បន្ទាប់ពីបានជោគជ័យក្នុងរឿង«កំណត់ហេតុនាងនាថ» តារាស្រីកូនកាត់ចាមកញ្ញា ណាតាហ្សា លេចមុខកាន់តែខ្លាំងក្នុងតំណែងជាពិធីការិនី ដែលកាលមុនគេដឹងថានាងធ្លាប់មានជំនាញនេះដែរ តែមិនសូវផ្ទុះខ្លាំងដូចស្នាដៃក្នុងការសម្ដែង។
នាងប្រកាសប្រាប់ថានឹងក្ដោបក្ដាប់តំណែងពិធីការិនីអោយបានជាប់លាប់ ដោយនាងគម្រោងនឹងមុខនៅក្នុងតំណែងនេះអោយបានពេញទំហឹង ដើម្បីបង្កើនប្រជាប្រិយភាពបន្ថែមពីលើការសម្ដែងនោះផង។
ការបង្ហាញវត្តមានក្នុងនាមជាពិធីការិនីលើកទី១ក្នុងពិធីសម្ពោធរឿង«សរសរកន្លោង»មិនសូវធ្វើអោយតារាស្រីកញ្ញា ណាតាហ្សា លេចធ្លោរខ្លាំងក្លាក្នុងនាមជាពិធីការិនីបើសម្ពោធរឿងប៉ុន្មានទេ ដោយសារតែក្នុងពេលនោះមានវត្តមានពិធីការិនីច្រើននាក់លើឆាក ដែលនាំអោយនាងមិនសូវមានឱកាសបង្ហាញសមត្ថភាពក្នុងការលេងសើច និងអត្ថាធិប្បាយ។
ប៉ុន្តែសម្រាប់ការបង្ហាញវត្តមានក្នុងនាមជាពិធីការិនីដូចគ្នា កាលពីថ្ងៃទី៧ មីនា ក្នុងពិធីសម្ពោធរឿង «ផ្ទះចិញ្ចឹមខ្មោច» របស់ផលិតកម្ម Wonderfilm Cambodia ជាមួយដៃគូលោក នាង វ៉ាងសាន់ ពិធីករហង្សមាស គេឃើញតារាស្រីលេចធ្លោរមិនធម្មតានោះទេ ជាពិសេសក្នុងពេលដែលនាងបញ្ចេញសមត្ថភាពនិយាយកំប្លុកកំប្លែងបានល្អ ហើយស៊ីសង្វាក់ជាមួយដៃគូដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ដែលធ្វើអោយអ្នកណាក៏លាន់មាត់ថា នាងក្រៅពីប៉ិនសម្ដែងក្នុងភាពយន្តរឿង«កំណត់ហេតុនាងនាថ» ការពិតជំនាញពិធីការិនីគឺមិនធម្មតា។
ណាតាហ្សា ប្រកាសថានឹងមានជំនាញមួយនេះច្រើនឆ្នាំមកហើយ ប៉ុន្តែបណ្ដាលមកពីនាងជោគជ័យនឹងការសម្ដែងច្រើនជាង ទើបមានអ្នកខ្លះភ្ញាក់ផ្អើលនៅពេលដែលនាងអាចកាន់ក្បាលមេក្រូ ហើយអាចបញ្ចេញភាពប៉ិនប្រសព្វបានមិនចាញ់ពិធីការិនីអាជីព។
នាងនឹងក្ដោបក្ដាប់តំណែងមួយនេះអោយមានការទទួលស្គាល់ជាងការសម្ដែង ដោយនៅអំឡុងមុនចូលឆ្នាំខ្មែរខាងមុខ នាងក៏នឹងកាន់តំណែងជាពិធីការិនីក្នុងព្រឹត្តិការណ៍សង្ក្រានធំមួយ របស់«គ្រួសារតារាកម្ពុជា» ដើម្បីអោយកាន់តែលេចធ្លោរនៅក្នុងសកម្មភាពសប្បុរសធម៌ និងសង្គមដែលនាងពេញចិត្តជួយដោយមិនខ្លាចនឿយហត់។ នាងថាក្នុងពេលខាងមុខ នាងនឹងឈោងអោយបានអាជីពពិធីការិនីទូរទស្សន៍នោះផង ដើម្បីជំនួសអោយការបន្ថយការសម្ដែង ដែលនាងរវល់ខ្លាំងហើយពិបាកទទួល។
ការឈោងចាប់ពិធីការិនីនេះ ក៏ដើម្បីកុំអោយគូស្នេហ៍របស់នាងដែលមិនចង់អោយនាងទទួលសម្ដែងសប្បាយចិត្តផងដែរ ដើម្បីជៀសវាងពីការប្រច័ណ្ឌច្រើន៕
មតិយោបល់