ក្រោយបញ្ចប់ពិធីបុណ្យកតញ្ញូជូនដល់លោកឪពុកអ្នកម្ដាយ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ កុម្ភៈ នៅស្រុកបន្ទាយមាស ក្នុងខេត្តកំពត តារាសម្ដែង លោក ទេព រិទ្ធីនី ដែលជាពិធីករប្រចាំប៉ុស្ដិ៍លេខ៣កាលពីមុនផង បានអះអាងថាទម្រាំតែអាចសន្សំលុយបានធ្វើពិធីបុណ្យដ៏ធំមួយនេះជាមួយនឹងបងៗ គឺលោកប៉ងប្រាថ្នាចង់កន្លះជីវិតហើយ។ លោកថាសប្បាយចិត្តជាពន់ពេក នៅពេលដែលឪពុកម្ដាយរបស់លោកស្ថិតនៅរឹងមាំ ហើយលោក និងបងៗអាចមានលទ្ធភាពធ្វើពិធីសងគុណនេះផង ខណៈដែលលោកបញ្ជាក់ថាបើក្នុងថ្ងៃក្រោយលោកមានលទ្ធភាព ដោយមិនរំខានបងៗ គឺលោកនឹងធ្វើពិធីបែបនេះអោយធំម្ដងទៀត ដើម្បីអោយឪពុកម្ដាយរបស់លោកមានឱកាសចែកទាន និងបានអនិសង្ឃកាន់តែច្រើន។
លោក ទេព រិទ្ធីនី និយាយថា គ្មានអ្វីសប្បាយចិត្តនៅពេលបានធ្វើបុណ្យជូនអ្នកមានគុណ ហើយធ្វើអោយឪពុកម្ដាយរបស់លោកសើច ញញឹម និងមានកិត្តិយសនោះទេ ដោយលោកបានចាត់ទុកថាពិធីបុណ្យកត្តញូដែលទើបបញ្ចប់ក្ដៅ គឺជាពិធីដែលធ្វើអោយគ្រួសាររបស់លោកមានមុខមានមាត់ក្នុងក្រសែភ្នែកអ្នកជិតខាងដែលធ្លាប់មើលស្រាយ និងបងប្អូនមិនថាជិតឆ្ងាយនោះផង។
យ៉ាងណាមិញ លោកបានសម្ដែងអារម្មណ៍ខកចិត្ត ដែលមិនអាចអញ្ជើញតារាសិល្បៈច្រើននាក់អោយបានចូលរួម ក្នុងពេលដែលតារាភាគច្រើនសុទ្ធតែចង់ទៅកម្មវិធីនោះ ប៉ុន្តែមិនអាចទៅបានច្រើនព្រោះតែនៅឆ្ងាយពេក។
លោកថាតារាសិល្បៈដែលបានអញ្ជើញទៅគឺមានតែចំនួនតិចនាក់ប៉ុណ្ណោះ ប៉ុន្តែម្នាក់ៗសុទ្ធតែបានបង្ហាញនូវទឹកចិត្តតស៊ូ ដោយសុខចិត្តចោលកម្មវិធីសិល្បៈ និងខ្លះតស៊ូទៅបង្ហាញមុខទាំងយប់ក៏មាន ដែលលោកបានអះអាងថាពិតជារឿងខ្លាចចិត្តណាស់ ដែលអ្នកសិល្បៈទាំងនោះមិនចោលកម្មវិធីដែលបានអញ្ជើញ។ លោកគម្រោងសន្សំលុយអោយបានកាន់តែច្រើនពីការសិល្បៈ និងការងារមុខជំនួញដែលចេញបើកហាងនៅម្ដុំទួលសង្កែ ដើម្បីសន្សំលុយទុកគ្រាន់ធ្វើពិធីកតញ្ញូជូនដល់លោកឪពុកអ្នកម្ដាយរបស់លោកម្ដងទៀតនៅពេលណាមួយ។ ការប្រារព្ធពិធីកតញ្ញូកាលពីថ្ងៃទី២៥ កុម្ភៈ មិនមែននឹកឃើញភ្លាមធ្វើភ្លាមនោះទេ គឺលោកចិញ្ចឹមចិត្តចង់ធ្វើចង់កន្លះជីវិតទៅហើយ ជាពិសេសនៅពេលដែលលោកឃើញគ្រួសាររបស់អ្នកមានធូរធារមួយចំនួន គេអាចសងគុណអ្នកមានគុណរបស់គេដោយពិធីមួយនេះបាន តែលោក និងបងៗមិនមានលទ្ធភាព។ ពិធីបុណ្យមួយនេះត្រូវបានចំណាយអស់ច្រើនពាន់ដុល្លារ តែលោកប្រកាសថាគឺទោះជាអស់លើសគម្រោងច្រើនដង ក៏ត្រូវតែធ្វើអោយបានផងដែរ ដើម្បីអោយឪពុកម្ដាយរបស់លោកបានដឹងថា ក្រៅពីការគោរព និងផ្ដល់ការផ្គត់ផ្គង់ក្នុងនាមជាកូន លោក និងបងៗក៏ត្រូវតែស្រាក់ដៃគ្នា ធ្វើបុណ្យសងគុណដល់អ្នកទាំងពីរអោយសប្បាយចិត្តអាយុវែងផងដែរ។
លោកទេព រិទ្ធីនី បញ្ជាក់ថា មកទល់ពេលនេះលោកបានរយាលកាន់តែខ្លាំងពីអាជីពពិធីការិនី បន្ទាប់ពីការសម្ដែងរបស់លោកឈានឡើង។ ក្នុងនោះក៏ទើបកុងត្រាសម្ដែងរឿងថ្មីៗ និងរំពឹងថានឹងកំរើកទីផ្សារខ្លាំង ក្រោយពេលភាពយន្តដែលលោកសម្ងំសម្ដែងកន្លងមក ត្រូវបានដាក់បញ្ចាំងព្រមគ្នាក្នុងពេលខាងមុខផងដែរ។ លោកអះអាងថានឹងស៊ប់អោយកាន់តែខ្លាំងលើការងារសម្ដែង ប៉ុន្តែក៏មិនចោលមុខជំនួញបើកហាងបញ្ចាំ និងលក់ទូរស័ព្ទដែលបានដំណើរនោះផងដែរ ដោយសារតែនោះគឺជាប្រភពចំណូលដ៏ធំ៕
មតិយោបល់