ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃ នរៈវិទូរ រួចផុតពីពន្ធនាគារ

ទើបតែផ្ទុះព័ត៌មានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន យ៉ាងកក្រើកសង្គម Facebook ទាក់ទងនឹងអតីតតារាសម្តែងល្បីឈ្មោះ លោក ថៃ នរៈពិទូ ត្រូវបានប៉ូលីសចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២៣និង២០នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្ចាយប៉ោ ក្រុងបាត់ដំបង ពេលនេះស្រាប់តែឃើញអតីតហ្រ្វេសស៊ីប៊យរូបនេះ លេចមុខយ៉ាងក្រឡឺមជាមួយនឹងឪពុកនៅក្នុងពិធីជួបជុំតារាសិល្បៈ ជាមួយនឹងនាយករដ្ឋមន្ត្រីនៅកោះពេជ្រ។

យោងតាមការបង្ហាញខ្លួនរបស់លោក គឺមានន័យថាលោកបានរួចផុតពីពន្ធនាគារហើយ ដោយគម្រោងនឹងទទួលការងារសិល្បៈជាថ្មីវិញផងក៏មិនដឹង ទើបលោកបង្ហាញមុខយ៉ាងស្រស់សង្ហារបង្អួតភ្នែកអ្នកសិល្បៈ ដែលហាក់ដូចជាលោកបំភ្លេចចោលនូវរឿងអាម៉ាស់ដែលធ្លាប់កើតឡើង។

វត្តមានរបស់លោកនៅក្នុងកម្មវិធីជួបជុំកាលពីថ្ងៃទី៦ មីនា នោះ មិនមានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ដោយលោកអង្គុយនៅនឹងតុមិនសូវញញឹមញញេម និងចេញស្វាគមន៍រាក់ទាក់តារាសិល្បៈនោះផង នៅក្នុងថ្ងៃនោះ។

នៅក្នុងទឹកមុខញញឹមតែបង្កប់នូវភាពអាម៉ាស់នៅឡើយ លោកបានត្រឹមតែឆ្លើយសំណួរខ្លី និងញញឹមនៅពេលមានការសួរនាំប៉ុណ្ណោះ។

នេះជាការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីលោកត្រូវគេដឹងថាបានជាប់ពន្ធនាគារនៅខេត្តបាត់ដំបង ដោយសារតែត្រូវបានគេឃើញថាចេះទាំងជំនាញកែច្នៃគ្រឿងញៀន និងសេពគ្រឿងញៀន ដែលជារឿងដ៏អាស្រូវរបស់លោកកាលពីដើមឆ្នាំ២០១៧។ នៅមិនទាន់ដឹងថាតុលាការនៅខេត្តបាត់ដំបង កំណត់អោយជាប់គុកពិតប្រាកដប៉ុន្មានឆ្នាំនោះទេ ប៉ុន្តែយោងតាមការលេចមុខរបស់លោកនៅក្នុងពិធីជួបជុំនោះ គឺមានន័យថាលោកត្រូវបានតុលាការដោះលែងហើយ ទើបលោកលេចមុខយ៉ាងក្រហឺៗបែបនេះ។ នៅមិនទាន់មានការបញ្ជាក់ពីគ្រួសាររបស់លោក ឬពីលោកថៃ នរៈវិទូរ នៅឡើយទេ ប៉ុន្តែយោងតាមការបង្ហោះកាលពីប៉ុន្មានថ្ងៃរបស់អ្នកស្រី ងិន ម៉ានីយ៉ា បានសរសេរបង្ហោះនូវសារជាច្រើន បង្ហាញថាលោកពិតជាត្រូវបានដោះលែងវិញហើយ ខណៈដែលទោសរបស់លោកត្រូវគេកត់សម្គាល់ថាមានរយៈពេលខ្លី បើធៀបនឹងអ្នកពាក់ព័ន្ធនឹងការកែច្នៃគ្រឿងញៀន និងសេពគ្រឿងញៀនផ្សេងទៀត។

គួរបញ្ជាក់ផងដែរ ប្រតិបត្តិការណ៍ចាប់បានលោកនៅក្នុងពេលនោះ គឺមិនមែនមានតែលោកនោះទេ គឺមានជនពាក់ព័ន្ធរហូតដល់៦នាក់ដោយដកហូតបាន ថ្នាំញៀនប្រភេទកេតាមីន (Ketamine ខេ) ចំនួន ០៣កូនថង់ ទម្ងន់ ០,៨៨ក្រាម ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀនអ៉ិចស្តាស៊ីចំនួន២ ថ្នាំអំពូល Diazepam ចំនួន២អំពូល ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១ បំពង់ទុយោប៉ឺតចំនួន១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន១ដុំ និងសំបកថ្នាំមួយចំនួន។ អ៉ីចឹងហើយ ទើបលោកថៃ នរៈវិទូរ បើទោះជាមានឪពុកគឺថៃ នរៈសត្យា ជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងវប្បធម៌យ៉ាងណាក្ដី ក៏មិនអាចគេចផុតពីសំណាញ់ច្បាប់៕

មតិយោបល់