់ផ្ដល់កិត្តិយសដោយផ្ទាល់ដល់ម្ល៉ឹង។ នាយចយបានបង្ហូរទឹកភ្នែក នៅពេលឡើងថ្លែងអំណរគុណទៅកាន់ភ្ញៀវ ដោយលោកបញ្ជាក់ថាវត្តមានរបស់ភ្ញៀវដែលបានចូលរួមបានធ្វើអោយលោករំភើបដល់ថ្នាក់មិនអាចទប់ទឹកភ្នែកមិនបាន ដោយលោកបានហៅវត្តមានដ៏កកកុញនោះ ថាជាការជួយអោយលោកចងចាំក្នុងជីវិតមិនងាយភ្លេចបាននោះផង។ លោកបានទម្លាយ អោយដឹងនូវភាពកម្សត់ថា មង្គលការដែលបានធ្វើឡើង អត់មានការកំណត់បណ្ណាការពីភាគីខាងស្រីនោះទេ ដោយភាគីទាំងសងខាងយល់ព្រមរៀបចំរួមគ្នា ហើយសូម្បីតែផ្លែឈើក៏ទិញពីខេត្តមកចាត់ចែង ដើម្បីកុំអោយចំណាយលុយខ្ពស់។
នាយចយបានសារភាពថា មុនថ្ងៃរៀបការលោកទទួលបានការឧបត្ថម្ភពីមន្ត្រីជាន់ខ្ពស់មួយរូបនូវថវិកាមួយកញ្ចប់ប្រមាណជា២០០០ដុល្លារ ប្រគល់អោយខាងស្រីចាត់ចែង ហើយដោយគ្រួសារខាងស្រីក៏អាណិត និងមិនចង់បំបែកបំបាក់លោកផង ក៏បានចំណាយផ្ទាល់ខ្លួនមកបង្គ្រប់ដើម្បីកក់ហាង ជួលសំអាង និងទិញនូវគ្រឿងដណ្ដាប់ផ្សេងៗរៀបចំពិធី។
លោកសម្ដែងការបារម្ភក្នុងពេលទទួលភ្ញៀវថា បើភ្ញៀវចូលរួមមង្គលការរបស់លោកតិចតួច នោះលោកនឹងអត់លុយសងថ្លៃខាតនោះទេ។
អ៉ីចឹងហើយទើបលោកបង្ហូរទឹកភ្នែក នៅពេលឃើញភ្ញៀវមកចូលរួមពេញតុ ហើយមានទាំងវត្តមានរបស់កូនប្រុសនាយករដ្ឋមន្ត្រីដល់ទៅ២រូប មកចងដៃលោកដល់កន្លែងពិធីផង។ លោកហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ត្រូវគេឃើញផ្ដល់អោយលោក និងភរិយា នូវថវិកាមួយកញ្ចប់ធំម្នាក់ អមដោយការជូនពរថាអោយលោក និងភរិិយាស្រឡាញ់គ្នា កុំបែកគ្នា។ យ៉ាងណាមិញ លោក ហ៊ុន ម៉ាណែត បានត្រឡប់ទៅវិញភ្លាមៗក្រោយពីចូលមកចងដៃនាយចយបានមួយប៉ុន្មាននាទី ដោយនៅតែលោក ហ៊ុន ម៉ានី ប៉ុណ្ណោះ ដែលនៅចូលតុុ នៅអបអរកម្មវិធីរបស់លោករហូតដល់បញ្ចប់ពិធីជូនពរភ្ញ្ញៀវ។
ខាងក្រោមនេះជាទិដ្ឋភាពមង្គលការរបស់ លោក ភិច សែ ហៅ នាយចយ និងអ្នកនាង ប៉ិច ក្វាន់ឌី កាលពីថ្ងៃទី២៧ កុម្ភៈ៖
https://youtu.be/Kku07ZQKWDs
មតិយោបល់