ព័ត៌មានសិល្បៈ និងកម្សាន្ត

យូរី លេងចាស់ដៃ ជាមួយដៃគូ

ការបង្ហាញខ្លួនជាលើកទី១ក្នុងកម្មវិធីតន្ត្រី«TV5 Carabao Spark Concert» កាលពីថ្ងៃទី៤ មីនា នៅភោជនីយដ្ឋានស្ប៉ាកតាវ៉ាន់ដេង តារាចម្រៀងវ័យក្មេងកញ្ញា យូរី និងដៃគូបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងស្ទីលរាំយ៉ាងរស់រវើករបស់អ្នកទាំងពីរ ទាំងបទថ្មី និងបទចាស់ដែលើកយកមកច្រៀង។ ក្រៅតែពីតែងខ្លួនស្រស់ស្អាត និងបង្ហាញឲ្យឃើញនូវភាពស្និទ្ធិស្នាលដូចសព្វសង ស្ទីលរាំរែករបស់តារាចម្រៀងមួយគូនេះកន្ត្រាក់អារម្មណ៍អ្នកទស្សនាឲ្យជាប់ចិត្តខ្លាំងជាងគេ។

អ្នកនាង កែវ សុវណ្ណី អតីតពិធីការិនី និងជាអ្នករៀបចំកម្មវិធីបានអះអាងថា នេះជាព្រឹត្តិការណ៍ដែលប៉ុស្ដិ៍លេខ៥ធ្វើឡើងក្នុងគោលបំណងបង្ហាញវត្តមានតារាល្បីៗ ដែលភាគច្រើនគឺជាតារាយុវវ័យដែលមានការពេញនិយមតែម្ដង។

អ្នកនាងថាព្រឹត្តិការណ៍ប្រគំតន្ត្រីនេះធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ថ្ងៃត្រង់តទៅ ដោយការធ្វើឡើងក្នុងសប្ដាហ៍កន្លងមកទទួលបានជោគជ័យយ៉ាងខ្លាំង។ ជាក់ស្ដែងសូម្បីតែការធ្វើឡើងកាលពីថ្ងៃទី៤ មីនា នោះ ក៏មានអ្នកទស្សនាកកកុញច្រើនដែរ ខណ:ដែលការប្រគំតន្ត្រីនេះក៏មានផ្សាយផ្ទាល់លើផេក ហើយឃើញថាមានការពេញនិយមពីសំណាក់អ្នកលេងហ្វេសប៊ុក។ អ្នកនាងប្រកាសថាជំហានដំបូងក្រុមហ៊ុនខារ៉ាបាវ ដែលជាអ្នកស្ពុនស័រធំ នឹងកុងត្រារយ:ពេល៦ខែ ដោយគម្រោងជាក់ស្ដែងបើទទួលបានការគាំទ្រនឹងបន្ត៦ឆ្នាំទៀត ហើយអាចនឹងធ្វើដោយគ្មានការកំណត់។
អ្នកនាងបានសរសើរចំពោះការបង្ហាញខ្លួនរបស់តារាចម្រៀងទាំងអស់ដែលរួមគ្នាអង្រួនឆាកតន្ត្រីមួយនេះឲ្យផ្ទុះក្នុងប៉ុន្មានសប្ដាហ៍តាំងពីបានបង្កើត។ អ្នកនាងថាតារាយុវ័យល្បីឈ្មោះក្នុងពិភពចម្រៀងនឹងត្រូវវិលជុំបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ បើទោះជាការចំណាយលើតារាចម្រៀងក្នុងមួយសប្ដាហ៍មានកម្រិតខ្ពស់យ៉ាងណា។

ការប្រគំតន្ត្រីដែលទើបតែបញ្ចប់ក្ដៅៗនោះ រួមមានវត្តមានលោក Step តារាចម្រៀងហង្សមាស កញ្ញារ៉ាប៊ី តារាចម្រៀងថោន និងកញ្ញាយូរី តារាចម្រៀងមកពីផលិតកម្មសាន់ដេ។ នៅលើឆាកតន្ត្រីនោះ តារាចម្រៀងទាំំង៣សុទ្ធតែបង្អួតក្បាច់រាំដណ្ដើមយកការចាប់អារម្មណ៍រៀងខ្លួន ប៉ុន្តែគេនៅតែមើលឃើញថាតារាចម្រៀងយូរី និងដៃគូ ទទួលបានភាពលេចធ្លោរជាងគេ ដោយសារតែចម្រៀងប៉ុន្មានបទដែលអ្នកទាំងពីរច្រៀងគឺរស់រវើក ហើយចំពោះស្ទីលរាំក៏មិនធម្មតា។

ចង់ដឹងថាអ្នកទាំងពីរទាក់ទាញយ៉ាងណាលើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥ សូមអញ្ជើញទស្សនា៖

//youtu.be/OWt_iVLByYo

មតិយោបល់