ខណៈដែលពិធីសម្ពោធរឿង«ផ្ទះចិញ្ចឹមខ្មោច»ត្រូវគេឃើញបើកសម្ពោធក្រោមវត្តមានតារាល្បីៗស្ទើរមួយចំហៀងអ្នកសិល្បៈមិនបាត់អវត្តមាន កាលពីថ្ងៃទី៧ មីនា នៅផ្សារទំនើបសុរិយា ប៉ុន្តែតារាស្រីនាងដេនី ក្វាន់ ដែលជាតួស្រីធំម្នាក់ ហើយក៏ជាភាពយន្តបើកឆាករបស់នាងផង បែរជាបាត់មុខយ៉ាងព្រងើយ។ នាងត្រូវគេឃើញលេចមុខនៅទីក្រុងម៉ាកាវប្រទេសចិន យ៉ាងរំភើយ ដោយខាងផលិតករបញ្ជាក់ថានាងមានភារៈត្រូវចេញទៅក្រៅប្រទេសដោយជៀសមិនផុត ទើបនាំអោយអវត្តមាននាថ្ងៃសម្ពោធធំនោះផង។
ពិធីដែលបានធ្វើឡើងនោះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាសិល្បៈចាស់ថ្មី ដោយក្នុងនោះតារាៗមកពី «គ្រួសារតារាកម្ពុជា» បានបង្ហាញវត្តមានលើសពីលិខិតដែលផ្ដល់ជូនសម្រាប់ទស្សនាទៅទៀត ដោយមានចំនួនប្រមាណជាង១០០នាក់។ យ៉ាងណាមិញ តារាសម្ដែងសំខាន់ៗរួមមាន លោកប៉ីប៉ីឌី បែរជាបង្ហាញខ្លួនយឺតពេល ខណៈដែលតួអង្គសំខាន់មួយរូបទៀត គឺកញ្ញា ដេនី ក្វាន់ បែរជាចេញទៅម៉ាកាវ មិនអាចចូលរួមមកឃើញដោយផ្ទាល់នូវទិដ្ឋភាពយ៉ាងគគ្រឹកគគ្រេងនោះទៅវិញ។ លោកសែម វិសាល ផលិតកររឿងបានអះអាងថា នេះជាភាពយន្តធំមួយដែលលោករំពឹងខ្លាំងពីការគាំទ្រ ទើបលោកធ្វើពិធីសម្ពោធជាទ្រង់ទ្រាយធំ ដោយបើករហូតដល់២Hall ដើម្បីស្វាគមន៍បណ្ដាអ្នកសិល្បៈ និងភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញ។ ភាពយន្តនេះលោកចំណាយប្រមាណជិតជាង៥ម៉ឺន ដោយមិនរាប់បញ្ចូលសម្ភារៈដែលមានខ្លួនឯងស្រាប់ ដែលលោកនិយាយថាបើរាប់ទាំងថ្លៃជួលលើផ្នែកសម្ភារៈផ្សេងៗផង គឺមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ។ លោកថាភាពយន្តនេះ នឹងដាក់បញ្ចាំងលក់សំបុត្រស្វាគមន៍ថ្ងៃ៨ មីនា ចំថ្ងៃសិទ្ធិនារីតែម្ដង ដោយក្រោយពីជោគជ័យក្នុងការដាក់បញ្ចាំងលក់សំបុត្រនៅគ្រប់រាជធានី និងសៀមរាប លោកក៏នឹងយករឿង«ផ្ទះចិញ្ចឹមខ្មោច»ទៅបញ្ចាំងនៅខេត្តផ្សេងៗ និងគម្រោងចេញក្រៅប្រទេសផងដែរ។
នាងគ្រឿន បានអះអាងថានេះជាភាពយន្តមួយ ដែលប្រឹងប្រែងចេញថតមិនថាយប់ថ្ងៃ ដោយក្នុងសាច់រឿងដែលលោកបានសម្ដែងក៏សំបូរដោយប្លង់ស្មុគស្មាញណាស់ដែរ ថ្វីដ្បិតថាអ្នកទស្សនាបានឃើញមួយប្លង់ៗដែលលោក និងតួសម្ដែងទាំងអស់ក្នុងភាពយន្តត្រឹមតែ១ ឬ២នាទី។ លោកថានេះជាភាពយន្តដែលលោកសម្ដែងអោយដំបូងនៅក្នុងផលិតកម្ម«Wonderfilm Cambodian» ប៉ុន្តែលោកក៏មើលឃើញពីសន្ទុះជោគជ័យដូចគ្នាផងដែរ ដោយសារតែភាពយន្តនេះមានសាច់រឿងច្រើនខុសប្លែកពីគេ។ យ៉ាងណាមិញ លោកនៅតែទទូចអ្នកស្រឡាញ់ភាពយន្តខ្មែរចូលរួមទស្សនា ដើម្បីបន្តលើកទឹកចិត្តអោយភាពយន្តទាំងមូលកាន់តែមាននិរន្តរភាពក្នុងការផលិតកុំអោយចុះខ្សោយ។
មតិយោបល់